ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាននឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ក្រសួងការបរទេសចិន ៖ រួមគ្នាគ្រោងផែនការនិងណែនាំផែនការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាន
2022-10-26 21:07:29cri
Share with:

        ថ្ងៃទី ២៦ ខែតុលា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ លោក Wang Wenbin បានប្រកាសថា លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាននឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះតទៅ ។

លោក Wang Wenbin បានឧទ្ទេសនាមថា  ដំណើរទស្សនកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថានបន្ទាប់ពីចូលកាន់តំណែង ដោយបន្តនូវនិន្នាការវិជ្ជមាននៃការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធថ្នាក់ខ្ពស់រវាងចិននិងប៉ាគីស្ថាន ។ លោក Shahbaz ក៏ជាមេដឹកនាំបរទេសមួយរូបក្នុងចំណោមមេដឹកនាំបរទេសដំបូងគេដែលត្រូវបានអញ្ជើញឱ្យបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ បានបិទបញ្ចប់ដោយជោគជ័យដែលបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពពិសេស និងទំនុកចិត្តលើគ្នាជាយុទ្ធសាស្ត្ររវាងចិននិងប៉ាគីស្ថាន ។       

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិននឹងជួបពិភាក្សាជាមួយលោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថាន មេដឹកនាំនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរទស្សនៈឱ្យស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់រួម រួមគ្នាគ្រោងផែនការ និងណែនាំផែនការអភិវឌ្ឍន៍របស់ទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាន ។

លោក Wang Wenbin បានថ្លែងថា ប្រទេសចិននិងប៉ាគីស្ថាន គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់អាកាសធាតុនិងជាមិត្តដែកថែប ។ តាំងពីបង្កើតទំនាក់ទំនងការទូតជាង ៧០ ឆ្នាំមក ប្រទេសទាំងពីរយល់ដឹងគ្នា ទុកចិត្តលើគ្នា និងគាំទ្រគ្នាទៅវិញទៅមកជាប់ជានិច្ច ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានរួមគ្នាទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 និងគ្រោះមហន្តរាយធម្មជាតិធំៗ បានរួមគ្នាកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានប្រកបដោយគុណភាពខ្ពស់ បានធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយ៉ាងស៊ីជម្រៅ ព្រមទាំងអនុវត្តការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើកិច្ចការអន្តរជាតិនិងកិច្ចការតំបន់ ។ ប្រទេសចិនរំពឹងថា រួមសហការជាមួយភាគីប៉ាគីស្ថាន ចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាកាលានុវត្តិភាពមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់អាកាសធាតុនិងកម្រិតខ្ពស់ កសាងសហគមន៍វាសនាតែមួយរវាងចិននិងប៉ាគីស្ថានកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី និងរួមចំណែកកាន់តែច្រើនសម្រាប់ការគាំពារសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងសច្ចយុត្តិធម៌អន្តរជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស