តបតាមសេចក្តីអញ្ជើញរបស់ព្រះអង្គម្ចាស់ Prince Albert II ប្រមុខរដ្ឋប្រទេសម៉ូណាកូ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅម៉ូណាកូកាលពីថ្ងៃទី ២៤ ខែមីនា។ នេះជា លើកទី ១ ដែលប្រមុខរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅម៉ូណាកូបន្ទាប់ពីប្រទេសទាំងពីរម៉ូណាកូនិងចិនបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩៥ ។ ការនេះជាសារដ៏ខ្លាំងមួយបង្ហាញទៅមជ្ឈដ្ឋានខាងក្រៅ មិនថាប្រទេសធំក្តី ឬតូចក្តី ទោះបីចម្ងាយរវាងគ្នាឆ្ងាយប៉ុណ្ណាក្តី នៅតែអាចក្លាយទៅជាដៃគូស្មើភាពគ្នា គោរពរាប់អានគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នានិងកិច្ចសហប្រតិបត្តិការ។
នៅឆ្នាំ២០១៨ លោកប្រធានរដ្ឋចិនស៊ីជីនភីងនិងព្រះអង្គម្ចាស់ Albert Ⅱ បានថ្លែងនៅពេលជួបពិភាក្សាការងារនៅក្រុងប៉េកាំងថា ពិតមែនតែប្រទេសចិននិងម៉ូណាកូមានចម្ងាយឃា្លតពីគ្នាក្តី ហើយសភាពការណ៍ជាតិក៏ខុសគ្នា ក៏ប៉ុន្តែប្រទេសទាំងពីរប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក ភាពស្មើគ្នា កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីគឺល្អណាស់ ។ រំលឹកឡើងវិញនូវការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសចិននិងម៉ូណាកូក្នុងរយៈពេលជាង២០ឆ្នាំបន្ទាប់ពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងផ្លូវទូត គឺមិនពិបាកឃើញនោះទេថា នេះពិតជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានភាពច្នៃប្រឌិតថ្មីឆ្ពោះទៅពេលអនាគត ។
ក្នុងឆ្នាំ ២០១២ កន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍ម៉ូណាកូបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ Huawei នៃប្រទេសចិន។កាលពីខែកញ្ញា ឆ្នាំមុន ក្រុមហ៊ុនទូរគមនាគមន៍ម៉ូណាកូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបច្ចេកវិទ្យាទំនាក់ទំនង 5G ជាមួយក្រុមហ៊ុន Huawei ជាផ្លូវការ ហើយម៉ូណាកូក៏នឹងក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលប្រើប្រាស់បណ្តាញ 5G ទូទាំងប្រទេស។កិច្ចសហការថ្មីបំផុតនេះនឹងអំណោយផលដល់ការជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃគម្រោងទីក្រុងដ៏ឆ្លាតវៃនៅក្នុងប្រទេសម៉ូណាកូ។មិនត្រឹមតែនៅក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ប៉ុណ្ណោះទេ ប្រទេសចិននិងម៉ូណាកូក៏ទទួលបានសមិទ្ធផលក្នុងវិស័យទូទាត់តាមបច្ចេកវិទ្យាអេឡិចត្រូនិកផងដែរ។កាលពីខែមិថុនា ឆ្នាំ ២០១៧ ប្រទេសម៉ូណាកូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Alipay របស់ប្រទេសចិនដើម្បីជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរចិនក្នុងជំនួញនៅម៉ូណាកូ។
លោកស៊ីជីនភីងប្រធានរដ្ឋចិនបានសម្តែងការកោតសរសើរចំពោះការការពារអេកូបរិស្ថាននិងការអភិវឌ្ឍបៃតង លោករំពឹងថាប្រទេសទាំងពីរនឹងធ្វើការពិគ្រោះពិភាក្សានិងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារបរិស្ថាន ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ថាមពលស្អាតនិងការការពារសត្វព្រៃជាដើមក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ។លោកអនុប្រធាននៃមូលនិធិព្រះអង្គម្ចាស់Albertទី២នៃប្រទេសម៉ូណាកូដែលជាអង្គការការពារបរិស្ថានធំជាងគេនៃប្រទេសម៉ូណាកូបានយល់ឃើញថា ប្រទេសទាំងពីរម៉ូណាកូនិងចិនមានទស្សនៈនិងឆន្ទៈដូចគ្នាក្នុងវិស័យការពាររិស្ថាន ហើយបានទទួលសមិទ្ធផលជាច្រើនក្នុងវិស័យការពារបរិស្ថាន។ដោយសារប្រទេសចិនក្នុងឋានៈឈានមុខមុនគេលើឆាកអន្តរជាតិក្នុងវិស័យរថយន្តថាមពលស្អាត ការនេះនឹងនាំមកនូវកិច្ចសហប្រតិបត្តិការជាច្រើនទៀតសម្រាប់ភាគីទាំងពីរ។
នៅក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្ម របៀបដោះស្រាយទំនាក់ទំនងជាមួយអន្តជាតិតែងតែជាបញ្ហាមួយដែលប្រទេសនិងជនជាតិនីមួយៗត្រូវប្រឈមមុខ ។ ប្រទេសចិនផ្តួចផ្តើមគំនិតជានិច្ចថា មិនថាប្រទេសធំឬតូច ក្រឬមាន ពូកែឬអន់ខ្សោយ សុទ្ធតែជាបុគ្គលមួយដែលមានសមភាពក្នុងសហគមន៍អន្តរជាតិ ។ ជាពិសេសគឺ ពិភពលោកនាពេលបច្ចុប្បន្ននេះមិនមែនជាពិភពលោកឯកតោភាគីទៀតឡើយ បញ្ហាសកលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា ហិរញ្ញវត្ថុ បរិស្ថាននិងការប្រឆាំងភេរវកម្មជាដើម មិនអាចដោះស្រាយបានដោយប្រទេសណាមួយតែម្នាក់ឯងនោះទេ ។ ពោលគឺប្រទេសនានាត្រូវរួមសហការគ្នា តាមរយៈការបង្កើតយន្តការពហុភាគី ដើម្បីដើរដល់ការមូលមតិទៅវិញទៅមក ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមគ្រប់ប្រភេទក្នុងការគោរពនិងជឿទុកចិត្តពីគ្នា ។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ប្រទេសចិនបានបង្កើតគោលដៅអភិវឌ្ឍន៍រយៈពេលខ្លី មធ្យមនិងវែង ដោយបានសង្កត់ធ្ងន់ថាត្រូវតែប្រកាន់ខ្ជាប់លើទស្សនៈអភិវឌ្ឍន៍ថ្មីដែលច្នៃប្រឌិតថ្មី ស៊ីសង្វាក់គ្នា បៃតង បើកទូលាយនិងចែករំលែកជាមួយគ្នា ។ ពិតមែនតែប្រទេសម៉ូណាកូជាប្រទេសតូច ប៉ុន្តែមានការគោរពចំពោះធម្មជាតិនិងប្រវត្តិសាស្ត្រក្នុងដំណើរការអភិវឌ្ឍ ដែលជាទស្សនៈអភិវឌ្ឍន៍ទីក្រុងដ៏មានលក្ខណៈពិសេសតែមួយគត់មានតម្លៃគួរឲ្យប្រទេសចិនរៀនសូត្រតាម ។ ប្រការទាំងនេះសុទ្ធតែបានផ្តល់លំហដ៏ទូលំទូលាយសម្រាប់ភាគីទាំងពីរធ្វើកិច្ចសហប្រតិបត្តិការនៅពេលអនាគតក្នុងវិស័យជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការការពារបរិស្ថាន សេវាកម្មផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍជានិរន្តរភាព ទេសចរណ៍និងការផ្លាស់ប្តូរផ្នែកមនុស្សសាស្ត្រនិងវប្បធម៌ជាដើម ៕