​លោកគីម ជុនអ៊ុន ជួប​ពិភាក្សា​ការងារ​​​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​
2018-04-16 11:16:23  cri  Web Editor:Guo

      ថ្ងៃទី ១៤ ខែ​មេសា នៅ​ទី​ស្នាក់​ការ​ទូទៅ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​ខាង​ជើង​ លោក គីម ជុនអ៊ុន ប្រធាន​បក្ស​ពលករ​កូរ៉េ​ខាង​ជើង​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក Song Tao រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​អន្តរជាតិ​​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និង​ជា​ប្រធាន​គណៈប្រតិភូ​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ចិន ។

      ក្នុង​កិច្ច​ជំនួប ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​មតិ​យោបល់​អំពី​ការ​បង្កើន​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​រវាង​បក្ស​និង​រដ្ឋ​​នៃ​ប្រទេស​ទាំង​ពីរ​ចិន​និង​កូរ៉េ​ខាង​ជើង​ ក៏​ដូច​ជា​បញ្ហា​អន្តរជាតិ​និង​តំបន់​ដែល​យកចិត្ត​ទុក​ដាក់​ដូច​គ្នា​ផង​ដែរ ។ ថ្លែង​ក្នុង​កិច្ច​ជំនួប លោក គីម ជុនអ៊ុន បាន​លើក​ឡើង​ថា ក្នុង​អំឡុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ខ្ញុំ​បាន​មើល​ឃើញ​ដោយ​ផ្ទាល់​​នូវ​សមិទ្ធផល​អភិវឌ្ឍន៍​ដ៏​គួរឲ្យ​ភ្ញាក់​ផ្អើល​របស់​ប្រទេស​ចិន​​ ខ្ញុំ​មាន​ក្តី​សោមនស្ស​​រីករាយ​ណាស់​ចំពោះ​ប្រជាជន​ចិន​ដែល​ជា​បង​ប្អូន​ ហើយ​រំពឹង​ថា​នឹង​រៀន​សូត្រ​ពី​បទពិសោធ​នៃ​បក្ស​កុម្មុយនិស្តចិន ព្រម​និង​បង្កើន​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​លើ​គ្រប់​វិស័យ​រវាងបក្ស​និង​រដ្ឋ​ទាំង​ពីរ ។ ជា​ការ​ឆ្លើយ​តប លោក Song Tao បាន​ថ្លែង​ថា ការ​គាំពារ​ឲ្យ​បាន​ល្អ ពង្រឹង​ឲ្យ​បាន​ល្អ​និង​អភិវឌ្ឍ​ឲ្យ​បាន​ល្អ​នូវ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង គឺ​ជា​គោលការណ៍​ណែ​នាំ​ដ៏​មុតមាំ​មិន​ងាករេ​របស់​បក្ស​និង​រដ្ឋាភិបាល​ចិន ។ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​កូរ៉េ​ខាង​ជើង អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​មតិ​ឯកភាព​សំខាន់ៗ​របស់​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​បក្ស​ទាំង​ពីរ ដើម្បី​រួម​ចំណែក​ក្នុង​ការ​រួម​គ្នា​ជំរុញ​ទំនាក់​ទំនង​ក្នុង​យុគសម័យ​ថ្មី​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង​ឲ្យ​វិវឌ្ឍ​រីក​ចម្រើន​​ឥត​ឈប់ឈរ បង្កើន​សុខ​សុភមង្គល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​គាំពារ​សនិ្តភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ