អ្នក​ជំនាញការ​វៀតណាម​កោត​សរសើរថា កិច្ច​សហប្រតិបតិ្តការ​ឡានឆាង-មេគង្គ​ទទួល​បាន​សមិទ្ធផល​ជាក់​ស្តែង​
2017-12-17 14:51:02  cri  Web Editor:Guo

      ថ្ងៃទី ១៥ ខែ​ធ្នូ ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​ពិសេស​ជា​មួយ​អ្នក​សារព័ត៌មាន​នៅ​ក្រុង​ហាណូយ លោក Hoang Quoc Dung សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបតិ្ត​របស់​សមាគមន៍​ការពារ​ធម្មជាតិ​និង​បរិស្ថាន​ប្រទេស​វៀតណាម​បាន​ថ្លែង​ថា គ្រាន់​តែ​រយៈពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ កិច្ចសហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ​ក៏​ទទួល​បាន​សមិទ្ធផល​ដ៏​សំខាន់ គឺ​ដោយសារ​ប្រទេស​ចិន​បាន​ដើរ​តួនាទី​វិជ្ជមាន​ក្នុង​ដំណើរការ​នេះ ។

      លោក Hoang Quoc Dung បាន​ថ្លែង​ទៀត​ថា ក្នុង​សនិ្នសីទ​ថ្នាក់​ដឹក​នាំ​លើក​ដំបូង​នៃ​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ​កាល​ពី​ខែ​មីនា​ឆ្នាំ​ទៅ​មិញ ​បាន​កំណត់​កម្មវិធី​បាន​ផល​មុន​គេ​ចំនួន ៤៥ បច្ចុប្បន្ន​នេះ​កម្មវិធី​ភាគ​ច្រើន​បាន​សម្រេច​ឬ​មួយ​ក៏​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ជាក់​ស្តែង នេះ​គឺ​ជា​សមិទ្ធផល​សំខាន់​របស់​យន្តការ​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ​តាំងពី​បាន​បង្កើត​ឡើង​រៀង​មក ។

      លោក Hoang Quoc Dung បាន​គូស​បញ្ជាក់​ថា យន្តការ​កិច្ច​ជំនួប​ច្រើន​ថ្នាក់​​ ក្នុង​នោះ​រួម​មាន​សនិ្នសីទ​ថ្នាក់​ដឹកនាំ​នៃ​កិច្ច​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ និង​សនិ្នសីទ​រដ្ឋមន្ត្រី​ការ​បរទេស​ជាដើម បាន​ផ្តល់​វេទិកា​សំខាន់​មួយ​សម្រាប់​ឲ្យ​ប្រទេស​ពាក់​ព័ន្ធ​យល់​ដឹង​គ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ដោយ​សមភាព បណ្តា​ប្រទេស​អាច​ផ្លាស់​ប្តូរ​មតិ​យោបល់​ដោយ​ចំហ​និង​ស្មោះ​ត្រង់​អំពី​បញ្ហា​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​ ដូច​ជា​ប្រភព​ទឹក​ជា​ដើម ដើម្បី​បង្កើន​ការ​យល់​ដឹង​គ្នា​និង​កិច្ច​សហប្រតិបតិ្តការ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ