ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដំណើរឆ្លងឆ្នាំពន្លឺ(ភាគទី​ ១) — រឿងរ៉ាវរបស់លោក Nan Rendong អ្នកវិទ្យាសាស្ត្រររបស់ប្រជាជនចិន
2022-08-26 12:07:59cri
Share with:


"ខ្ញុំឈ្មោះ Nan Rendong មកពី NAOC (វិទ្យាស្ថានសង្កេតតារាសាស្ត្រជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន) "។

នៅខែកក្កដាឆ្នាំ ១៩៩៤ នាទីក្រុងប៉េកាំងគឺចំពេលវេលាក្តៅបំផុតក្នុងមួយឆ្នាំ។

លោក Nie Yueping អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបញ្ជាពីចម្ងាយនិងផែនដីឌីជីថលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដៃម្ខាងកំពុងបក់ផ្លិត ហើយដៃម្ខាងទៀតកំពុងកាន់កែវពង្រីកដោយផ្អៀងខ្លួនទៅលើតុ ដើម្បីមើលរូបថតដ៏ធំនៃផ្កាយរណបបញ្ជាពីចម្ងាយ ។

ពេលឮមនុស្សនិយាយរកគាត់នៅក្បែរនោះ Nie Yueping បានងើបក្បាលពីរូបថតនេះ ហើយបានឃើញបុរសម្នាក់អាយុប្រមាណ ៥០ ឆ្នាំកំពុងសម្លឹងមើលគាត់។

 “ លោកគឺ? “

"តើលោកអាចជួយខ្ញុំរករណ្តៅមួយបានទេ?"

"អីគេ?"

Nan Rendong មិនខ្វល់ថា Nie Yueping យល់បានឬអត់នោះទេ គាត់បន្តនិយាយយ៉ាងលឿនទៀតថា "ខ្ញុំចង់ផលិតតេឡេស្កុបវិទ្យុដ៏ធំមួយដែលមានអង្កត់ផ្ចិត ៣០០ ម៉ែត្រ។ បាទ វាមានទំហំប៉ុនតេឡេស្កុប Arecibo របស់សហរដ្ឋអាមេរិក ការចំណាយលើការសាងសង់អគារខ្ពស់នៅលើដីរាបគឺខ្ពស់ពេក ដូច្នេះខ្ញុំត្រូវតែសម្របតាមលក្ខខណ្ឌជាក់ស្តែង និងប្រើប្រាស់សណ្ឋានដីក្នុងការសាងសង់។ លោកសិក្សាខាងភូគព្ភសាស្ត្រ ហើយឥឡូវនេះលោកកំពុងធ្វើការងារពាក់ព័ន្ធផ្កាយរណបបញ្ជាពីចម្ងាយ សូមលោកជួយរករណ្តៅដែលមានអង្កត់ផ្ចិត ៣០០ ម៉ែត្រឱ្យខ្ញុំ !

បន្ទាប់ពី Nan Rendong និយាយចប់ គាត់បានក្រឡេកមើល Nie Yueping យ៉ាងអន្ទះសារ ហើយភ្នែកតូចរបស់គាត់បានបង្ហាញនូវអ្វីដែលខុសពីអាយុរបស់គាត់ គឺជាក្រសែភ្នែកកូនក្មេង។

Nie Yueping ទះថ្ងាសខ្លួនឯង រួចនិយាយថា៖ "លោកនាយករង Nan មែនទេ? ស្ទើតែភ្លេចលោកទៅហើយ។ នៅព្រឹកនេះលោកអគ្គនាយកបានប្រាប់ថា នាយករង Nan នៃNAOC នឹងមករៀបចំការងារជ្រើសរើសទីតាំង"។

Nie Yueping ទាញកៅអីឈើពីរ ហើយអង្គុយទល់មុខ Nan Rendong

Nan Rendong អង្គុយចុះ ហើយចាប់ផ្តើមប្រាប់ពីបំណងរបស់គាត់។

Nie Yueping បានរកឃើញថា ទោះបីជាបុរសចំណាស់នៅពីមុខគាត់ មើលទៅមិនចេះខ្វល់ខ្វាយ ប៉ុន្តែការគិត និងរបៀបធ្វើការរបស់គាត់គឺមុតស្រួចដូចកាំបិត ហើយគាត់នឹងមិនត្រូវបានរំខានពីមជ្ឈដ្ឋានជុំវិញនោះទេ ហើយគាត់តែងតែនិយាយដោយសង្ខេបនិងចំបញ្ហាគន្លឹះ។

នៅពេលនោះ Nan Rendong ទើបតែត្រឡប់មកដល់ប្រទេសចិនវិញបន្ទាប់ពីធ្វើដំណើរបន្តការសិក្សានៅក្រៅប្រទេសអស់រយៈពេល ៨ ឆ្នាំ ។ ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ ក្នុងនាមជាបណ្ឌិតផ្នែករូបវិទ្យាតារាសាស្ត្រ  លោក Nan Rendong បានទៅទស្សនាកន្លែងសង្កេតតារាសាស្ត្រវិទ្យុចំនួនពីរនៅសហភាពសូវៀត ហើយបន្ទាប់មកបន្តធ្វើដំណើរតាមរថភ្លើងទៅកាន់ប្រទេសហូឡង់។ ហើយបន្ទាប់ពីធ្វើការនៅកន្លែងសង្កេតតារាសាស្ត្រនៅហូឡង់មួយរយៈពេលមក លោក  Nan Rendong បានធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសជប៉ុន ។ គាត់ធ្វើជាសាស្រ្តាចារ្យកិត្តិយសនៃមជ្ឈមណ្ឌលង្កេតតារាសាស្ត្រជាតិនៃប្រទេសជប៉ុនរហូតដល់ឆ្នាំ ១៩៩៣  ។

នៅឆ្នាំនោះ មហាសន្និបាតលើកទី ២៤ នៃសហព័ន្ធវិទ្យាសាស្ត្រផ្នែកវិទ្យុអន្តរជាតិ (URSI) បានប្រារព្ធឡើងនៅទីក្រុងក្យូតូ ប្រទេសជប៉ុន។ នៅក្នុងកិច្ចប្រជុំនោះ ក្រុមតារាវិទូបានផ្តួចផ្តើមឱ្យបង្កើតតេឡេស្កុបវិទ្យុដ៏ធំ-LT ឱ្យបានមុនពេលបរិយាកាសអេឡិចត្រូម៉ាញេទិកនៃផែនដីមិនទាន់ធ្លាក់ចុះទាំងស្រុង ដើម្បីសង្កេតមើលលើកចុងក្រោយអំពីរូបរាងដើមនៃការចាប់ផ្តើមបង្កើតចក្រវាឡ ។ អ្នកវិទ្យាសាស្ត្របានឯកភាពគ្នាថា តេឡេស្កុបវិទ្យុដ៏ធំនាពេលអនាគតនឹងត្រូវបានបង្កើតឡើងតាមរូបភាពដេញថ្លៃបែបអន្តរជាតិ ពោលគឺបង្កើតគណៈកម្មការមួយដើម្បីទទួលខុសត្រូវគ្រប់ការងារអំពីការបង្កើតតេឡេស្កុបដ៏ធំនេះ។ ចំពោះកន្លែងសម្រាប់សាងសង់តេឡេស្កុបវិទ្យុនេះវិញ គឺអាស្រ័យដោយគណៈកម្មាធិការជ្រើសរើសនិងសម្រេចចិត្តក្នុងចំណោមសំណើដែលដាក់ជូនដោយប្រទេសបេក្ខភាព។ Nan Rendong បានចូលរួមក្នុងកិច្ចប្រជុំនេះ និងជាអ្នករួមគ្នាផ្តួចផ្តើមគម្រោង LT នេះ។ បន្ទាប់ពីកិច្ចប្រជុំនោះមិនជាយូរប៉ុន្មាន លោក Nan Rendong បានលាលែងពីតំណែងជាសាស្ត្រាចារ្យកិត្តិយសនៅមជ្ឈមណ្ឌលសង្កេតតារាសាស្ត្រជាតិនៃប្រទេសជប៉ុន ហើយបានធ្វើដំណើរតាមយន្តហោះត្រឡប់ទៅប្រទេសចិនវិញ។

សតវត្សរ៍ទី២០ជិតកន្លងផុតទៅហើយ នៅក្នុងសតវត្សរ៍នេះ បច្ចេកវិទ្យារបស់មនុស្សជាតិទទួលបានការវិវឌ្ឍយ៉ាងខ្លាំង ដូចជាអ្វីៗដែលអ្នកទាំងអស់គ្នាបានស្គាល់មាន យន្តហោះ កុំព្យុទ័រ គ្រាប់មីស៊ីលនុយក្លេអ៊ែរជាដើម។ យកតារាសាស្ត្រដែលខ្ញុំស្គាល់ច្បាស់បំផុតជាឧទាហរណ៍ របកគំហើញផ្នែកតារាសាស្ត្រថ្មីទាំង៤បានបង្កើតនៅសតវត្សរ៍នេះ។ តែរបកគំហើញវិទ្យាសាស្ត្រទាំងនេះគ្មានទំនាក់ទំនងអ្វីជាមួយនឹងប្រជាជនចិនទេ។ ”Nan Rendongបែកញើសយ៉ាងខ្លាំងពេលគាត់និយាយ ហើយយកដៃបក់ផ្លិតយ៉ាងខ្លាំង។

មូលហេតុដែលប្រទេសចិនយើងថយចុះផ្នែកបច្ចេកវិទ្យាមូលដ្ឋាន គឺដោយសារយើងគ្មានបរិក្ខារវិទ្យាសាស្ត្រធំៗរបស់ខ្លួនឯង។ខ្ញុំយល់ឃើញថា គម្រោងតេឡេស្កូវិទ្យុអន្តរជាតិដ៏ធំលើកនេះ គឺជាកាលានុវត្តភាពសម្រាប់ប្រទេសចិន។ តើយើងអាចដណ្ដើមយកគម្រោងនេះឱ្យប្រទេសចិន ដូចយើងស្នើសុំសិទ្ធិរៀបចំការប្រកួតកីឡាអាស៊ីបានទេ? ប្រសិនបើធ្វើឱ្យតេឡេស្កូវិទ្យុដ៏ធំនេះមកនៅក្នុងប្រទេសចិន  អ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិនមានលទ្ធភាពធ្វើរបកគំហើញធំទី៥ផ្នែកតារាសាស្ត្របាន! អូ បាទ វាប្រហែលជាយឺតពេលហើយ។ក្នុងរបកគំហើញតារាសាស្ត្រសំខាន់ៗចំនួនបួនក្នុងសតវត្សរ៍ទី២១ ត្រូវតែមានប្រទេសចិន!

    Nan Rendongបក់ផ្លិតខ្លាំងៗ ហើយសម្លឹងមើលNie Yuepingចំៗ ដើម្បីមើលទឹកមុខរបស់គាត់។

Nie Yueping អង្គុយត្រង់ ហើយនិយាយថា៖ លោកគ្រូNan ពិព្រោះនេះជារឿងមានអំណោយផលដល់ប្រទេសនិងប្រជាជន នេះជាកាតព្វកិច្ចរបស់ខ្ញុំ។តើលោកយល់ឃើញថា ខ្ញុំអាចជួយលោកបែបណាបាន?”

 “ល្អណាស់!អ្វីដែលខ្ញុំចង់បានគឺពាក្យសម្តីនេះ!ថ្ងៃនេះសូមបញ្ចប់ជំហានទីមួយជាមុនសិន។ខ្ញុំសូមសួរថា តើលោកអាចរកឃើញរណ្តៅដ៏ធំបែបនេះនៅឯណាក្នុងប្រទេសចិន? រណ្ដៅអង្កត់ផ្ចិតជាង៣០០ម៉ែត្រ ហើយភូគព្ភសាស្ត្រស្ថិតស្ថេរ មិនលិចទឹក កម្រមានមនុស្សទៅ ហើយមិនមានរលកសញ្ញាវិទ្យុ។"

 “ខេត្តGuizhou

 “តើលោកប្រាកដទេ? មិនឱ្យជម្រើសផ្សេងទុកសម្រាប់ខ្ញុំទេ?”

លោកបាននិយាយហើយ ខ្ញុំធ្វើការងារផ្នែកបញ្ជាផ្កាយរណប។ ដែនដីរបស់ចិនគ្មានកន្លែងណាមួយដែលខ្ញុំមិនស្គាល់នោះទេ។ បូកសរុបលក្ខខ័ណ្ឌទាំងអស់ដែលលោកបានលើកឡើង ទីតាំងតែមួយគត់អាចបំពេញលក្ខខ័ណ្ឌនេះបាន គឺខេត្តGuizhou។ នៅទីនោះ ជាភូមិសាស្ត្រទម្រង់ដីKarst ហើយមានរណ្តៅធម្មជាតិធំៗជាច្រើន។

ខ្ញុំទុកពេលឱ្យលោកមួយខែ ហើយអនុញ្ញាតជាពិសេសឱ្យលោក ជិះយន្តហោះជើងទីមួយនៅព្រឹកថ្ងៃស្អែកទៅកាន់ខេត្តGuizhou ដើម្បីជ្រើសរើសរណ្តៅដែលសមរម្យសម្រាប់ខ្ញុំ។ ចាំខ្ញុំទៅសម្របសម្រួលជាមួយថ្នាក់ដឹកនាំរបស់លោក!លោកNan Rendongក្រោកឈរឡើង ប្រើផ្លិតទះលើស្មាលោក Nie Yuepingតិចៗ។

ពាក់កណ្តាលឆ្នាំកន្លងទៅនេះ លោកNie Yuepingបានធ្វើដំណើរទៅតំបន់ភាគច្រើននៅខេត្តGuizhou រួមផ្សំជាមួយនឹងរូបភាពពីចម្ងាយពីផ្កាយរណប គាត់បានសិក្សារណ្តៅតូចធំជាង១០០រណ្ដៅ។ បន្ទាប់ពីត្រឡប់មកវិញ លោកNie Yuepingបានប្រមូលកម្លាំងសរសេរ «របាយការណ៍ជ្រើសរើសទីតាំងនៃគម្រោងតេឡេស្កូវិទ្យុដ៏ធំរបស់ចិន»

រសៀលមួយនៅរដូវក្តៅ នៅក្នុងទីធ្លាគ្រួសារនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន លោកZhou Guangzhao រូបវិទូថាមពលខ្ពស់ដ៏ល្បីឈ្មោះរបស់ចិន និងជានាយកបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនកំពុងដើរក្នុងទីធ្លាគ្រួសារ ដោយដៃមានកាន់កាបូបយួររបស់គាត់ ហើយរៀបចំត្រឡប់ទៅការិយាល័យវិញ ដើម្បីចាប់ផ្តើមការងារជុំទីពីររបស់គាត់នៅថ្ងៃនេះ។

    ពេលត្រឡប់មកដល់ការិយាល័យ លោកZhou Guangzhaoបានអង្គុយចុះ ហើយយកលិខិតក្រាស់ៗចេញពីកន្ត្រកឯកសារ។ វាបានក្លាយជាទម្លាប់របស់គាត់ទៅហើយ ដែលគាត់ប្រើពេលល្ងាចដើម្បីអានលិខិតពីបុគ្គលិកនៅក្នុងបណ្ឌិត្យសភា។

"អូ? លិខិតនេះក្រាស់ណាស់"

ស្រោមលិខិតពណ៌លឿងក្រាស់មួយបានរអិលចេញពីគំនរលិខិត ហើយបានទាក់ទាញចំណាប់អារម្មណ៍របស់លោក Zhou Guangzhao

លោក Zhou Guangzhao បានយកលិខិតចេញពីស្រោម រួចទើបរកឃើញថាលិខិតនេះពិតជាមានអត្ថន័យសំបូរបែប មានទាំងអត្ថបទ មានទាំងតារាងគំនូស។ លោក Zhou Guangzhao បានលាតលិខិតដែលមានអត្ថបទសិន ដោយបានឃើញអក្សរតូចៗដ៏ស្រស់ស្អាតលើលិខិត។

"សរសេរស្អាតមែន!"

លោក Zhou Guangzhao បានយកឧបករណ៍ពង្រីកចេញពីថតតុ ហើយអានដោយម៉ត់ចត់។

"ជំរាបសួរ លោកនាយក Zhou ជាទីគោរព... "

លោកZhou Guangzhao កាន់តែអានទៅមុខ ចិញ្ចើមរបស់គាត់កាន់តែតឹង ហើយទឹកមុខរបស់គាត់កាន់តែផ្ដោតអារម្មណ៍។ បន្ទាប់ពីបានអានអត្ថបទចប់ គាត់បានយកតារាងគំនូសដែលភ្ជាប់នឹងលិខិតមកមើលដោយយកចិត្តទុកដាក់។ បន្ទាប់ពីបានមើលតារាងគំនូសហើយ លោកZhou Guangzhao បានយកលិខិតអត្ថបទនោះចេញមកម្ដងទៀត ហើយមើលផ្នែកបញ្ចប់នៃលិខិតយ៉ាងយកចិត្តទុកដាក់។

«សំឡេងរោទ៍ទូរស័ព្ទ!»

ព្រឹកថ្ងៃនេះ ខណៈពេលដែល លោកNie Yueping ទើបចូលការិយាល័យ មិនទាន់អង្គុយចុះផង ទូរសព្ទនៅលើតុបានរោទិ៍ឡើង។

"លោកNie Yuepingមែនទេ? ខ្ញុំ Guo Huadong សូមលោកអញ្ជើញមកការិយាល័យរបស់ខ្ញុំបន្តិច!"

អ្នកដែលទូរស័ព្ទមកនេះ គឺជាប្រធានវិទ្យាស្ថានបញ្ជាពីចម្ងាយនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ស្ដាប់សម្ដីរបស់លោកមើលទៅ លោកប្រធានហាក់ដូចជាខឹងខ្លាំងណាស់។

លោកNie Yueping មិនដឹងថាតើមានរឿងអ្វីទេ គាត់ទម្លាក់ទូរសព្ទចុះ ហើយដើរទៅកាន់ការិយាល័យប្រធានដោយអារម្មណ៍មិនស្ងប់។

"ជម្រាបសួរលោកប្រធាន។"

"Nie Yueping! លោកចេះតែធ្វើទៅរួចកើត!" ទឹកមុខរបស់ Guo Huadong តឹងតែងប្លែកពីធម្មតាណាស់ ដោយឃើញ Nie Yueping ចូលមកហើយ មិនបានអញ្ជើញឱ្យ Nie Yueping អង្គុយដូចធម្មតាទេ។

«លោកប្រធាន លោកប្រធានមានន័យថាម៉េច

«ទៅសុំដល់លោកនាយកហើយមែនទេ! លោកនាយករវល់ការងារទាំងយប់ទំាងថ្ងៃ!ហេតុអ្វីទៅរំខានគាត់!ធ្វើអញ្ចឹងមានប្រយោជន៍អ្វីដល់ខ្ញុំ ឬក៏វិទ្យាស្ថានបញ្ជាពីចម្ងាយយើងទេ?

លោក Guo Huadong មិនបានសម្លឹងមើលចំលោក Nie Yueping ដោយផ្ទាល់ទេ។ លោកបានបើកកញ្ចប់ឯកសារ យកលិខិតអនុញ្ញាតមួយច្បាប់ចេញមក ហើយដាក់វានៅលើតុ រួចនិយាយថា "លោកនាយក Zhou បានអានសំបុត្ររបស់លោកហើយ លោកបានយល់ព្រមសំណើហើយផ្ដល់ប្រាក់៦ម៉ឹន យាន់ប្រាក់ចិនពីមូលនិធិនាយក ដើម្បីប្រើជាមូលនិធិសកម្មភាពសម្រាប់គម្រោងវិទ្យុរលក។ កុំគិតថាវាតិចពេក។ យកលិខិតនេះទៅផ្នែកហិរញ្ញវត្ថុដើម្បីបំពេញបែបបទទៅ។

"៦ម៉ឹនយាន់ប្រាក់ចិន!" Nie Yueping បានឮតួលេខនេះហើយ សឹងតែមិនអាចឮច្បាស់ពីអ្វីដែលលោក Guo Huadong និយាយទៀត។ ៦ម៉ឹនយាន់ប្រាក់ចិន គឺជាលុយដ៏ច្រើននៅក្នុងប្រទេសចិននៅពេលនោះ!

អរគុណលោកប្រធាន!លោកNie Yuepingទទួលលិខិតដោយដៃពីរ ហើយចាកចេញទៅ។

"ឈប់សិន" លោកGuo Huadongហៅគាត់ពីខាងក្រោយ ហើយសំឡេងរបស់គាត់បន្ទន់មកធម្មតាបានខ្លះ។ "៦ម៉ឹនយាន់ប្រាក់ចិននេះគឺបណ្ឌិតសភាជាអ្នកឱ្យទៅលោក។ ពេលលោក ត្រឡប់ទៅវិញ ធ្វើបញ្ជីមួយទៀត គណនាឱ្យច្បាស់នូវការខ្វះខាតនៃមូលនិធិ ហើយធ្វើរបាយកាណ៍ឱ្យខ្ញុំ។ ខ្ញុំនឹងរកដំណោះស្រាយផ្សេងទៀត»

«លោកប្រធាន!!» Nie Yueping រំជួលចិត្តយ៉ាងខ្លាំង ។

" លោកប្រាប់លោក Nan ថា បើខ្ញុំមិនគាំទ្រគម្រោងនេះទេ ខ្ញុំនឹងសុំទោសចំពោះប្រទេសជាតិ!"

ក្រោយមក លោក Guo Huadong បានប្រមូលប្រាក់ចំនួន២០ម៉ឹន យាន់ពីវិទ្យាស្ថានបញ្ជាពីចម្ងាយ ដោយបានដោះស្រាយជាបណ្តោះអាសន្ននូវតម្រូវការបន្ទាន់សម្រាប់ការងារបឋមនៃគម្រោងតេឡេស្កុបវិទ្យុដ៏ធំ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស