គណៈកម្មាធិការរៀបចំការចរចាររវាងប្រមុខរដ្ឋកូរ៉េខាងត្បូងនិងខាងជើងបានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទីមួយកាលពីថ្ងៃទី ១៦ ខែមីនា ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក Im Jong-seok ប្រធានគណៈកម្មាធិការរៀបចំការចរចារវាងប្រមុខរដ្ឋកូរ៉េខាងត្បូងនិងខាងជើងបានឲ្យដឹងថា គណៈកម្មាធិការនេះបានធ្វើសេចក្តីសម្រេចចិត្តថានឹងលើកសំណើជាផ្លូវការជូនភាគីកូរ៉េខាងជើងឲ្យរៀបចំការចរចាជាន់ខ្ពស់រវាងកូរ៉េខាងត្បូងនិងខាងជើងនៅចុងខែមីនានេះ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការបើកធ្វើការចរចារវាងប្រមុខរដ្ឋកូរ៉េខាងត្បូងនិងខាងជើង ព្រមនិងជំរុញឲ្យក្រុមកីឡាតៃក្វាន់ដូនិងក្រុមសិល្បៈកូរ៉េខាងត្បូងទៅធ្វើការសំដែងនៅកូរ៉េខាងជើងនៅដើមខែមេសាខាងមុខនេះ ។
លោក Im Jong-seok បានថ្លែងថា ភាគីកូរ៉េខាងត្បូងនឹងធ្វើការបូកសរុបពីបទពិសោធន៍នៃការចរចារវាងប្រមុខរដ្ឋកូរ៉េខាត្បូងនិងខាងជើងចំនួនពីរលើកកាលពីមុនកន្លងមក ហើយបង្កើតគណៈប្រតិភូទីប្រឹក្សាមួយដែលមានសមាសភាពពី៣០ទៅ៤០នាក់ ដើម្បីផ្តល់ជាសំណើនិងគំនិតយោបល់សម្រាប់ការចរចាររវាងប្រមុខរដ្ឋកូរ៉េខាងត្បូងនិងខាងជើងលើកនេះ ។ លោកLim Dong-won អតីតរដ្ឋមន្ត្រីបង្រួមបង្រួមជាតិកូរ៉េខាងត្បូង ត្រូវបានតែងតាំងជាប្រធាននៃគណៈប្រតិភូទីប្រឹក្សានេះ ។ ចំណែកឯសមាជិកផ្សេងទៀតគឺជាអ្នកជំនាញអំពីបញ្ហាឧបទ្វីបកូរ៉េដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ។
លោក Im Jong-seok បានថ្លែងទៀតថា ភាគីទាំងពីរកំពុងធ្វើការពិភាក្សាគ្នាជាក់ស្តែងអំពីការបើកខ្សែទូរស័ព្ទរវាងប្រមុខរដ្ឋកូរ៉ខាងត្បូងនិងខាងជើង បើសិនជាការចរចារជាន់ខ្ពស់អាចរៀបចំធ្វើនៅចុងខែនេះ គឺច្បាស់ជាអំណោយផលដល់ការបើកខ្សែទូរស័ព្ទក្លាយទៅជាការពិត ។ ចំពោះកាលបរិច្ឆេទសម្រាប់ការចរចារប្រមុខរដ្ឋវិញ លោក Im Jong-seok បានថ្លែងថា ដោយសារគិតពិចារណាថា ការចរចារនេះនឹងរៀបចំធ្វើនៅតំបន់ Pan mun jeom ដូច្នេះតាមផែនការ ការចរចារនេះប្រហែលនឹងរៀបចំធ្វើក្នុងរយៈពេលមួយថ្ងៃ ។