ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយអំពាវនាវឱ្យជំរុញគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល និងសម្រេចបាននូវការដែលមនុស្សគ្រប់រូបសុទ្ធតែទទួលបានសិទ្ធិមនុស្ស
2022-09-22 14:52:27cri
Share with:

លោកChen Xu តំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានអញ្ជើញចូលរួមការជជែកដេញដោលជាទូទៅលើបញ្ហាសិទ្ធិមនុស្ស បូករួមទាំងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងសិទ្ធិអភិវឌ្ឍន៍ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលើកទី ៥១ កាលពីថ្ងៃទី ២១ ខែកញ្ញា ។ លោកបានថ្លែងសុន្ទរកថាអំពាវនាវឱ្យសហគមន៍អន្តរជាតិជំរុញយ៉ាងប្រាកដប្រជានូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ធានាឱ្យប្រជាជនទទួលបានសិទ្ធិមនុស្សយ៉ាងទូលំទូលាយ ពេញលេញ ពិតប្រាកដ ជាក់លាក់ និងមានប្រសិទ្ធភាពស្របតាមផ្លូវច្បាប់ ដើម្បីស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការសកលស្តីពីការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និងរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

លោក Chen Xu បានសង្កត់ធ្ងន់ទៀតថា ការអភិវឌ្ឍគឺជាមូលដ្ឋានគ្រឹះនៃការទទួលបានសិទ្ធិមនុស្ស។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលលើកឡើងដោយប្រធានរដ្ឋចិនលោក Xi Jinping គឺជាផលិតផលសាធារណៈមួយទៀតដែលប្រទេសចិនបានរួមចំណែកក្នុងការជំរុញបុព្វហេតុសិទ្ធិមនុស្សអន្តរជាតិ។ សហគមន៍អន្តរជាតិបានឆ្លើយតបយ៉ាងសកម្ម ហើយប្រទេសជាង ១០០ បានបង្ហាញពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសនានាដើម្បីតម្កល់ការអភិវឌ្ឍជាកិច្ចការអាទិភាព និងជំរុញយ៉ាងប្រាកដប្រជានូវការអនុវត្តគំនិតផ្តួចផ្តើមនេះ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស