លោកស៊ីជីនភីង​ប្រធានរដ្ឋចិន​អញ្ជើញ​ទៅចូលរួម​សន្និសីទ​ក្រៅផ្លូវការ​លើកទី២៥​នៃ​​អ្នកដឹកនាំ​​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វីក​ ព្រមទាំង​ថ្លែងសុន្ទរកថា​សំខាន់ ​
2017-11-12 10:11:03  cri  Web Editor:Sun

   

    ថ្ងៃទី១១​ខែវិចិ្ឆកា​ សន្និសីទ​ក្រៅផ្លូវការ​លើកទី២៥​នៃ​អ្នកដឹកនាំ​​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វីក​បាន​បើកធ្វើ​នៅ​ក្រុង​ដាណាង​ប្រទេស​វៀតណាម​។​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​បាន​អញ្ជើញ​ចូលរួម​ហើយ​ថ្លែងសុន្ទរកថា​គន្លឹះ​ក្រោម​ចំណងជើងថា ​"ចាប់ដៃគ្នា​ចារ​ទំព័រថ្មី​​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​នៃ​អាស៊ីប៉ាស៊ីហ្វិក" ​ដោយ​គូសបញ្ជាក់ថា​ ភាគីនានា​នៃ​អាស៊ីប៉ាស៊ីហ្វិក​ត្រូវតែ​ខិតខំ​ជំរុញ​ការច្នៃប្រឌិតថ្មី​ឥតឈប់ឈរ​ ប្រកាន់ខ្ជាប់​ការពង្រីក​​ការបើកចំហ​ចំពោះ​ក្រៅប្រទេស ​សកម្ម​អនុវត្ត​ការអភិវឌ្ឍ​ដោយ​បរិយាប័ន្ន​វិជ្ជមាន​ បំពេញ​ខ្លឹមសារ​នៃ​ទំនាក់ទំនង​ដៃគូ​ឥតឈប់ឈរ​ ហើយ​ណែនាំ​ការអភិវឌ្ឍ​និង​ភាពរុងរឿង​វគ្គថ្មី​ទៅ​ពិភពលោក​ទាំងមូល ។

ប្រធានបទ​នៃ​សន្និសីទ​ក្រៅផ្លូវការ​លើកទី២៥​នៃ​អ្នកដឹកនាំ​​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វីក​លើកនេះគឺ​ "បង្កើត​កម្លាំង​ចលករ​ថ្មី​​ ​ត្រួសត្រាយ​និង​ចែករំលែក​អនាគត"​ ។ ​អ្នកដឹកនាំ​នៃ​តួអង្គសេដ្ឋកិច្ច​នានា​ដែល​ចូលរួម​សន្និសីទ​បាន​ផ្លាស់ប្តូរ​មតិគ្នា​យ៉ាង​ជ្រាលជ្រៅ​ជុំវិញ​បញ្ហា​សំខាន់ៗ​ដែលបាន​ពិភាក្សា​​ ដូចជា​កំណើន​ច្នៃប្រឌិតថ្មី​នៃ​យុគសម័យ​ឌីជីថល ​បរិយាប័ន្ន​និង​​និរន្តរភាព​ការងារ​ ​និង​ការត្រួសត្រាយ​និង​ចែករំលែក​អនាគត​ជាដើម ។

   លោកស៊ីជីនភីង ​បាន​គូសបញ្ជាក់​ក្នុង​សុន្ទរកថា​ថា ​បី​ឆ្នាំកន្លង​មក​នេះ ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ងើបឡើងវិញ​ជាបណ្តើរៗ ​ជំនឿ​ចិត្ត​របស់​បណ្តា​ភាគី​ក៏​កំពុង​កើន​ឡើង​ជា​បណ្តើរៗ​ដែរ​។ ​យើង​ចង់​ឃើញ ​សេដ្ឋកិច្ច​ពិភពលោក​ផ្លាស់ប្តូរ​យ៉ាង​ជ្រាល​ជ្រៅ។ ​គ្រប់ភាគី​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវតែ​អនុវត្ត​សកម្មភាព​ជាក់ស្តែង​ដោយ​ស្រប​តាម​និន្នាការ​អភិវឌ្ឍន៍ ​ដើម្បី​ណែនាំ​ពិភពលោក​ទាំងមូល​ឈាន​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព​និង​ភាពរុងរឿង​វគ្គ​ថ្មី។​

     ទី១​ ខិតខំព្យាយាមជំរុញការច្នៃប្រឌិតថ្មី​ កសាងកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា

    ទី២​ ពង្រីកការបើកចំហដោយម៉ឺងម៉ាត់មិនងាករេ ​កសាងទំហំអភិវឌ្ឍន៍យ៉ាងទូលំទូលាយ

    ទី៣​ អនុវត្តការអភិវឌ្ឍដោយបរិយាប័ន្នវិជ្ជមាន​ ធ្វើឲ្យប្រជាជនមានអារម្មណ៍ទទួលបានផលកាន់តែច្រើន

    ទី៤​ ធ្វើឲ្យទំនាក់ទំនងភាពជាដៃគូមានខ្លឹមសារសម្បូរបែបឥតឈប់ឈរ​ សម្រេចបានការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។

    លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា​ សមាជបក្សកុម្មុយនិស្ត​ចិន​លើកទី​ ១ ​បាន​ធ្វើឡើង​​ដោយ​ជោគជ័យកាលពី​ខែ​តុលា​ ឆ្នាំ​២០១៧​ សមាជនេះ​បាន​កំណត់យុទ្ធសាស្ត្រ​ជា​មូលដ្ឋាន​និង​ផែនការ​អភិវឌ្ឍន៍​នាពេល​អនាគត​។​ យើង​ខ្ញុំ​នឹង​ប្រកាន់​ខ្ជាប់​នូវ​គំនិត​អភិវឌ្ឍន៍​ដែល​ចាត់​ទុកប្រជាជន​ជាស្នូល​ ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ទទួលបាន​ការរីក​ចម្រើន​ទាំងស្រុង​ សង្គម​ទទួលបាន​ការ​អភិវឌ្ឍគ្រប់ជ្រុង​ជ្រោយ​។យើង​ខ្ញុំ​នឹង​បង្កើន​ការ​អនុវត្ត​ជាក់ស្តែង​នូវ​ទស្សនៈអភិវឌ្ឍន៍​ថ្មី​ ជំរុញ​កំណែ​ទម្រង់​គ្រប់ជ្រុងជ្រោយ​ដោយ​ស៊ី​ជម្រៅ​ បង្កើន​ល្បឿន​កសាង​ប្រទេស​បែប​ច្នៃ​ប្រឌិតថ្មី​  ជំរុញ​ការ​បង្កើត​ទៅ​ជា​និម្មាបនកម្ម​ថ្មី​ដែល​បើកទូលាយ​គ្រប់​ជ្រុង​ជ្រោយ​ និង​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទំនើបកម្ម​។លោក​ជឿ​ជាក់​ថា​ ប្រទេស​ចិន​ដែល​មាន​កម្លាំង​ចលករ​អភិវឌ្ឍន៍​គ្រប់គ្រាន់​ ប្រជាជន​មាន​អារម្មណ៍​ទទួល​បានផល​យ៉ាង​ខ្លាំង​ ព្រម​និង​មាន​ការ​ទាក់ទង​ជាមួយ​អន្តរជាតិ​កាន់តែ​ស៊ីជម្រៅ​ ច្បាស់​ជា​នឹង​រួម​ចំណែក​យ៉ាង​សំខាន់ដើម្បី​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ដល់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រហូត​ដល់​ពិភពលោក​ជា​មិនខាន៕

   ក្នុង​សន្និសីទ​នា​ថ្ងៃ​ដដែល ​បណ្តា​ថ្នាក់​ដឹក​នាំ​នៃ​តួអង្គ​សេដ្ឋកិច្ច​បាន​ពិគ្រោះ​ពិភាក្សា​គ្នា​ជុំវិញ​ប្រធាន​បទ​ស្តីពី​កម្លាំង​ចលករ​ថ្មី​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​តំបន់​ វិនិយោគ​ ​ការ​ត​ភ្ជាប់​គ្នា​និង​ការ​ប្រាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក។​លោក ​ស៊ីជីនភីង​បាន​ថ្លែង​ថា ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ ​តួអង្គ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​បាន​រក្សា​កំណើន​យ៉ាង​ឆាប់​បង្គួរ​និង​មាន​ស្ថិរភាព ​បាន​ផ្តល់​កម្លាំង​ចលករ​យ៉ាង​រឹងមាំ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។​ក្នុង​នោះ​មាន​ចំណុច​សំខាន់​ពីរ​គឺ​ទី​១​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​រក្សា​ទំហំ​អភិវឌ្ឍ​ដែល​បើក​ចំហ​យ៉ាង​ម៉ត់ចត់ ​ការ​នេះ​បាន​បង្កើត​លក្ខខ័ណ្ឌ​អនុគ្រោះ​ដល់​សកម្មភាព​ពាណិជ្ជកម្ម​និង​វិនិយោគ​។​ទី​២​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ត្រួស​ត្រាយ​វិស័យ​សហប្រតិបត្តិការ​ថ្មី​នៃ​ការ​ត​ភ្ជាប់​គ្នា​និង​ការ​ទាក់​ទង​គ្នា ​បាន​បញ្ចេញ​កំណើន​សក្តានុពល​យ៉ាង​ធំ​។​យើង​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ទស្សនៈ​កិច្ច​សហប្រតិបត្តិការ​ គាំពារ​ពាណិជ្ជកម្ម​និង​វិនិយោគ​សេរី​និង​បើក​ចំហ​ រួម​គ្នា​ជំរុញ​កិច្ច​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ីប៉ាស៊ីហ្វិក​ អនុវត្ត​ផែន​ការ​ត​ភ្ជាប់​គ្នា​និង​ការ​ទាក់​ទង​គ្នា ​ដើម្បី​បញ្ចូល​កម្លាំង​វិជ្ជមាន​ឥត​ឈប់ឈរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

     បណ្តា​ថ្នាក់​ដឹក​នាំ​នៃ​តួ​អង្គសេដ្ឋកិច្ច​បាន​ថ្លែង​ថា ​ពេល​បច្ចុប្បន្ន​ ​និន្នាការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​កើត​ឡើង​ ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះ​ក្តី​ ក៏​នៅ​តែ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​និង​ហានិភ័យ។​ភាគី​នានា​រំលឹក​ឡើង​វិញ​ថា​ត្រូវ​តែ​គាំទ្រ​ពាណិជ្ជកម្ម​និង​វិនិយោគ​ដោយ​សេរី​និង​ងាយ​ស្រួល ​គាំទ្រ​យន្តការ​ពាណិជ្ជកម្ម​ពហុ​ភាគី​ ជំរុញ​ការ​អភិវឌ្ឍ​បរិយាប័ន្ន ​ដើម្បី​ធ្វើ​ឲ្យ​ភាគី​នានា​សុទ្ធតែ​អាច​ទទួល​ផល​ប្រយោជន៍​ពី​ដំណើរ​នៃ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច​បាន​។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ