ភាសាខ្មែរ
ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងរឿងដែលអាមេរិកគ្រោងនឹងអនុវត្តបទបញ្ជាហាមឃាត់មុខជំនួញរបស់សហគ្រាសជាម្ចាស់កម្មវិធីAPPចំនួន៨របស់ចិន
2021-01-07 15:16:25

    ទាក់​ទិន​នឹង​រឿង​ដែលអាមេរិកគ្រោង​នឹង​អនុវត្ត​បទ​បញ្ជា​ហាម​ឃាត់​មុខ​ជំនាញ​របស់​សហ​គ្រាស​ជា​ម្ចាស់​កម្មវិធី​APP​ចំនួន​៨​របស់​ចិន អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិ​ជ្ជកម្ម​ចិន​បាន​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​ទី​៦​ខែ​មករា ដោយ​លើក​ឡើង​ថា ភាគី​ចិន​ប្រឆាំង​យ៉ាង​ដាច់​ខាត​ចំពោះ​ទង្វើ​ខុស​ឆ្គង​របស់​ភាគី​អាមេរិក នឹង​គាំទ្រ​យ៉ាង​មុតមាំ​ដល់​សហគ្រាស​ចិន​ក្នុង​ការ​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន ព្រម​ទាំង​នឹង​រក្សា​ទុក​សិទ្ធិ​ចាត់​វិធានការ​ឆ្លើយ​តប​វិញដ៏​ចាំ​បាច់​ផង​ដែរ។

      គួរ​បញ្ជាក់​ថា ពេល​កន្លង​ទៅ​ថ្មីៗនេះ លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ ដោយ​ហាម​ជនជាតិ​អាមេរិក​ មិន​ឱ្យ​ធ្វើ​ការ​ជួញ​ដូរជា​មួយ​ស្ថាបនិក​ឬ​អ្នក​គ្រប់​គ្រង​កម្មវិធី​APPរបស់​​ចិន​ចំនួន​៨ដូច​ជា​Alipay QQនៃ​ក្រុម​ហ៊ុន​Tencent​និង​WeChatទូទាត់ប្រាក់ជា​ដើម។

      អ្នក​នាំ​ពាក្យ​ចិន​បាន​ថ្លែង​ថា ទង្វើ​របស់​អាមេរិក​បាន​ល្មើស​នឹង​គោលការណ៍​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ ល្មើស​នឹង​ក្បួន​ច្បាប់​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ បាន​បំផ្លាញ​ដល់​របៀប​រៀប​រយ​ទីផ្សារ​ប្រក្រតី ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​សហគ្រាស​ចិន ហើយ​ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ច្រើន​កុះ​ករ​ក្នុង​នោះ​បូក​រួម​ទាំង​អ្នក​ប្រើ​ប្រាស់​អាមេរិក​ផង ក៏​ដូច​ជា​នឹង​បន្សោយ​ជំនឿ​ចិត្ត​របស់​អ្នក​វិនិយោគ​លើ​សកលលោក​ចំពោះ​បរិយាកាស​ប្រកប​អាជីវកម្មរបស់​អាមេរិក​ផង​ដែរ។ ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ទង្វើ​ខុស​ឆ្គង​របស់​ប្រទេស​អាមេរិក និងដាស់​តឿន​ភាគី​អាមេរិក​ឱ្យ​បញ្ឈប់​ការ​ដាក់​សម្ពាធ​ដោយ​គ្មាន​ហេតុ​ផល​ទៅ​លើ​កម្មវិធី​APPរបស់​ចិន ក៏​ដូច​ជា​បញ្ឈប់​ការ​ដាក់​កំហិតទៅ​លើ​ការ​ប្រើ​ប្រាស់​ជា​ប្រក្រតី​នូវ​ផលិតផល​និង​សេវា​កម្ម​ចិន​នៅ​ក្នុង​ប្រទេស​អាមេរិកផង​ដែរ ៕   

អ្នកបកប្រែ:郑磊