ការផ្តល់បទសម្ភាសន៍ចម្រុះជាមួយប្រព័ន្ធសារព័ត៌មាននៃប្រទេសអាស៊ាន
សំណួរ៖ ឆ្នាំនេះជាខួបទី១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងចិននិងអាស៊ាន តើលោកមានការវាយតម្លៃយ៉ាងណាចំពោះសមិទ្ធផលនៃទំនាក់ទំនងទ្វេភាគី?ការរីកចម្រើននៃទំនាក់ទំនងរវាងចិននិងអាស៊ានបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងអ្វីខ្លះដល់ភាគីទាំងពីរ?
ចម្លើ់យ៖ ជាការពិតណាស់ ឆ្នាំនេះគឺជាឆ្នាំមួយដែលគួរជាទីអបអរសាទរសម្រាប់ប្រទេសចិននិងអាស៊ាន។ កាលពី១០ឆ្នាំមុន ប្រទេសចិនបានចូលរួមសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍មុនគេ បានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានស្តីពីការសំឡឹងទៅរកសន្តិភាពនិងភាពចំរុងចំរើន នោះក៏ជាលើកទី១ហើយដែលប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តអន្តរជាតិជាមួយអង្គការប្រទេសតំបន់ បានបង្ហាញនូវឋានៈដ៏សំខាន់របស់អាស៊ានក្នុងកិច្ចការទូតរបស់ប្រទេសចិន។ ក្នុងរយៈ១០ឆ្នាំកន្លងទៅនេះ ស្ថានការណ៍អន្តរជាតិបានប្រែប្រួលយ៉ាងខ្លាំងនិងសេដ្ឋកិច្ចពិភពលោកបានត្រូវកែសម្រួលនិងអភិវឌ្ឍន៍ ប្រទេសចិននិងអាស៊ានបានក្តាប់ជាប់កាលានុវត្តភាព រួមគ្នាអភិវឌ្ឍន៍ក្រោមទិដ្ឋភាពសន្តិភាពនិងវឌ្ឍនភាព បានត្រួសត្រាយទស្សវត្សរ៍មាសនៃកិច្ចសហប្រតិបត្តិការ។
រយៈពេល១០ឆ្នាំកន្លងទៅនេះ ប្រទេសចិននិងអាស៊ានបានប្រកាន់ខ្ជាប់ការសន្ទនាជាយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងឥតស្រាកស្រាន្តក្នុងការបង្កើនការទំនុកចិត្តលើគ្នាខាងនយោបាយ បង្កើនការស្វែងយល់និងការគាំទ្រគ្នាលើកិច្ចការធំនិងសំខាន់ជាច្រើនទាំងអន្តរជាតិនិងតំបន់។ រយៈពេល១០ឆ្នាំកន្លងទៅនេះ ចិននិងអាស៊ានបានជំរុញឥតឈប់ឈរនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង បានកសាងរួចរាល់នូវតំបន់ពាណិជ្ជកម្មសេរីនៃប្រទេសកំពុងអភិវឌ្ឍន៍ដែលធំជាងគេលើពិភពលោក។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ាន ហើយអាស៊ានជាដៃគូពាណិជ្ជកម្មធំទី៣របស់ប្រទេសចិន។ ឆ្នាំទៅមិញ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ជាង៤សែនលានដុល្លារអាមេរិក កើនជាងរយៈពេល១០ឆ្នាំមុនចំនួន៥ដង ការវិនិយោគទុនទៅវិញទៅមកសរុបជាង១សែនលានដុល្លារអាមេរិក កើនជាងរយៈពេល១០ឆ្នាំមុនចំនួន៣ដង។ រយៈពេល១០ឆ្នាំកន្លងទៅនេះ ការប្រាស្រ័យទាក់ទងផ្នែកមនុស្សសាស្រ្តនិងអក្សរសាស្រ្តនិងផ្នែកសង្គមស៊ីវិលមានភាពកាន់តែជិតស្និទ្ធ ឆ្នាំទៅមិញ ការផ្លាស់ប្តូរខាងបុគ្គលិកនៃភាគីទាំងពីរមាន១៥លាននាក់ គឺត្រូវជា៤ដងនៃ១០ឆ្នាំមុន ប្រទេសចិនបានក្លាយទៅជាតំបន់ជាទីប្រភពអ្នកទេសចរធំទី២របស់អាស៊ាន។ រយៈពេល១០ឆ្នាំកន្លងទៅនេះ ចិននិងអាស៊ានបានសាមគ្គីនិងសហការគ្នាជាប់ជានិច្ច រួមគ្នាពុះពារការលំបាក។ ភាគីទាំងពីរបានតទល់ដោយសមរម្យនូវវិបត្តិហិរញ្ញវត្ថុអន្តរជាតិដោយឈរលើមូលដ្ឋានទប់ទល់ដោយជោគជ័យនូវវិបត្តិហិរញ្ញវត្ថុអាស៊ី បានជួយគ្នាទៅវិញទៅមកដោយចិត្តមួយថ្ើ្លមមួយក្នុងការតទល់នឹងគ្រោះមហន្តរាយធម្មជាតិនិងអាការរោគដ៏ធំនិងសំខាន់ដូចជាគ្រោះរលកយក្សសូណាមិ ជំងឺសាស៍និងគ្រោះរញ្ជួយដីជាដើម។
ហេតុដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ានអាចទទួលបានការវិវឌ្ឍន៍ដែលគួរជាទីសប្បាយរីករាយ បញ្ហាគន្លឹះគឺដោយមកពីវាសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងពីរ ហើយក៏ជាការសម្របតាមចរន្តនៃយុគសម័យក្នុងការស្វែងរកសុខសន្តិភាព ស្វែងរកការអភិវឌ្ឍន៍និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ឲ្យតែយើងបន្តប្រកាន់ខ្ជាប់ទិសដៅដ៏ត្រឹមត្រូវ ប្រកាន់ខ្្ជាប់គោលការណ៍គោរពគ្នាទៅវិញទៅមក មានសមភាព សុខដុមរមនា ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ–ឈ្នះ ឲ្យតែយើងបន្តខិតខំប្រឹងប្រែងក្នុងការគាំពារសន្តិភាពនិងភាពស្ងប់សុខ រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការតំបន់ ជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើននិងកែលំអជីវភាពប្រជាជន នោះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងចិននិងអាស៊ានពិតជាអាចផ្តល់សុភមង្គលដល់ប្រទេសនានា តំបន់នានានិងប្រជាជនពិភពលោកឲ្យបានកាន់តែល្អប្រសើរជាក់ជាមិនខាន។
សំណួរ៖ សេដ្ឋកិច្ចចិនបានបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស កម្លាំងជាតិក៏កាន់តែខ្លាំងក្លាដែរ ប្រទេសជិតខាងមិនអាចចៀសវាងពីការកើតមានការសង្ស័យ ដោយព្រួយបារម្ភថាបើប្រទេសចិនកាន់តែខ្លាំងឡើងមុខជានឹងក្លាយជាអនុត្តរភាព សូមសួរថា ខ្លឹមសារសំខាន់នៃគោលនយោបាយជាមួយប្រទេសជិតខាងរបស់រដ្ឋាភិបាលអាណត្តិថ្មីនៃប្រទេសចិនគឺជាយ៉ាងដូចម្តេច ? ហើយមានទស្សនៈអ្វីខ្លះចំពោះការធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ាកាន់តែស៊ីជម្រៅថែមទៀត ?
ចម្លើយ៖ ការលើកឡើងពីសំណួរយ៉ាងនេះគឺអាចយល់បាន រំលឹកពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិ គឺមានរឿងដែលប្រទេសខ្លាំងដណ្តើមគ្នាធ្វើអនុត្តរភាពជាច្រើន ដូច្នេះយើងខ្ញុំអាចយល់ពីការព្រួយបារម្ភរបស់ប្រទេសជិតខាង ពីព្រោះថា មិនថាមើលតាមវិស័យណាមួយ ប្រទេសចិនក៏ជាប្រទេសធំមួយនៅអាស៊ី ។
ប៉ុន្តែ យុគសម័យគឺមិនដូចគ្នាហើយ ពិភពលោកបានឈានចូលក្នុងសតវត្សរ៍ទី ២១ និន្នាការធំនៃសុខសន្តិភាពនិងការអភិវឌ្ឍន៍បានក្លាយទៅជាកាន់តែរឹងមាំ ។ ប្រទេសចិនបានបង្កើតឡើងក្រោមបរិយាកាសសុខសន្តិភាព ហើយក៏បានឈានទៅកាន់ភាពរុងរឿងឡើងវិញតាមរូបភាពសន្តិភាពដែរ ដូច្នេះយើងខ្ញុំគ្មានមូលហេតុសម្រាប់កែប្រែផ្លូវដែលអភិវឌ្ឍន៍ដោយសន្តិភាពរបស់ខ្លួននោះទេ ។ បើនិយាយតាមទស្សនៈតម្លៃផ្នែកវប្បធម៌ គឺថា "ខ្លួនមិនចង់បាន កុំអោយអ្នកឯទៀត" ប្រទេសចិនគឺដូចប្រទេសជាច្រើននៅអាស៊ីដែរ ធ្លាប់បានទទួលរងការធ្វើអាណានិគមនិងឈ្លាពានពីបស្ចឹមប្រទេស តាំងពីប្រទេសចិនថ្មីបានបង្កើតឡើងរៀងមក ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគោលនយោបាយប្រឆាំងអនុត្តរភាពនិយមនិងប្រឆាំងនយោបាយអាំងលើកម្លាំងអំណាច ប្រជាជាតិចិនគ្មានប្រពៃណីដែលវាតទីនិងធ្វើអនុត្តរភាពនោះទេ ទស្សនៈរាប់អានគ្នាជាមួយអ្នកជិតខាង ចាត់ទុកការរាប់អានជាសេចក្តីថ្លៃថ្នូរ រាប់អានគ្នាតែមានការអភិវឌ្ឍន៍ខុសគ្នាជាដើម ដែលបង្កើតឡើងអស់រាប់ពាន់ឆ្នាំហើយ គឺជាគ្រឹះមូលដ្ឋានប្រវត្តិសាស្រ្តនៃគោលលំនាំការទូតជាមួយប្រទេសជិតខាងដែល "ផ្តល់ភាពល្អប្រសើរជូនប្រទេសជិតខាង និងរាប់អានគ្នាដោយមេត្រីជាមួយប្រទេសជិតខាង"។ប្រទេសចិនដាច់ខាតមិនដើរលើផ្លូវដែលប្រទេសខ្លាំងធ្វើអនុត្តរភាពនោះឡើយ។
ក្នុងនាមជាសមាជិកមួយក្នុងមហាគ្រួសារនៅអាស៊ី ប្រទេសចិននិងប្រទេសអាស៊ីនានាបានភ្ជាប់វាសនាជាមួយគ្នា ។ ការអភិវឌ្ឍន៍របស់ប្រទេសចិនត្រូវការបរិស្ថានជំរុញមួយដែលមានសន្តិភាពនិងស្ថិរភាព យើងនឹងប្រកាន់ខ្ជាប់ជានិច្ចនូវការខិតខំសម្រេចភាពសុខដុមរមនានិងមានមេត្រីភាពជាមួយប្រទេសជិតខាងនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ គ្រប់គ្រងដោយសមហេតុសមផលនូវការទំនាស់និងការខ្វែងមតិ ។ អាស៊ានជាទិសដៅអាទិភាពនៃកិច្ចការទូតជាមួយប្រទេសជិតខាងរបស់ប្រទេសចិន ។ ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការអភិវឌ្ឍន៍និងការរីកធំធាត់របស់អាស៊ាន ព្រមទាំងនិងគាំទ្រអាស៊ានឲ្យដើរតួនាទីដឹកនាំក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ។ ការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់តំបន់ខ្លួន មិនថាសភាពការណ៍នឹងប្រែប្រួលយ៉ាងណាទេ យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការគាំទ្របរិយាកាសធំប្រកបដោយសុខសន្តិភាពនិងស្ថិរភាពនៅអាស៊ីបូព៌ា ប្រកាន់ខ្ជាប់ការផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍និងកែសម្រួលជីវភាពប្រជាជន ។ បច្ចុប្បន្ននេះ ត្រូវប្រមូលកម្លាំងសម្រាប់ទប់ទល់នឹងឥទ្ធិពលដ៏ខ្លាំងនៃវិបត្តហិរញ្ញវត្ថុអន្តរជាតិ រក្សានិន្នាការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងតំបន់ ។ ក្នុងទិសដៅនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា យើងខ្ញុំសូមផ្តួចផ្តើមនូវការប្រកាន់ខ្ជាប់ជានិច្ចនូវ "ស្មារតីសហប្រតិបត្តិការ" ប្រកាន់ខ្ជាប់គោលការណ៍មានប្រសិទ្ធភាពមួយចំនួន ដូចជា អាស៊ានជាអ្នកដឹកនាំ ពិគ្រោះពិភាក្សាដោយឯកភាព និងយកចិត្តទុកដាក់លើភាពងាយស្រួលរបស់ភាគីនានាជាដើម សំដៅពង្រីកឲ្យទូលំទូលាយនូវរូបមន្តកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានលក្ខណៈពិសេសអាស៊ីបូព៌ា ។ ការដែលក្របខ័ណ្ឌនិងយន្តការសហប្រតិបត្តិការនៃតំបន់ជាច្រើនក្នុងអាស៊ីបូព៌ាថិតនៅជាមួយគ្នា គឺសមស្របនឹងការពិតដែលមានភាពពិពិធកម្មក្នុងតំបន់អាស៊ីបូព៌ា ភាគីចិនគាំទ្រនិងចូលរួមកិច្ចសហប្រតិបត្តិការនៃយន្តការនានា ដើម្បីខំប្រឹងកសាងរចនាសម្ព័ន្ធសហប្រតិបត្តិការមួយដែលបំពេញបន្ថែមគ្នា បើកចំហនិងអធ្យាស្រ័យគ្នា ។
សំណួរ៖ លោកបានលើកឡើងក្នុងពិព័រណ៌ចិន-[អាស៊ានលើកទី១០ដែលប្រារព្ធធ្វើកាលពីពេលថ្មីៗកន្លងទៅនេះថា នឹងបង្កើតទសវត្សរ៍ពេជ្រនៃទំនាក់ទំនងរវាងចិននិងអាស៊ាន។ លោកយល់ថា តើចំណុចដែលត្រូវផ្តោតសំខាន់និងចំណុចកំណើននៃទំនាក់ទំនងរវាងចិននិងអាស៊ានគឺនៅត្រង់កន្លែងណា?
ចម្លើយ៖ បូកសរុបអតីតកាល សំឡឹងទៅរកអនាគតកាល ទំនាក់ទំនងរវាងចិននិងអាស៊ានកំពុងស្ថិតនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្រ្ត។ យើងនឹងបន្តបុព្វេហតុចាស់ ត្រួសត្រាយអនាគតថ្មី ព្យាយាមស្វែងរកការវាយទម្លុះជាយុទ្ធសាស្ត្រថ្មី ពួតដៃគ្នាសហគម៍វាសនាតែមួយរវាងចិននិងអាស៊ានដែលកាន់តែមានភាពជិតស្និទ្ធ ហើយឈរលើមូលដ្ឋាននៃទសវត្សរ៍មាសទៅបង្កើតទសវត្សរ៍ពេជ្រថ្មីនៃទំនាក់ទំនងចិននិងអាស៊ាន ប្រយោជន៍ដើម្បីនាំយកមកនូវសុខសុភមង្គលកាន់តែច្រើនជូនប្រជាជនតំបន់នេះ។
បើចង់សម្រេចគោលដៅក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនៃទសវត្សរ៍ពេជ្រនេះ ខ្ញុំយល់ថាភាគីទាំង២គប្បីខិតខំធ្វើការងារលើវិស័យដូចខាងក្រោមនេះ៖
ទី១គឺប្រកាន់ខ្ជាប់នូវការរួមរស់នៅដោយសុខដុមរមនានិងមានមេត្រីភាពជាមួយប្រទេសជិតខាងដែលជាភារកិច្ចចម្បង ប្រទេសចិនរីករាយក្នុងការសកម្មធ្វើការពិភាក្សាស្រាវជ្រាវជាមួយប្រទេសអាស៊ានអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនិងមានមេត្រីភាពជាំមួយប្រទេសជិតខាង ពង្រឹងមូលដ្ឋាននយោបាយនៃការជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្តរវាងភាគីទាំង២។
ទី២គឺបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ធ្វើឲ្យល្អពេញលេញនូវយន្តការសន្និសីទថ្នាក់រដ្ឋមន្រ្តីការពារជាតិរវាងចិននិងអាស៊ាន ធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យសន្តិសុខមិនមែនប្រពៃណីដូចជាការបង្ការនិងជួយសង្គ្រោះគ្រោះមហន្តរាយ សន្តិសុខខាងបណ្តាញអ៊ីនធើណែត ការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែននិងការរួមគ្នាអនុវត្តច្បាប់ជាដើម។
ទី៣គឺលើកកម្ពស់កម្រិតថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ចាត់វិធានការដែលមានលក្ខណៈជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្មនិងកិច្ចសហប្រតិបត្តិការខាងការវិនិយោគទុនជាដើម សំដៅលើកកម្ពស់ថែមទៀតនូវកម្រិតសេរីភាវូបនីយកម្មនិងភាពងាយស្រួលនៃពាណិជ្ជកម្មនិងការវិនិយោគទុន ដើម្បីសម្រេចគោលដៅ១០០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ទំហំពាណិជ្ជកម្មសរុបឆ្នាំ២០២០។
ទី៤គឺជំរុញកិច្ចកសាងខាងការតភ្ជាប់និងផ្លាស់ប្តូរគ្នា បង្កើនការតភ្ជាប់គ្នាខាងគ្រឿងទុននិងគ្រឿងរឹង ប្រទេសចិនសូមផ្តួចផ្តើមឲ្យគ្រោងផែនការបង្កើតធនាគារវិនិយោគទុនខាងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ជាអាទិភាពនូវការគាំទ្រខាងការប្រមូលប្រាក់ទុនសម្រាប់កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសជាសមាជិកអាស៊ានខ្លះ។
ទី៥គឺបង្កើនកិច្ចសហប្រតិបត្តិការខាងហិរញ្ញវត្ថុដើម្បីរួមគ្នាបង្ការហានិភ័យថ្មី ពង្រីកទ្រង់ទ្រាយនិងក្របខ័ណ្ឌនៃការប្តូរប្រាក់រវាងទ្វេភាគី បន្ថែមទីតាំងសាកល្បងនៃការទូទាត់ដោយរូបិយវត្ថុប្រទេសខ្លួនក្នុងវិស័យពាណិជ្ជកម្មឆ្លងដែន បង្កើនកិច្ចសហប្រតិបត្តិការពហុភាពដែលផ្តួចផ្តើមដោយសេចក្តីផ្តួចផ្តើមឈាងមៃ។
ទី៦គឺអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើសមុទ្រ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ ការតភ្ជាប់និងការផ្លាស់ប្តូរលើសមុទ្រ ការការពារអេកូ-បរិស្ថាននិងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រខាងសមុទ្រនិងការរុករកនិងជួយសង្គ្រោះលើសមុទ្រជាដើម រួមគ្នាកសាងផ្លូវសូត្រលើសមុទ្រក្នុងសតវត្សរ៍ទី២១។
ទី៧គឺធ្វើឲ្យការផ្លាស់ប្តូរខាងមនុស្សសាស្ត្រកាន់តែមានភាពជិតស្និទ្ធ ភាគីទាំង២រួមគ្នាកំណត់ផែនការសហប្រតិបត្តិការខាងវប្បធម៌រវាងចិននិងអាស៊ាន ជំរុញការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ ការអប់រំ យុវជន ឃ្លាំងបញ្ញានិងប្រព័ន្ធសារព័ត៌មានជាដើម។
ប៉ុន្មានថ្ងៃទៀត ខ្ញុំនឹងធ្វើដំណើរទៅប្រ៊ុយណេដើម្បីចូលរួមសន្និសីទមួយចំនួនរបស់អ្នកដឹកនាំអាស៊ីបូព៌ានេះគឺជាលើកដំបូងហើយដែលខ្ញុំទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានតាំងពីខ្ញុំចូលកាន់តំណែងជានាយករដ្ឋមន្រ្តីចិន ខ្ញុំទន្ទឹងរង់ចាំនូវការផ្លាស់ប្តូរមតិជាមួយអ្នកដឹកនាំប្រទេសនានាអំពីបញ្ហាពិភាក្សាដែលយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺការត្រងស្តាប់មតិរបស់បណ្តាភាគីអំពីប្រការទាំង៧ដែលខ្ញុំបានលើកឡើងដូចខាងលើ នេះដើម្បីឈានដល់ការឯកភាពថ្មីសម្រាប់លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ាន។
សំណួរ៖ តើលោកយល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូងបានជះឥទ្ធិពលអ្វីចំពោះទំនាក់ទំនងរវាងចិននិងអាស៊ាន?
ចម្លើយ៖ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ចិននិងអាស៊ានធ្លាប់មានការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅជាច្រើនលើក ហើយក៏មានមតិឯកភាពរួមផងដែរ។ ឲ្យតែយើងអាចប្រកាន់ខ្ជាប់មតិឯកភាពរួមនេះ ហើយគោរពតាមគោលការណ៍ដែលយើងបានឯកភាពជាមួយគ្នា នោះ សន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូងគឺអាចទទួលបានគាំពារជាបន្តទៅទៀត។
ស្នូលនៃបញ្ហាសមុទ្រចិនខាងត្បូងគឺជុំវិញជម្លោះអំពីអធិបតេយ្យភាពនៃកោះមួយចំនួនរបស់ប្រជុំកោះNan Shaនិងជម្លោះនៃលំហសមុទ្រមួយចំនួននៃសមុទ្រចិនខាងត្បូង នេះគឺជាបញ្ហាពិបាកដោះស្រាយដែលបន្សល់ទុកពីប្រវត្តិសាស្រ្ត វាទាក់ទិនដល់ការខ្វែងមតិទ្វេភាគីរវាងចិននិងប្រទេសជាសមាជិកអាស៊ានមួយចំនួន។ ប្រវត្តិសាស្រ្តសម័យថ្មីនិងសម័យបច្ចុប្បន្ននៃតំបន់អាស៊ីបូព៌ាមានភាពស្មុគស្មាញ ជាពិសេសគឺបានឆ្លងកាត់សម័យសង្រ្គាមត្រជាក់ បណ្តាលឲ្យកើតមានជម្លោះទឹកដីដែលមិនបានដោះស្រាយជាច្រើន។ រដ្ឋាភិបាលចិនតាំងចិត្តប្តេជ្ញាដើរលើផ្លូវសន្តិភាពនិងវឌ្ឍនភាពយ៉ាងម៉ឺងម៉ាត់មិនងាករេ ហើយឆន្ទះគាំពារអធិបតេយ្យភាពជាតិនិងបូរាណភាពទឹកដីមិនអាចត្រូវរង្គោះរង្គើបានឡើយ។ ហេតុនេះហើយបានជាប្រទេសចិនខំប្រឹងប្រែងឥតស្រាកស្រាន្តក្នុងការសន្ទនាជាមួយប្រទេសពាក់ព័ន្ធក៏ដូចជាប្រទេសអាស៊ាន ដើម្បីស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់គាំពារស្ថិរភាពតំបន់។ កាលពីឆ្នាំ២០០២ ចិននិងអាស៊ានបានចុះហត្ថលេខាលើសេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូងបានកំណត់ពីគោលការណ៍ដ៏សំខាន់មួយចំនួន រួមមានទាំង៖ ដោះស្រាយជម្លោះពាក់ព័ន្ធដោយសន្តិវិធី មុននឹងដោះស្រាយជម្លោះ ភាគីនានាសន្យាថានឹងរក្សាភាពអត់ធ្មត់ មិនចាត់ប្រតិបត្តិការណាដែលធ្វើឲ្យជម្លោះកាន់តែស្មុគស្មាញនិងកាន់តែរីកធំ ហើយធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង។ល។ គោលការណ៍ទាំងនេះបង្ហាញឲ្យឃើញប្រាជ្ញារបស់បណ្តាប្រទេសអាស៊ីក្នុងការដោះស្រាយទំនាស់ដ៏ស្មុគស្មាញ ហើយក៏បានបញ្ជាក់ឲ្យឃើញនូវ២ផលប្រយោជន៍ជាអតិបរមារបស់ប្រទេសនានា វាគឺជាឯកសារដែលសម្រេចបានដោយមិនងាយនោះទេដែលបានផ្តល់ជាល័ក្ខខ័ណ្ឌដែលមិនអាចខ្វះបានក្នុងភាពរុងរឿងនៃកិច្ចសហប្រតិបត្តិការនៃសេដ្ឋកិច្ចតំបន់នេះ។សេចក្តីប្រកាសនេះគួរតែត្រូវទទួលបានការគោរពនិងគាំពារ។ ចិននិងអាស៊ានគួរតែប្រកាន់ខ្ជាប់ការសន្ទនានិងកិច្ចសហប្រតិបត្តិការ គាំពារយ៉ាងប្រាកដប្រជានូវសន្តិភាពនិងស្ថិរភាពនៃតំបន់សមុទ្រចិនខាងត្បូង។
មិនថាគិតពិចារណាពីតម្រូវការនៃការអភិវឌ្ឍន៍ផ្ទាល់ខ្លួនក្តី ឬក៏គិតពិចារណាពីផលប្រយោជន៍របស់តំបន់អាស៊ីបូព៌ាក៏ដោយ ក៏ប្រទេសចិនសុទ្ធតែជាអ្នកគាំពារសុខសន្តិភាពយ៉ាងម៉ឺងម៉ាត់ជានិច្ចកាល។ យើងយល់ដឹងយ៉ាងជ្រាលជ្រៅថា បើគ្មានបរិស្ថានដ៏សន្តិសុខ នោះក៏គ្មានការរីកលូតលាស់និងភាពថ្កុំថ្កើនចំរុងចំរើនខាងសេដ្ឋកិច្ចដែរ។សមុទ្រចិនខាងត្បូងជាផ្លូវនាវាចរណ៍អន្តរជាតិដ៏សំខាន់ ក្នុងឋានៈខ្លួនជាប្រទេសធំមួយខាងពាណិជ្ជកម្មពិភពលោក ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពរលូននិងសន្តិសុខនៃការធ្វើនាវាចរណ៍អន្តរជាតិ ក្នុងពេលជាមួយគ្នានេះ ក៏ទទួលរ៉ាប់រងកាតព្វកិច្ចផងដែរ។ដូច្នេះ ភាគីចិនយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះសេរីភាពក្នុងការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ហើយផ្តោតសំខាន់ចំពោះការធានាសន្តិសុខរបស់វា។តាមការពិតអាចមើលឃើញថា ជម្លោះនៅសមុទ្រចិនខាងត្បូងមិនបានជះឥទ្ធិពលអ្វីចំពោះការធ្វើនាវាចរណ៍អន្តរជាតិនោះទេ។ ប្រទេសចិននឹងបន្តខ្នះខ្នែងផ្តួចផ្តើមគំនិតនិងចូលរួមកិច្ចសហប្រតិបត្តិការលើសមុទ្រក្នុងតំបន់ ក្នុងនោះរួមមានទាំងកិច្ចសហប្រតិបត្តិការខាងសន្តិសុខលើសមុទ្រផង សំដៅគាំពារសន្តិភាពនិងភាពស្ងប់សុខនៅទីនេះ។
សំណួរ៖ បច្ចុប្បន្ននេះ សភាពការណ៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសចិនត្រូវប្រទេសនានាយកចិត្តទុកដាក់ក្រៃលែង ។ សូមលោកជួយឧទ្ទេសនាមពីសភាពការណ៍សេដ្ឋកិច្ចចិនព្រមនិងឥទ្ធិពលរបស់ចិនចំពោះប្រទេសអាស៊ាននិងតំបន់អាស៊ីបូព៌ា ?
ចម្លើយ៖ បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញដោយលំបាកលំបិន សេដ្ឋកិច្ចអាស៊ីក៏មានលក្ខណៈមិនកំណត់ជាច្រើនដែរ ។ ប្រឈមមុខនឹងសភាពការណ៍ក្នុងនិងក្រៅប្រទេសដ៏ស្មុគស្មាញនិងសម្ពាធសេដ្ឋកិច្ចចុះទន់ខ្សោយ រដ្ឋាភិបាលចិនបានរក្សាកម្លាំង ទប់ទល់ដោយនឹងនរ ចាត់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដ៏នឹងនរនិងឆ្នៃប្រឌិតថ្មី ហើយមួយផ្នែកគឺប្រកាន់ខ្ជាប់មិនពង្រីកឱនភាព មិនបន្ធូរក៏មិនបង្រួញរូបិយវត្ថុ មួយផ្នែកទៀត គឺចាត់វិធានការគោលនយោបាយចំរុះជាច្រើន សម្រាប់បង្កើនកម្លាំងជំរុញកំណែទម្រង់ រំញោចកម្លាំងរស់រវើកនៃទីផ្សារ សម្រួលរចនាសម្ព័ន្ធនៃសេដ្ឋកិច្ច ក្តាប់ឱកាសជំរុញសេដ្ឋកិច្ចផ្លាស់ប្តូររូបភាពនិងលើកកម្ពស់កម្រិតថ្នាក់ ។ ជំហានទាំងនេះគឺមានគោលដៅដូចគ្នានិងការរក្សាកំណើន មានប្រសិទ្ធភាពក្នុងការរក្សាសេដ្ឋកិច្ចឲ្យដំណើរការដោយនឹងនរ ។ ពីខែមករាដល់ខែមិថុនាឆ្នាំនេះ តម្លៃផលិតផលក្នុងស្រុកសរុបប្រទេសចិនបានកើនឡើង ៧,៦ % អត្រាឱកាសការងារនិងកម្រិតទូទៅៃនតម្លៃទំនិញសុទ្ធតែរក្សាភាពនឹងនរ ។ ពីខែកក្កដាឡើងទៅ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់បានកើនឡើងវិញ សេដ្ឋកិច្ចជាក់ស្តែងមានភាពរស់រវើក ទំនុកចិត្តនៃទីផ្សារបានកើនឡើង សេដ្ឋកិច្ចចិនបានបង្ហាញពីនិន្នាកាឆ្ពោះទៅរកភាពល្អប្រសើរក្នុងភាពនឹងនរ ។
ការអភិវឌ្ឍន៍របស់ប្រទេសចិនគឺពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងពិភពលោក។ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក សេដ្ឋកិច្ចចិនបានទទួលផលប្រយោជន៍ជាច្រើនពីការបើកចំហ កំណើនក្នុងល្បឿនលឿនរបស់ប្រទេសចិនក៏បានរួមវិភាគទានជាច្រើនសម្រាប់អាស៊ីបូព៌ានិងពិភពលោក ។ នាពេលអនាគត ទន្ទឹមនឹងការដែលឧស្សាហូបនីយកម្ម ព័ត៌មានភាវូបនីយកម្ម នគរូបនីយកម្មបែបថ្មី និងទំនើបភាវូបនីយកម្មផ្នែកកសិកម្មបានត្រូវជំរុញជាមួយគ្នា ប្រទេសចិននឹងមានល័ក្ខខ័ណ្ឌសម្រាប់រក្សាសេដ្ឋកិច្ចឲ្យអភិវឌ្ឍន៍ដោយបរិសុទ្ធនិងមានចីរភាពក្នុងរយៈពេលយូរអង្វែង ហើយនឹងចែករំលែកផលប្រយោជន៍នៃកំណែទម្រង់ សក្តានុពលនៃទីផ្សារ និងកម្លាំងរស់រវើកច្នៃប្រឌិតថ្មីជាមួយពិភពលោកជារៀងរហូត ។ តាមការប៉ាន់ប្រមាណ ក្នុងរយៈពេល ៥ ឆ្នាំនាពេលអនាគត ការនាំចូលរបស់ប្រទេសចិននឹងកើនដល់ ១០ លានលានដុល្លារអាមេរិក ការវិនិយោគនៅក្រៅប្រទេសនឹងលើសពី ៥ សែនលានដុល្លារអាមេរិក ចំនួនភ្ញៀវទេសចរចេញទៅក្រៅប្រទេសនឹងលើសពី ៤ រយលាននាក់ ប្រទេសចិនរីករាយរួមសហការជាមួយអាស៊ាននិងអាស៊ីបូព៌ា ចែករំលែកឱកាសពាណិជ្ជកម្មដ៏ធំធេងនេះ សំដៅរួមវិភាគទានកាន់តែធំសម្រាប់ប្រទេសអាស៊ាន អាស៊ីបូព៌ារហូតដល់ពិភពលោក ហើយក៏សង្ឃឹមថា ប្រទេសនានាសកម្មចូលរួម ក្នុងន័យបង្កើតបរិយាកាសកាន់តែល្អប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការរវាងយើងទាំងអស់ផងដែរ ៕