孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គំនិតផ្តួចផ្តើមនយោបាយ៥ចំណុចរបស់លោកស៊ីជីនភីងជាផែនការសកម្មភាពថ្មីមួយសម្រាប់ការអភិវឌ្ឍដោយសន្តិភាពនិងការបង្រួបបង្រួមមាតុប្រទេសចិន

2019-01-04 12:40:26 cri

    នៅដើម​ឆ្នាំថ្មីឆ្នាំសកល​ ក្រុងប៉េកាំង​បានរៀបចំ​មហាមីទីញ​យ៉ាងឱឡារិក​ ដើម្បី​រំលឹកខួប​ទី៤០នៃ​ការដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​ប្រកាស​លិខិតជម្រាប​ជូនបងប្អូន​ជនរួមជាតិ​តៃវ៉ាន់​ ។ លោក​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​ថ្លែងសុន្ទរកថា​ដ៏សំខាន់អំពី​ទំនាក់ទំនង​រវាង​ត្រើយទាំង​សងខាង ​ដោយ​គូសបញ្ជាក់ថា​ ការសម្រេច​បាននូវ​ការបង្រួបបង្រួម​ប្រទេសចិន​ទាំងស្រុង​ជាភារកិច្ច​ប្រវត្តិសាស្ត្រ​មិន​សាបសូន្យ​របស់​បក្ស​កុម្មុយនិស្តចិន​ រដ្ឋាភិបាលចិន​និងប្រជាជនចិន ។ ​ក្នុង​ដំណើរការ​នៃ​ការសម្រេច​បាននូវ​សុបិនដ៏​មហិមា​នៃការធ្វើឲ្យ​​ប្រទេសជាតិចិន​ងើបឡើងវិញ​ ប្រទេសចិន​ចាំបាច់​ត្រូវតែ​រួបរួមគ្នា ហើយក៏​មុខជានឹង​រួបរួម​មិនខាន ។

    អ្នក​​វិភាគ​បាន​បញ្ជាក់​ថា​  នៅ​​ក្នុង​សន្ទរកថារបស់​លោក​ស៊ីជីនភីង​បាន​អំពាវនាវ​ឲ្យ​ជន​ជាតិ​ចិនត្រើយ​ទាំង​សងខាង​នៃ​ច្រកសមុទ្រ​តៃវ៉ាន់​ព្រម​ទាំង​ជនជាតិ​ចិន​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​រួមគ្នា​ខិតខំប្រឹងប្រែង​ដើម្បី​ពង្រឹងនិង​ពង្រីក​ទំនាក់ទំនងរវាង​ត្រើយ​ទាំង​សងខាង​នៃ​ច្រកសមុទ្រតៃវ៉ាន់​ដោយ​សន្តិវិធី​និង​ជំរុញ​ដំណើរ​ការ​នៃ​ការ​បង្រួបបង្រួម​ជាតិចិន​ដោយ​សន្តិវិធី​តាមរយៈគំនិតផ្តួចផ្តើមនយោបាយ​​​ចំនួន​ ៥ ចំណុចរបស់​លោក​ស៊ីជីនភីង ពោលគឺ​ការ​ពួតដៃ​គ្នា​ជំរុញ​ការ​ស្តារ​ភាព​រុងរឿង​​របស់ប្រជាជាតិ​ចិនឡើងវិញ ការ​ស្វែងរក​គម្រោងតៃវ៉ាន់​ស្តីពី​ប្រទេស​មួយ​​ ប្រព័ន្ធ​គ្រប់គ្រង​ពីរ​​​ ការ​ប្រកាន់ខ្ជាប់​គោលការណ៍​មានប្រទេស​ចិន​តែ​មួយ​ ​ការ​ធ្វើ​សមាហរណកម្ម​នូវ​ការ​អភិវឌ្ឍនៃ​ត្រើយ​ទាំង​សងខាង​​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​ការសម្រេច​ការ​យល់​ចិត្ត​គ្នា​របស់​​បងប្អូន​រួមជាតិ​  ។ ​គំនិតផ្តួចផ្តើម​នយោបាយចំនួន​៥ ចំណុច​​របស់​លោក​ស៊ី​ជីនភីង​​នេះ​គោរព​តាម​គោលការណ៍​នៃការ​បង្រួប​បង្រួម​ដោយ​សន្តិវិធី​ មិនត្រឹម​តែ​មានគោល​ដៅ​វែង​ឆ្ងាយ​ប៉ុណ្ណោះទេ​ ថែម​ទាំង​បាន​ចង្អុល​បង្ហាញ​ពី​ទិសដៅ​និង​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ត្រើយ​ទាំង​សងខាង​នៃ​ច្រកសមុទ្រ​តៃវ៉ាន់ ​ ពោល​គឺ​​​អាចអនុវត្ត​ជាក់​ស្តែង​បាន​យ៉ាង​ល្អ​ប្រសើរ​ ។

    និយាយជាពិស្តារ ​“ គំនិត​ផ្តួច​ផ្តើម​នយោបាយ​ទាំង ៥ ​ចំណុច​របស់​លោក ស៊ី ជីនភីង​ ” មិនត្រឹមតែ​បាន​បង្ហាញ​ថា​គោលដៅ​នៃការបង្រួប​បង្រួម​ដោយ​សន្តិវិធី​របស់​ប្រទេស​ចិន​គឺ​ជំរុញ​ការងើបឡើង​វិញ​នៃ​ប្រជាជាតិ​ចិន​​ប៉ុណ្ណោះ​ទេ​​ ​ថែមទាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​​ធ្វើ​ការពិគ្រោះ​​ពិភាក្សា​​លើ​គោលជំហរ​ស្មើភាព​នូវ​គម្រោង​តៃវ៉ាន់​ស្តីពី ​“ប្រទេស​មួយ​របប​ពីរ​” ​ជាមួយ​គ្រប់​មជ្ឈដ្ឋាន​តៃវ៉ាន់​ ​ក៏​ដូចជា​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​ដោយ​រួមបញ្ចូលគ្នា​​​កាន់តែ​ស៊ី​ជម្រៅ​ក្នុង​វិស័យ​ដូចជា​ ​សេដ្ឋកិច្ច ​វប្បធម៌ ​ថែទាំ​សុខភាព ​ការធានារ៉ាប់រ៉ង​សង្គម​ ​នៃ​ត្រើយ​ទាំង​សងខាង​  ​ដើម្បី​បង្កើត​ទំហំ​ទូលំទូលាយ​សម្រាប់​ការបង្រួប​បង្រួម​ដោយ​សន្តិវិធី ​។​​ព្រមពេលជាមួយនេះ ​ក៏​បាន​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ថា ​ដាច់ខាត​មិន​ផ្តល់​ឱកាស​ណាមួយ​ដល់​សកម្មភាព​បំបែក​“​ឯករាជ្យ​នៃ​តៃវ៉ាន់” ​ឡើយ។​

    កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​ប្រទេស​ចិន​បាន​អបអរ​សាទរ​​ខួប​ទី ៤០ ​នៃ​កំណែ​ទម្រង់​និងការបើក​ទូលាយ​យ៉ាង​​ឱឡារិក​​​។ ​រយៈពេល​​ ៤០  ឆ្នាំ​កន្លង​មក​នេះ​ ​មិន​ត្រឹមតែ​បាន​ផ្លាស់ប្តូរ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ​ក៏​បាន​ផ្លាស់ប្តូរ​ផែនទី​ពិភពលោក​ផង​ដែរ ​ពោលគឺ៖ ​តំបន់​ចិន​ដី​គោក​​បាន​ស្ថិត​នៅ​​លំដាប់​​ទី ២ ​នៃ​តួអង្គ​សេដ្ឋកិច្ច​ឈានមុខ​លើ​ពិភពលោក​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដោយ​មាន​ទុន​បម្រុង​ទុក​​បរទេស​​ច្រើន​ជាងគេ​​លើ​លោក​  ​ជា​ដៃគូ​ពាណិជ្ជកម្ម​​ធំ​បំផុត​​សម្រាប់​ប្រទេស​និង​តំបន់​ចំនួន​ជាង​ ១២០  ​​ហើយ​បាន​ផ្តល់​វិភាគទាន​លើស​ពី​ ៣០ % ​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។  ​នៅ​ពេល​​ដែល​ចិន​កំពុង​​ត្រឡប់​មក​​​ឋានៈ​ជា​ប្រទេស​ធំ​​ប្រពៃណី​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​  ​របៀប​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​​គឺ​ជា​របៀបវារៈ​ដ៏​ធំ​និង​សំខាន់​នៃ​​ប្រទេសជាតិ​។

    ជាការពិត មិនថា​នរណា​កាន់អំណាច​នៅ​តៃវ៉ាន់ ឬ​កាន់អំណាច​នៅ​កន្លែងណា បើ​សម្លឹងមើល​ឲ្យបាន​វែងឆ្ងាយ សុទ្ធតែ​មិនអាច​ចាកចេញពី​ការអភិវឌ្ឍ​របស់​មហាដីគោក​ចិន ។ គំនិត​ផ្តួចផ្តើម​នយោបាយ ៥ ចំណុច​របស់​លោកស៊ីជីនភីង​បាន​ចង្អុលបង្ហាញ​ទិសដៅ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ត្រើយ​ទាំងសងខាង​ច្រកសមុទ្រ​តៃវ៉ាន់ ។ លោក​ស៊ីជីនភីង​បាន​លើកឡើងថា គួរតែ​ជំរុញ​យ៉ាងសកម្ម​នូវប្រព័ន្ធ​សហប្រតិបត្តិការ​ខាងសេដ្ឋកិច្ច​រវាង​ត្រើយ​ទាំងសងខាង បង្កើត​ទីផ្សាររួម រហូតដល់ទៅ​អាច​សម្រេច​ការតភ្ជាប់​បណ្តាញទឹក អគ្គិសនី ឧស្ម័នធម្មជាតិ​និង​ស្ពាន​រវាង​ស្រុកJinmen ស្រុកMazu​នៃតំបន់​តៃវ៉ាន់​និង​តំបន់​តាមសមុទ្រ​នៃខេត្ត​Fujian ។ ទន្ទឹមនឹង​ការធ្វើឲ្យ​ស៊ីជម្រៅ​និង​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​រវាង​ត្រើយ​ទាំងសងខាង ការបង្រួបបង្រួម​នឹងអាច​ជា​រឿងធម្មជាតិម្យ៉ាង​ក្នុង​កម្រិតណាមួយ ។

    ការធ្វើ​សមាហរណកម្ម​ផ្នែកសេដ្ឋកិច្ច​ហាក់ដូចជា​hardware​សម្រាប់​ការបង្រួបបង្រួម​ត្រើយ​ទាំងសងខាង រីឯ​ការយល់ចិត្តគ្នា​នៃប្រជាជន​ត្រើយ​ទាំងសងខាង​គឺហាក់ដូចជា​software ទាំងនេះ​គឺជា​មូលដ្ឋាន​សំខាន់​សម្រាប់​សម្រេចបាន​នូវការបង្រួបបង្រួម​ត្រើយ​ទាំងសងខាង​ដោយសន្តិវិធី​និង​ធានា​ការអភិវឌ្ឍ​ដោយចីរភាព ។ វប្បធម៌​ប្រជាជាតិចិន​ជា​ចំណង​រឹងមាំ​សម្រាប់​តភ្ជាប់​ប្រជាជន​ត្រើយ​ទាំងសងខាង ការផ្លាស់ប្តូរ​ធនធានមនុស្ស​អាច​បង្កើន​ការស្វែងយល់គ្នា​និង​ការទទួលស្គាល់គ្នា ហើយ​ក៏អាច​ទទួលបាន​មូលដ្ឋានគ្រឹះ​នៃគំនិត​សាធារណៈ​សម្រាប់​ការបង្រួបបង្រួម​នៅ​ពេលអនាគត ។

    នៅក្នុង​គំនិតផ្តួចផ្តើម​នយោបាយ​ចំនួន​ ៥ ចំណុច​របស់​លោក ​ស៊ីជីនភីង​ បានបញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា​ មជ្ឈដ្ឋាននានា​រវាង​ត្រើយ​ទាំងសងខាង​នៃ​ច្រកសមុទ្រ​តៃវ៉ាន់​ត្រូវតែ​ស្វែងរក​គម្រោង​អំពី​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​នៅតៃវ៉ាន់​។គោលការណ៍​"ប្រទេសមួយ​ប្រព័ន្ធពីរ"​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហគមន៍អន្ដរជាតិ​ថា ​ជាមធ្យោបាយ​ល្អបំផុត​សម្រាប់​ប្រទេស​ចិន​ក្នុងការ​ដោះ​ស្រាយ​កិច្ចការផ្ទៃក្នុង​នៃ​ប្រទេសខ្លួន​ដោយ​មានប្រាជ្ញា។គម្រោង​អំពី​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​នៅ​តៃវ៉ាន់​នេះ​នឹង​ខុសគ្នា​ពី​រូបមន្ត​របស់​តំបន់រដ្ឋបាលពិសេស​ហុងកុង​និង​ម៉ាកាវ​ ហើយ​គម្រោងនេះ​នឹង​យក​ចិត្ត​ទុកដាក់​យ៉ាង​ពេញលេញ​ចំពោះ​សុខុមាលភាព​របស់​ប្រជាជន​នៃ​ត្រើយ​ទាំងសងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់។​ស្ថិតក្រោម​គោលការណ៍​នៃ​ការធានា​អធិបតេយ្យភាពជាតិ ​សន្តិសុខ​និង​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ ​ឋានៈ ​ប្រព័ន្ធ​សង្គម ​របៀបរស់នៅ​និង​ផល​ប្រយោជន៍​ជាដើម​របស់​តៃវ៉ាន់​នឹង​ត្រូវបាន​គោរព​និង​ធានា​យ៉ាង​ពេញលេញ ​ហើយ​នឹង​ទទួលបាន​ការ​រៀបចំ​ជាប្រព័ន្ធ។​

    កាលពី​ ៤០ ​ឆ្នាំមុន ​កម្រិតអភិវឌ្ឍន៍​ផែ្នកសេដ្ឋកិច្ច​តៃវ៉ាន់ ​គឺ​រីកចម្រើន​ច្រើន​ជាង​សេដ្ឋកិច្ច​មហាដីគោក​ចិន។​សព្វថ្ងៃនេះ ​មហាដីគោកចិន​ដែលមាន​កម្លាំងនយោបាយ ​សេដ្ឋកិច្ច​និង​យោធា​យ៉ាង​ខ្លាំងក្លា​នៅតែ​មាន​សេចក្តីប្រាថ្នា ​ការអត់ធ្មត់​និង​ទំនុកចិត្ត​ចំពោះ​តៃវ៉ាន់​សម្រាប់​ការ​បង្រួបបង្រួម​ដោយសន្តិវិធី។​គំនិតផ្តួចផ្តើម​នយោបាយ​ចំនួន​ ៥ ​ចំណុច​របស់​លោក ​ស៊ីជីនភីង ​បាន​រៀបចំ​ផែនការ​បង្ហាញផ្លូវ​និង​គម្រោង​ជាក់ស្តែង​សម្រាប់​ការអភិវឌ្ឍ​ដោយ​សន្តិវិធី​និង​ការ​បង្រួប​បង្រួម​របស់​ប្រទេសចិន។​សម្រាប់​ជនរួមជាតិ​នៅត្រើយ​ទាំង​សងខាង​នៃ​ច្រកសមុទ្រ​តៃវ៉ាន់ ​បំណាច់នឹង​ប្រវត្តិសាស្រ្ត​មិនអាច​ជ្រើសរើស​បាន ​នោះ​ក៏​ត្រូវ​ចាប់យក​នូវ​ឱកាស​នាបច្ចុប្បន្ន​នេះ​ដើម្បី​បង្កើត​ពេលអនាគត៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស