យោងតាមការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សចិនបានផ្សាយដំណឹងឱ្យដឹងថា ក្រុមអវកាសយានិកលើយានអវកាស Shenzhou ១៣ នឹងដើរចេញពីបន្ទប់យានអវកាសលើកទី២នៅលើគន្លងតារាវិថីនៅថ្ងៃទី២៦ ខែធ្នូ ។ អវកាសយានិក២ រូបគឺលោកZhai Zhigang និងលោក Ye Guangfu នឹងធ្វើការងារក្រៅបន្ទប់ ហើយអវកាសយានិកលោកស្រី Wang Yaping នឹងផ្តល់ការគាំទ្រនិងកិច្ចសម្របសម្រួលនៅក្នុងបន្ទប់។
បន្ទាប់ពីការដើរចេញពីបន្ទប់យានអវកាសជាលើកដំបូងកាលពីថ្ងៃទី ៧ ខែវិច្ឆិកាមក ក្រុមអវកាសយានិកបានបំពេញការងារជាច្រើនដូចជា ការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនៅលើគន្លងតារាវិថី ការធ្វើតេសក្នុងអវកាស ការយាមត្រួតពិនិត្យវេទិកាស្ថានីយអវកាសនិងការងារថែទាំជាប្រចាំ ព្រមទាំងបានធ្វើការហ្វឹកហ្វឺនជំនាញលើគន្លងតារាវិថីមួយចំនួន ដូចជាការជម្លៀសខ្លួនចេញពីបន្ទប់និងការជួយសង្គ្រោះផ្នែកវេជ្ជសាស្ត្រជាដើម។ លើសពីនេះទៅទៀត បានបញ្ចប់ដោយជោគជ័យនូវការបង្រៀនលើអវកាសជាលើកដំបូងនៃ "ថ្នាក់រៀន Tiangong" ។
បច្ចុប្បន្ននេះ អវកាសយានិកនៃយានអវកាស Shenzhou ១៣ មានសុខភាពល្អ ហើយស្ថានីយអវកាសកំពុងដំណើរការយ៉ាងរលូននិងមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់អវកាសយានិកដើរចេញពីបន្ទប់ ។