ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអនុវត្តគោលនយោបាយគ្មានជំងឺកូវីដ១៩ គឺជាជម្រើសប្រកបដោយប្រសិទ្ធភាពក្នុងការស្តារកំណើនសេដ្ឋកិច្ចចិនបានយ៉ាងល្អ
2022-04-26 18:08:59cri
Share with:

វីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុង អាចឆ្លងឆាប់រហ័សជាងវីរុសកូវីដ១៩ប្រភេទមុនៗ ហើយរោគសញ្ញានៃការឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុង ក៏មិនងាយបង្ហាញចេញផងដែរ ដែលធ្វើឲ្យការស្វែងរកអ្នកឆ្លងវីរុសប្រភេទថ្មីនេះ ជួបប្រទះការលំបាកជាងមុន។ អ្នកជំនាញផ្នែកសុខាភិបាលបានអះអាងថា ការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង គឺលំបាកជាងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ប្រភេទដែលតា រហូតដល់ទៅជាង១០ដង។

ចាប់តាំងពីពេលដែលជំងឺកូវីដ១៩បានផ្ទុះឡើងនាគ្រាដំបូង ប្រទេសចិនបានប្រកាន់យកនិងអនុវត្តគោលនយោបាយគ្មានជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ហើយនាពេលបច្ចុប្បន្ន ប្រទេសចិន នឹងនៅតែបន្តអនុវត្តគោលនយោបាយគ្មានជំងឺកូវីដនេះ ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការកើនឡើងវិញនូវការឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុង។ គោលនយោបាយគ្មានជំងឺកូវីដ របស់ប្រទេសចិន គឺជាយុទ្ធសាស្រ្តមួយដែលប្រើប្រាស់វិធានការឆាប់រហ័ស ម៉ឺងម៉ាត់ និងតឹងរ៉ឹង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះ និងកាត់បន្ថយចំនួនអ្នកឆ្លង ចំនួនករណីធ្ងន់ធ្ងរ និងចំនួនអ្នកស្លាប់។ ជារួម គោលនយោបាយនេះ មានគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះឲ្យបានក្នុងរយៈពេលខ្លីបំផុតតាមដែលអាចធ្វើទៅបាន។

នៅគ្រាដំបូង បស្ចិមប្រទេសនានា បានរិះគន់វាយប្រហារយុទ្ធសាស្រ្តគ្មានជំងឺកូវីដ១៩ របស់ប្រទេសចិន ប៉ុន្តែក្រោយមកពួកគេក៏បានអនុវត្តយុទ្ធសាស្រ្តដូចគ្នានេះផងដែរ។ ប៉ុន្តែពួកគេអនុវត្តដោយមិនពេញលេញនិងមិនម៉ឺងម៉ាត់ ដែលបង្កឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសពួកគេ ដោយមនុស្សជាច្រើនបានឆ្លងវីរុសកូវីដ១៩និងបានស្លាប់។

តែផ្ទុយទៅវិញ នៅមុនពេលនៃការផ្ទុះឡើងវិញនាពេលថ្មីៗនេះ ប្រទេសចិនទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ គោលនយោបាយគ្មានជំងឺ       កូវីដ១៩ នេះហើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ចំនួនអ្នកជំងឺធ្ងន់ធ្ងរ និងចំនួនអ្នកបាត់បង់ជីវិត នៅក្នុងប្រទេសចិន ស្ដិតនៅក្នុងកម្រិតទាប បើទោះបីជាប្រទេសចិនមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកក៏ដោយ។

ជាងនេះទៅទៀត គោលនយោបាយនេះ បានជួយប្រទេសចិនឲ្យរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានិងកីឡាអូឡាំពិកជនពិការដូវរងាប្រកបដោយសុវត្ថិភាព កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ។ គោលនយោបាយនេះ ក៏ជាកត្តាចម្បងមួយដែលធ្វើឲ្យប្រទេសចិនអាចស្ដារកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២១កន្លងទៅ ប្រទេសចិនទទួលបានកំណើនសេដ្ឋកិច្ចដ៏ខ្ពស់រហូតដល់៨.១%។ ការទប់ស្កាត់ជំងឺរាតត្បាតដ៏មានប្រសិទ្ធភាពបែបនេះ បានជួយប្រទេសចិនក្នុងការរក្សាស្ថេរភាពនៃខ្សែចង្វាក់ឧស្សាហកម្មនិងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពិភពលោក និងបានប្រែក្លាយប្រទេសចិនទៅជាអ្នករួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការផ្ដល់សម្ភារៈ ឱសថ និងវ៉ាក់សាំងកូវីដ១៩ ទៅឲ្យប្រទេសកំពុងអភិវឌ្ឍនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាងពីរពាន់លានដូសទៅឲ្យប្រទេសនានា ដែលធ្វើឲ្យប្រទេសចិនក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ធំជាងគេបំផុតនៅក្នុងពិភពលោក។

គោលនយោបាយគ្មានជំងឺកូវីដ១៩ គឺជាយុទ្ធសាស្រ្តមួយដែលផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងត្រូវបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលក្នុងរយៈពេលត្រឹមតែពីរបីសប្ដាហ៍ ។ តាមរយៈការអនុវត្តគោលនយោបាយគ្មានជំងឺកូវីដនេះ ទីក្រុងហ្សិនចិន ដែលជាទីក្រុងដ៏ធំមួយដែលមានប្រជាជនជាង១៧លាននាក់ អាចគ្រប់គ្រងការរីករាលដាលវីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុង ក្នុងរយៈពេលត្រឹមមួយខែ។  

ជោគជ័យនាពេលកន្លងមកទាំងនេះ គឺជាភ័ស្តុតាងដ៏រឹងមាំដែលបង្ហាញថា គោលនយោបាយគ្មានជំងឺកូវីដ១៩ ពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឹកូវីដ១៩។ ជោគជ័យទាំងនេះ បានពង្រឹងការជឿជាក់របស់សាធារណជនទៅលើគោលនយោបាយគ្មានជំងឺកូវីដ១៩ ហើយប្រជាជនគ្រប់មជ្ឈដ្ឋាន បានគាំទ្រយ៉ាងពេញទំហឹងនិងចូលរួមអនុវត្តគោលនយោបាយនេះយ៉ាងសស្រាក់សស្រាំ។ ប្រជាជនគ្រប់មជ្ឈដ្ឋានបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងការធ្វើតេស្តស្វែងរកវីរុសកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ និងអនុវត្តវិធានការគ្មានកូវីដ១៩។

ជាមួយនឹងឆន្ទៈមោះមុត បទពិសោធន៍និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩របស់រដ្ឋាភិបាលចិន និងដោយមានការគាំទ្រនិងចូលរួមយ៉ាងពេញទំហឹងពីប្រជាជនគ្រប់មជ្ឈដ្ឋាន គេរំពឹងថាការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ នឹងត្រូវគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាព ហើយស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិន នឹងវិលមករកសភាពធម្មតាវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស