ក្រសួង​ការ​បរទេស​ចិន​ឆ្លើយតប​នឹង​រឿង​ដែល​អាមេរិក​បំផុស​សង្គ្រាម​ពាណិជ្ជកម្ម​៖​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ​នឹងកំដរ​លេង​ដល់​ទី​បំផុត
2018-03-24 15:08:48  cri  Web Editor:Wang

   ថ្ងៃទី​២២​ខែ​មីនា​ ​លោកត្រាំ​ប្រធានាធិបតី​អាមេរិក​បានចុះ​ហត្ថលេខាលើ​អនុស្សរណៈ​ ​ដោយ​ប្រកាស​ថា​នឹង​យក​ពន្ធ​គយ​ក្នុង​ទ្រង់ទ្រាយ​ធំ​ចំពោះ​ផលិតផល​នាំចូល​ពី​ចិន​ ​ព្រម​និង​ដាក់កំហិត​ចំពោះ​សហគ្រាស​ចិន​ក្នុង​ការ​វិនិយោគ​និង​ប្រមូល​ទិញ​សហគ្រាស​នៅ​អាមេរិក​ទៀត​ផង​។ ​ពេល​ឆ្លើយតប​នឹង​រឿង​នេះ​ ​លោកស្រី​ហួឈុនយីង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា​ ​ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ​នឹង​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន​យ៉ាង​ដាច់ខាត​។

     លោកស្រី​ហួឈុនយីង​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​នា​ថ្ងៃដដែល​នោះ​ថា​ ​ភាគី​អាមេរិក​មិន​អើពើ​នឹង​ការ​ពិត​ដែល​ប្រទេស​ចិន​បង្កើន​​ការ​ការពារ​កម្មសិទ្ធិបញ្ញា​ ​មិន​អើពើ​នឹង​ច្បាប់​កំណត់​​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​និង​មិន​អើពើ​នឹង​សំឡេង​អំពាវនាវ​នៃ​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​​ទូទៅ​ ​ប្រព្រឹត្ត​តាម​តែ​ទំនើង​ចិត្ត​​របស់​ខ្លួន​ ​នេះ​គឺជា​គំរូ​ជាក់ស្តែង​នៃ​ទង្វើ​ឯកតោភាគី​និយម​និង​ការ​គាំពារ​ពាណិជ្ជកម្ម​និយម​ ​ប្រទេសចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​។ ​ទោះ​នៅ​ក្រោម​សភាពការណ៍​យ៉ាង​ណា​ក្តី​ ​ក៏​ប្រទេសចិន​នឹង​មិន​អនុញ្ញាត​ឲ្យ​សិទ្ធិ​និងផល​ប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន​រង​ការ​ខូចខាត​នោះ​ដែរ​ ​យើង​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ពេញលេញ​រួច​ជា​ស្រេច​ ​ដើម្បី​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​យ៉ាង​ដាច់ខាត​។

     តាម​ដំណឹង​ឲ្យដឹងថា​ ​ក្រោយ​ពី​លោក​ត្រាំ​ចុះ​ហត្ថលេខាលើ​អនុស្សារណៈ​ ​លោក​ណាវ៉ារ៉ូ​​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ជាតិ​នៃ​សេតវិមាន​អាមេរិក​បាន​អះអាងថា​ ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ ​ប្រទេស​ចិន​ទទួល​បាន​ផល​ប្រយោជន៍​​ច្រើន​ជាង​អាមេរិក​ឆ្ងាយ​ណាស់​ ​ហេតុដូច្នេះ​ប្រទេស​ចិន​នឹង​ពិបាក​ធ្វើ​សេចក្តី​សម្រេច​ស្តីពី​ធ្វើ​ការ​សង​សឹក​ចំពោះ​អាមេរិក​វិញ​។​ ​ទាក់ទិន​នឹង​ប្រការ​នេះ​ លោកស្រី​ហួឈុនយីង​បាន​ថ្លែង​ថា​ ​ពាក្យសម្តី​ពាក់ព័ន្ធ​របស់​បុគ្គល​អាមេរិក​បាន​វិនិច្ឆ័យ​ខុស​ចំពោះ​ស្ថានការណ៍​ជាក់ស្តែង​ហើយ​ ពោល​គឺ​ជាំ​ការ​មើល​ស្រាល​លើ​ការ​ប្តេជ្ញា​​ចិត្ត​និង​សមត្ថកិច្ច​របស់​ប្រទេស​ចិន​ក្នុង​ការ​គាំពារ​សិទ្ធ​និង​ផល​ប្រយោជន៍ ស្របច្បាប់​របស់​ខ្លួន​ ​ព្រម​និង​ការ​ត្រូវ​បង់​តម្លៃ​ជា​ដាច់ខាត​ចំពោះ​ការ​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​របស់​ភាគី​អាមេរិក​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ