លោកស៊ីជីនភីង​ ប្រធានរដ្ឋចិន​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​នៃ​អ្នកដឹកនាំ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​APEC​ ព្រមទាំង​ថ្លែងសុន្ទរកថា​
2017-11-11 14:16:12  cri  Web Editor:Wei

    

     រសៀល​ថ្ងៃទី​ ១០ ​ខែវិច្ឆិកា​ លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​នៃ​អ្នកដឹកនាំ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​APEC​នៅក្រុង​ដាណាង​ប្រទេសវៀតណាម​តាម​សេចក្តីអញ្ជើញ​ ព្រមទាំង​បាន​ថ្លែងសុន្ទរកថា​ដែល​មាន​ចំណងជើង​ថា ​ក្តាប់ជាប់​ឱកាស​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ពិភពលោក​ ដើម្បី​ស្វែងរក​ការអភិវឌ្ឍ​កាន់តែធំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។​លោក​បាន​គូសបញ្ជាក់​ថា ​ពិភពលោក​កំពុង​ឋិតក្នុង​ដំណើរ​ប្រវត្តិសាស្ត្រ​ដែល​ផ្លាស់ប្តូរ​យ៉ាងឆាប់រហ័ស​ សេដ្ឋកិច្ច​ពិភពលោក​កំពុង​មាន​ការប្រែប្រួល​កាន់តែ​ស៊ីជម្រៅ។​យើង​ចាំបាច់​ត្រូវតែ​អនុលោមតាម​និន្នាការ​ទូទៅ​ ហ៊ាន​ទទួលខុសត្រូវ​ រួមគ្នា​ត្រួសត្រាយ​អនាគត​ភ្លឺស្វាង​នៃ​ការអភិវឌ្ឍ​និង​ភាពរុងរឿង​របស់​អាស៊ី​ប៉ាស៊ីហ្វិក។​

    លោក​ស៊ីជីនភីង​ថ្លែងថា ​ពិភពលោក​កំពុង​ប្រឈមមុខនឹង​ការផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ​ដូចជា​រូបភាព​អភិវឌ្ឍន៍​​ពិភពលោក ​ដំណើរ​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​គ្រប់​គ្រង​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ជាដើម​។​ អាស៊ីប៉ាស៊ីហ្វិក​ជាចំណែក​ធំបំផុត​នៃ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ ហើយ​ក៏ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ​។ ​យើង​ត្រូវ​អង្កេត​មើល​និន្នាការ​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​ពិភពលោក​ រក​ទិសដៅ​ដ៏​ត្រឹមត្រូវ​ ក្តាប់​ក្បួនខ្នាត ​ហើយ​ទប់ទល់​នឹង​ការ​ផ្លាស់ប្តូរ​ដ៏​ជ្រាល​ជ្រៅ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ។​

    ទីមួយ​ បន្ត​ប្រកាន់​ខ្ជាប់​ការបើក​ចំហ​ផ្នែក​សេដ្ឋកិច្ច​​ ​ខិតខំ​សម្រេច​នូវ​ការ​ផ្តល់​ផលប្រយោជន៍​គ្នា​និង​ឈ្នះ-ឈ្នះ។​

    ទីពីរ​ បន្ត​ស្វែងរក​កំណើន​ច្នៃប្រឌិត​ថ្មី ​ដើម្បី​អភិវឌ្ឍ​កម្លាំង​កំណើន​ថ្មី។​

    ទីបី ​បន្ត​បង្កើន​ការ​តភ្ជាប់​គ្នា​និង​ការ​ទាក់ទងគ្នា​ទៅវិញទៅមក ​ដើម្បី​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​រួម​គ្នា។​

    ទីបួន ​បន្ត​បង្កើន​លក្ខណៈ​បរិយាប័ន្ន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​ទទួល​បាន​សមិទ្ធិផល​នៃ​ការអភិវឌ្ឍ​នេះ​។​

 

 

    លោក​ស៊ីជីនភីង​បាន​ថែ្លងថា​ នៅ​ខែ​តុលា​ ឆ្នាំនេះ​ សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី​១៩​បាន​បើកធ្វើ​នៅ​ក្រុង​ប៉េកាំង​ដោយ​ជោគជ័យ។​សមាជ​លើកនេះ​បាន​រៀបចំ​គោលលំនាំ​ប្រតិបត្តិ​និង​ផែនការ​អភិវឌ្ឍ​នៃ​សង្គមនិយម​ដែល​មាន​លក្ខណៈ​ពិសេស​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី។​ប្រជាជន​ចិន​នឹង​ចាប់​ធ្វើដំណើរ​លើ​វិថី​ជីវិតថ្មី​ក្រោម​ការដឹកនាំ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន។​យើងខ្ញុំ​នឹង​ជំរុញ​កិច្ចកសាង​គំនិត​ផ្តួចផ្តើម​ខែ្សក្រវាត់​មួយ​និង​ផ្លូវមួយ​ឲ្យ​ស៊ីជម្រៅ​ អនុវត្ត​គោលនយោបាយ​ស្តីពី​ការ​ធ្វើឲ្យ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​មាន​ភាពសេរី​និង​ភាពងាយស្រួល​ដែល​មាន​កម្រិតខ្ពស់​ព្រមទាំង​ជំរុញ​កសាង​បណ្តាញ​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ដែល​ប្រឈម​មុខនឹង​ការ​ប្រកួតប្រជែង​នៃ​សកលលោក​ទាំងមូល​ទៀត​ផង។​

    យើង​នឹង​ប្រកាន់​ខ្ជាប់​ការ​រក្សា​ការពារ​និង​កែ​លម្អ​ជីវភាព​របស់​ប្រជាជន​ក្នុង​ដំណើរ​អភិវឌ្ឍន៍ ​ដើម្បី​សម្រេច​គោលដៅ​ជួយ​ប្រជាជន​ក្រីក្រ​នៅ​ជនបទ​ឲ្យ​ចេញ​ផុត​ពី​បន្ទាត់​នៃ​ភាព​ក្រីក្រ​តាម​ស្តង់ដារ​បច្ចុប្បន្ន​ដល់​ឆ្នាំ​២០២០។​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​សម្បូរ​ធូធារ​ដោយ​គ្រប់​ជ្រុងជ្រោយ​ដែល​អាច​សមាមាត្រ​នឹង​ចំនួន​ប្រជាជន​១​ពាន់​៣​រយ​លាន​នាក់​។​នេះ​ជា​ដំណើរ​ថ្មី​ដែល​ជំរុញ​កសាង​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី​និង​ជំរុញ​បង្ក​បង្កើត​សមាគម​រួម​វាសនា​តែ​មួយ​នៃ​មនុស្ស​ជាតិ។​យើង​នឹង​ប្រកាន់​ខ្ជាប់​ដើរ​តាម​ផ្លូវ​អភិវឌ្ឍ​ដោយ​សន្តិភាព ​ហើយ​ធ្វើ​ជា​សសរ​ដើម្បី​ជ្រោង​សន្តិភាព​និង​ស្ថិរភាព​នៃ​ពិភពលោក​និង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ជា​និច្ច។​យើង​នឹង​ប្រកាន់​ទស្សនៈ​រួម​គ្នា​ពិគ្រោះ​ពិភាក្សា ​រួម​គ្នា​កសាង​និង​ចែក​រំលែក ​សកម្ម​ចូល​រួម​ក្នុង​ការ​កែ​ទម្រង់​និង​កិច្ច​កសាង​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ពិភពលោក​ទាំង​មូល ​ជំរុញ​របៀបរៀបរយ​នយោបាយ​និង​សេដ្ឋកិច្ច​អន្តរជាតិ​អភិវឌ្ឍឆ្ពោះ​ទៅ​កាន់​ទិស​កាន់​តែ​យុត្តិធម៌​និង​សម​ហេតុ​សម​ផល។​

    លោក​ស៊ីជីនភីងបាន​បញ្ជាក់​ថា​ សន្តិភាព ស្ថិរភាពនិង​ភាព​រុងរឿង​​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​សុទ្ធតែ​ជា​របស់​ប្រជាជន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល​  អនាគត​របស់​អាស៊ី​ប៉ាស៊ីហ្វិក​គឺ​អាស្រ័យ​ដោយ​ប្រជាជន​អាស៊ីប៉ាស៊ីហ្វិក​រួមសហការ​​គ្នា​បង្ក​បង្កើត​ឡើង​ ។​ទំនាក់ទំនង​ភាព​ជាដៃគូ​ដែល​ប្រកបដោយ​ការ​ជឿទុកចិត្ត​គ្នា​ បរិយាប័ន្ន​កិច្ចសហប្រតិបត្តិការ​និង​ភាព​ឈ្នះ-ឈ្នះ​គ្នា​ ជា​ចំណង​ស្មារតី​សម្រាប់​តភ្ជាប់​មហា​គ្រួសារ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​ ហើយ​ក៏​ជា​ការធានា​ដ៏​សំខាន់​​ដើម្បី​ធ្វើ​ឲ្យកិច្ច​សហប្រតិបត្តិការ​អាស៊ី​ប៉ាស៊ីហ្វិក​អាច​ដើរ​តាម​ផ្លូវដ៏​ត្រឹមត្រូវ​។ ​សូម​ឲ្យ​យើង​ធ្វើ​កិច្ចខិតខំ​ប្រឹង​ប្រែង​ចាត់​វិធានការ​ជាក់ស្តែង​ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ ដើម្បី​រួម​គ្នា​កសាង​អនាគត​ដ៏ល្អ​បវរ​ថែមទៀត​នៃ​តំបន់​អាស៊ី​បាស៊ីហ្វិក​។​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ