ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖មហាសមុទ្រមិនមែនជាធុងសំរាមរបស់ជប៉ុននោះទេ!
2022-09-23 12:19:08cri
Share with:

កាលពីថ្ងៃទី២១ខែកញ្ញា សមាគមសង្គមស៊ីវិលមួយចំនួនរបស់ជប៉ុនបានប្រគល់លិខិតស៊ីញ៉េឈ្មោះរួមរបស់មនុស្សប្រហែល៤ម៉ឺន២ពាន់នាក់ទៅឱ្យក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុននិងក្រសួងឧស្សាហកម្មនិងសេដ្ឋកិច្ចជប៉ុន ដើម្បីប្រឆាំងនឹងគម្រោងស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរFukushima ទៅក្នុងសមុទ្រ ហើយទាមទារឱ្យរដ្ឋាភិបាលជប៉ុនប្រើប្រាស់មធ្យោបាយផ្សេងទៀតមកដោះស្រាយបញ្ហាទឹកសំណល់នុយគ្លេអ៊ែរ ។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Kyodo ជប៉ុនឱ្យដឹងថា ចាប់ពីខែមិថុនាឆ្នាំ២០២១មក ទូទាំងជប៉ុនបានប្រមូលលិខិតស៊ីញ៉េឈ្មោះរួមរបស់មនុស្សប្រហែល២សែន២ម៉ឺន១ពាន់នាក់ ។

កាលពីខែមេសាឆ្នាំមុន រដ្ឋាភិបាលជប៉ុនបានប្រកាសនឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រចាប់ពីរដូវផ្ការីកឆ្នាំ២០២៣ឡើងទៅ ។ ដើម្បីលាងជម្រះនូវទង្វើបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ អ្នកនយោបាយជប៉ុនអះអាងថា បន្ទាប់ពីចាត់ចែងតាមរយៈប្រព័ន្ធ ALPS ទឹកសំណល់នុយគ្លេអ៊ែរគឺមានសុវត្ថិភាពដែល អាចផឹកបាន ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ពាក្យសម្តីដែលបោកបញ្ឆោតខ្លួនឯងនេះត្រូវបានការពិតជាក់ស្តែងច្រានចោលឥតឈប់ឈរ រហូតដល់ទទួលសារភាពដោយខ្លួនឯង ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូបានប្រកាសដំណឹងឱ្យដឹងថា បន្ទាប់ពីធ្វើការវិភាគចំពោះសំណាកនៃទឹកសំណល់នុយគ្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរFukushima ដែលត្រូវចាត់ចែងដោយប្រព័ន្ធ ALPS បានរកឃើញថា កំហាប់និងកម្រិតរស់រវើកនៃសារធាតុ Strontium-90 ធា្លប់ឡើងដល់៣ដងនៃស្តង់ដារជាតិជប៉ុន ។ ប្រការទាំងនេះបានបង្ហាញយ៉ាងពេញលេញថា អ្វីដែលហៅថា ទឹកសំណល់នុយគ្លេអ៊ែរដែលត្រូវចាត់ចែងរួចគឺមានសុវត្ថិភាព ពិតជានិយាយពាក្យកុហកទាំងស្រុង ការសង្ស័យរបស់សហគមន៍អន្តរជាតិចំពោះភាពជឿទុកចិត្តនៃទិន្នន័យ ប្រសិទ្ធភាពនៃបរិក្ខារចាត់ចែងទឹកសំណល់និងភាពមិនប្រាកដប្រជានៃផលប៉ះពាល់នៃបរិស្ថានរបស់ភាគីជប៉ុនគឺសមហេតុផលទាំងស្រុង ហើយប្រជាជនជប៉ុនប្រឆាំងរដ្ឋាភិបាលបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រក៏មានហេតុផលផងដែរ ។

តាមលទ្ធផលគណនានៃអង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្ររបស់អាល្លឺម៉ង់បានឱ្យដឹងថា ចាប់ពីថ្ងៃបង្ហូរទឹកសំណល់មក គ្រាន់តែចំណាយរយៈពេល៥៧ថ្ងៃប៉ុណ្ណោះ ទឹកសំណល់នុយគ្លេអ៊ែរដែលជប៉ុនបានបង្ហូរនោះក៏អាចរីករាលដាលទៅដល់តំបន់ភាគច្រើននៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយគ្រាន់តែចំណាយរយៈពេលបីឆ្នាំ វិទ្យុសកម្មនៃទឹកសំណល់នុយគ្លេអ៊ែរក៏នឹងប៉ះពាល់ដល់សហរដ្ឋអាមេរិក កាណាដានិងអូស្ត្រាលី ។ នេះគឺមានន័យថា ប្រជាជននៃប្រទេសនិងតំបន់កាន់តែច្រើនត្រូវប្រឈមមុខនឹងហានិភ័យយ៉ាងខ្លាំង ។

ជប៉ុនជាប្រទេសដែលមានមនសិការៈយ៉ាងខ្លាំងក្នុងការចេះគិតគូរដល់វិបត្តិការនេះអាចរកឃើញពីការដែលជប៉ុនចាត់វិធានការបង្ការគ្រោះមហន្តរាយគ្រប់បែបយ៉ាងដែលប្រហែលនឹងកើតឡើង ដូចជារញ្ជួយដីជាដើម ។ ប៉ុន្តែ បញ្ហាបង្ហូរទឹកសំណល់នុយគ្លេអ៊ែរបែរជាធ្វើឱ្យអ្នកផងទាំងពួងឃើញមួយផ្នែកទៀតរបស់ជប៉ុន ពោលគឺ មិនទទួលខុសត្រូវនិងមិនគិតពីលទ្ធផល ចាត់ទុកមហាសមុទ្រជាធុងសំរាមរបស់ខ្លួនដែលនាំឱ្យទូទាំងពិភពលោកបង់ថ្លៃដោយសារភាពអាត្មានិយមរបស់ជប៉ុន ។

ការចាត់ចែងទឹកសំណល់នុយគ្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរFukushima វាមិនមែនជារឿងផ្ទាល់ខ្លួនរបស់ជប៉ុននោះទេ គឺជាកិច្ចការដែលពាក់ព័ន្ធនឹងសន្តិសុខអេកូបរិស្ថានសមុទ្រទូទាំងពិភពលោកនិងសុខភាពនិងអាយុជីវិតរបស់ប្រជាជនគ្រប់ប្រទេស ។ មិនថាការតវ៉ារួមរបស់ប្រជាជនជប៉ុន ឬក៏ការប្រឆាំងយ៉ាងខ្លាំងរបស់ប្រជាជននៃប្រទេសជិតខាងក៏ដោយ ក៏រដ្ឋាភិបាលជប៉ុនសុទ្ធតែមិនត្រូវធ្វើគរធ្វើថ្លង់ទេ ចាំបាច់ត្រូវយកចិត្តទុកដាក់និងឆ្លើយតបយ៉ាងត្រឹមត្រូវ ហើយបញ្ឈប់អនុវត្តផែនការដ៏មានគ្រោះថ្នាក់ស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រភ្លាម ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស