ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋវិទូជុំវិញពិភពលោកមានការព្រួយបារម្ភចំពោះការដែលសហរដ្ឋអាមេរិកបន្តដំឡើងអត្រាការប្រាក់ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះកាន់តែខ្លាំង
2022-11-03 15:44:19cri
Share with:

នៅថ្ងៃទី ៣ ខែវិច្ឆិកា តាមម៉ោងទីក្រុងប៉េកាំង ប្រព័ន្ធរូបិយវត្ថុបម្រុងសហព័ន្ធរបស់សហរដ្ឋអាមេរិកបានប្រកាសថានឹងដំឡើងអត្រាការប្រាក់ចំនួន ០,៧៥%។ នេះគឺជាលើកទី ៤ ហើយដែលប្រព័ន្ធរូបិយវត្ថុបម្រុងសហព័ន្ធរបស់សហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ចំនួន ០,៧៥%ជាប់ៗគ្នា  និងជាលើកទី ៦ ហើយដែលសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់នៅឆ្នាំនេះផងដែរ។ រឿងនេះបានបង្កឱ្យមានការព្រួយបារម្ភនៅជុំវិញពិភពលោក។ យោងតាមការស្ទង់មតិចំពោះសេដ្ឋវិទូចំនួន ១០០ រូបនៅជុំវិញពិភពលោកដែលសហការធ្វើដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយសកលវិទ្យាល័យ Renmin ប្រទេសចិនបានបង្ហាញឱ្យដឹងថា ការដែលអាមេរិកបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះកាន់តែខ្លាំង។ មានសេដ្ឋវិទូ ៩០%ដែលចូលរួមផ្តល់មតិយល់ឃើញថា ហានិភ័យនៃកំណើនអតិផរណានិងភាពជាប់គាំងខាងសេដ្ឋកិច្ចនឹងកើនឡើងដោយសារតែរឿងនេះ ហើយមាន៩៤%យល់ឃើញថា ការដំឡើងអត្រាការប្រាក់ជាប់ៗគ្នាអាចនឹងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានហានិភ័យបំណុលកាន់តែខ្លាំងឡើង។

ពេលមុននេះ ធនាគារពិភពលោកបានព្រមានថា "រលកនៃការដំឡើងអត្រាការប្រាក់" នៅទូទាំងពិភពលោកនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ នៅក្នុងការស្ទង់មតិលើកនេះ មានសេដ្ឋវិទូ ៥៤% សម្គាល់ឃើញថា វិធានការរបស់ប្រព័ន្ធរូបិយវត្ថុបម្រុងសហព័ន្ធនៃសហរដ្ឋអាមេរិកបែបនេះគឺដើម្បីបង្វែរហានិភ័យអតិផរណាក្នុងស្រុកខ្លួនទៅខាងក្រៅ ហើយមានសេដ្ឋវិទូ ៦៧% បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពិចារណាបន្ថែមទៀតអំពីឥទ្ធិពលដែលជះទៅលើសេដ្ឋកិច្ចពិភពលោកនៅពេលដែលខ្លួនដាក់ចេញគោលនយោបាយ ដើម្បីជៀសវាងការធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះកាន់តែខ្លាំងថែមទៀត៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស