ភាសាខ្មែរ
ក្រសួងការបរទេសចិនដាស់តឿនជប៉ុនឱ្យអនុវត្តយ៉ាងប្រាកដប្រជានូវពាក្យសន្យាស្តីពីការផ្តល់ការគាំទ្រគ្នាទៅវិញទៅមករវាងចិននិងជប៉ុនក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក
2021-12-25 14:57:54

​      កាលពីថ្ងៃទី ២៤ ខែធ្នូ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន​បានថ្លែង​ក្នុង​​សន្និសីទកាសែតជាប្រចាំថា ​ប្រទេសចិនស្វាគមន៍ឥស្សរជនពាក់ព័ន្ធនៃ​គណៈ​កម្មា​ធិការ​កីឡាអូឡាំពិកជប៉ុនជាដើម និងអត្តពលិក​ជប៉ុន​មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំ​ពិករដូវរងា​និងកីឡាប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងប្រទេសចិន​ ហើយ​រំពឹងនិង​ដាស់តឿន​ប្រទេស​ជប៉ុនឱ្យ​អនុវត្តយ៉ាងប្រាកដប្រជា​នូវ​ពាក្យសន្យា​ស្តីពី​ការ​ផ្តល់ការគាំទ្រ​គ្នាទៅវិញទៅមករវាងប្រទេសចិន​និងជប៉ុន​ក្នុងការរៀបចំធ្វើ​ការប្រកួតកីឡាអូឡាំពិក និងកុំ​ធ្វើ​ឱ្យ​កីឡាទៅជារឿង​នយោបាយ។

      តាមការផ្សាយដំណឹង​ឱ្យដឹងថា ​ប្រធានខុទ្ទកាល័យជប៉ុន​បានបញ្ជាក់ថា   ប្រធាន​គណៈកម្មាធិការរៀបចំការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុងតូក្យូ  ប្រធានគណៈកម្មាធិការ​កីឡា​អូឡាំពិក​ជប៉ុន និង​ប្រធានគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិក​ជប៉ុននឹង​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិករដូវរងា​និងកីឡាប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ ជប៉ុន​គ្មាន​គម្រោង​បញ្ជូន​គណៈប្រតិភូ​រដ្ឋាភិបាល​ទៅ​ចូលរួម​នោះទេ។ មានការចុះផ្សាយដំណឹង​មួយ​ទៀត​ឱ្យ​ដឹងថា គណៈប្រតិភូអត្តពលិកជប៉ុននឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​និង​កីឡា​ប៉ារ៉ា​ឡាំពិករដូវ​រងា​នៅទីក្រុងប៉េកាំងតាមការគ្រោងទុក។

អ្នកបកប្រែ:翟茜茜