ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះ លោក Shahbaz តំណាងអង្គការយូណេស្កូប្រចាំនៅប្រទេសចិនបានថ្លែងថា ប្រទេសចិនទទួលបានសមិទ្ធផលដ៏សំខាន់ក្នុងការអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក បានរួមចំណែកជាកម្លាំងដ៏វិជ្ជមានក្នុងការគាំពារការអភិវឌ្ឍប្រកបដោយចីរភាពនិងសន្តិភាពនៅលើពិភពលោក រំពឹងទុកថា បទពិសោធន៍របស់ចិនអាចចែករំលែកជាមួយប្រទេសពាក់ព័ន្ធផ្សេងទៀតតាមរយៈគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។
លោក Shahbaz បានថ្លែងទៀតថា ជានិច្ចកាល រដ្ឋាភិបាលចិនបានតម្កល់ទុកការងារអរិយធម៌អេកូឡូស៊ីក្នុងឋានៈគន្លឹះ ។ ប្រទេសចិនបានប្រកាសថា នឹងនាំមុខចេញថវិកាចំនួន១ពាន់៥រយលានប្រាក់យាន់ចិនដើម្បីបង្កើតមូលនិធិជីវចម្រុះក្រុងគុនមីង ព្រមនឹងធ្វើកិច្ចសហប្រតិបតិ្តការកាន់តែល្អជាមួយអង្គការយូណេស្កូលើវិស័យអភិរក្សសម្បតិ្តបេតិកភណ្ឌ ធម្មជាតិ ប្រការទាំងនេះនឹងមានអំណោយផលដល់កិច្ចកសាងអរិយធម៌អេកូឡូស៊ីរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោកទាំងមូល ។ ផ្នែកដ៏សំខាន់មួយទៀតគឺ ប្រទេសចិននឹងតភ្ជាប់ជីវចម្រុះជាមួយបម្រែបម្រួលអាកាសធាតុ ខិតខំប្រឹងប្រែងសម្រេចនូវការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ២០៣០និងអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ២០៦០ ដូច្នេះ ខ្ញុំសង្កេតឃើញថា ប្រការទាំងនេះនឹងធ្វើឱ្យប្រទេសចិនក្លាយទៅជាអ្នកដឹកនាំនៃការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង ៕