ថ្ងៃទី ៣ ខែធ្នូ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានចូលរួមកិច្ចសន្ទនាជាមួយលោក Thongloun Sisoulith អគ្គលេខាធិការនៃបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវតាមប្រព័ន្ធវីដេអូ។
ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីង បានគូសបញ្ជាក់ថា ក្នុងបរិបទដែលបរិស្ថានខាងក្រៅដែលមានភាពស្មុគ្គស្មាញយ៉ាងតឹងរឹង និងប្រឈមបញ្ហាអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងក្នុងស្រុកយ៉ាងលំបាកលំបិន ប្រទេសចិននិងឡាវត្រូវតែជំរុញទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ដោយឈរលើកម្រិតខ្ពស់ផ្នែកនយោបាយនិងយុទ្ធសាស្រ្តក្នុងការគាំពារបុព្វហេតុរួមនៃសង្គមនិយម ក្នុងន័យបន្តកសាងសហគមន៍រួមវាសនារវាងចិននិងឡាវដែលមិនអាចបំបែកបានឡើយ ។ ប្រទេសចិនមានឆន្ទៈរួមជាមួយភាគីឡាវអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ អនុវត្តគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ានដែលប្រកបដោយភាពស្អិតល្មួត និងរួមគ្នាគាំពារសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ។
ជាការឆ្លើយតប លោក Thongloun Sisoulithបានថ្លែងថា ដោយសារគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយលោកស៊ី ជីនភីង ទើបផ្លូវដែកឡាវ-ចិនត្រូវបានសាងសង់និងដាក់ឱ្យប្រើប្រាស់ ដែលបានសម្រេចក្តីសុបិនផ្លូវដែករបស់ប្រជាជនឡាវ ។ ប្រទេសឡាវរីករាយរួមជាមួយប្រទេសចិនបង្កើនការផ្លាស់ប្តូរជាន់ខ្ពស់យ៉ាងជិតស្និទ្ធ បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត ដើម្បីសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចជាអតិបរមានៃគម្រោងផ្លូវដែកឡាវ-ចិន សំដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងឡាវនិងចិនទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀត ៕