កាលពីថ្ងៃទី ២៥ ខែធ្នូ វេទិកាសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិនប្រចាំឆ្នាំ ២០២១ ក្រោមប្រធានបទ "ការជំរុញការអភិវឌ្ឍនៃជនបទនៅក្នុងតំបន់លុបបំបាត់ភាពក្រីក្រ"បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោក Zhang Qingli អនុប្រធានគណៈកម្មាធិការនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។
ថ្លែងក្នុងសុន្ទរកថា លោក Zhang Qingli បានគូសបញ្ជាក់ថា ការពង្រឹងនិងពង្រីកសមិទ្ធិផលនៃការលុបបំបាត់ភាពក្រីក្រនិងពុះពារឧបសគ្គ ជំរុញការអភិវឌ្ឍនៃជនបទដោយគ្រប់ជ្រុងជ្រោយ និងពន្លឿនទំនើបភាវូបនីយកម្មនៃកសិកម្មនិងជនបទ គឺជាភារកិច្ចដ៏សំខាន់មួយក្នុងការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ។ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមចិនត្រូវធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើបញ្ហាដូចជាការអនុវត្តកិច្ចកសាងជនបទ ពន្លឿនការអភិវឌ្ឍឧស្សាហកម្មនៃជនបទស្របតាមស្ថានភាពជាក់ស្តែងក្នុងតំបន់ ជំរុញការអភិវឌ្ឍធនធានមនុស្ស និងដើរឱ្យបានល្អលើផ្លូវនៃការអភិវឌ្ឍជាសមាហរណកម្មរវាងទីក្រុងនិងជនបទ ក៏ដូចជារួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងក្នុងការរក្សាបរិស្ថានសេដ្ឋកិច្ចដែលប្រកបដោយស្ថិរភាពនិងភាពរឹងមាំ បរិស្ថានសង្គមដែលប្រទេសជាតិនិងប្រជាជនមានភាពសុខសាន្តត្រាណ និងបរិយាកាសនយោបាយដែលមានឥរិយាបថស្អាតស្អំផងដែរ ដើម្បីប្រើប្រាស់សមិទ្ធិផលល្អសម្រាប់អបអរការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី២០។