សន្និសីទ​រដ្ឋមន្រ្តី​ការ​បរទេស​លើក​ទី​៣​នៃ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង–មេគង្គ​បើក​ធ្វើ​
2017-12-15 17:59:09  cri  Web Editor:Zheng

 

ថ្ងៃ​ទី​១៥​ខែ​ធ្នូ សន្និសីទ​រដ្ឋមន្រ្តី​ការ​បរទេស​លើក​ទី​៣​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាងមេគង្គ​បាន​បើក​ធ្វើ​នៅ​ក្រុង​តាលី​ខេត្ត​យូណាន​ប្រទេស​ចិន។​ សន្និសីទ​បាន​រំលឹកឡើង​វិញ​នូវ​​ដំណើរ​វិវឌ្ឍន៍​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​តាម​បណ្តោយ​ទន្លេ​ឡានឆាងនិង​មេគង្គ​ ដាក់ចេញ​​ផែនការ​ការងារ​ជំហាន​ក្រោយ​ និង​ធ្វើ​ការងារ​​ត្រៀម​រៀបចំ​យ៉ាង​ពេញ​លេញ​សម្រាប់ការ​​បើក​ធ្វើ​សន្និសីទ​ថ្នាក់​ដឹកនាំ​លើក​ទី ២ ។

លោក​វ៉ាងអ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​និង​លោក​ទេសរដ្ឋមន្រ្តី​ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អញ្ជើញ​ធ្វើ​ជា​អ្នក​សម្របសម្រួល​ក្នុង​សន្និសីទ។

ថ្លែង​ក្នុងសន្និសីទ លោក​វ៉ាងអ៊ី បាន​លើក​ឡើង​ថា កិច្ចសហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ​ជា​យន្តការ​សហប្រតិបត្តិការ​ក្នុងតំបន់​បែប​ថ្មី​ដែល​ប្រទេសទាំង​ ៦​ តាម​បណ្តោយ​ទន្លេ​ទាំងមូល​បាន​​រួម​គ្នាធ្វើ​ការ​ពិភាក្សា​​​ បង្កើតឡើង​ជា​មួយ​​គ្នា​​ និង​ចែក​រំលែក​ជា​មួយ​គ្នា​ ។ តាំង​ពី​ការ​ចាប់​ដំណើរ​ការ​យន្តការ​នេះ​អស់​រយៈ​ពេលមួយ​ឆ្នាំ​កន្លះ​កន្លង​ទៅ​នេះ កិច្ចសហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ​ទទួល​បាន​នូវ​ការ​វិវឌ្ឍរីក​ចម្រើន​​យ៉ាង​លេច​ធ្លោ​ដែលគួរ​ឲ្យកត់​សម្គាល់​​ ។ បណ្តា​ភាគី​នានា​បាន​ផ្តោត​សំខាន់​លើ​ការ​អនុវត្ត​ជាក់​ស្តែង​នូវ​គំនិត​ឯកភាពរួម​​នៃ​សន្និសីទ​ថ្នាក់​ដឹកនាំ​លើក​ដំបូង​ ដែល​នាំ​ឲ្យ​កិច្ចកសាង​យន្តការ​ទទួល​បាន​នូវ​សមិទ្ធផល​សំខាន់​ ការ​អនុវត្ត​គម្រោងពាក់​ព័ន្ធ​បាន​ប្រព្រឹត្តិទៅ​យ៉ាង​ល្អ​ប្រសើរ​ ឯ​ការ​បណ្តាក់​ទុន​ក៏​ដំណើរ​ការ​បាន​​រលូនដែរ​​ និម្មាបនកម្ម​នៃ​កិច្ចសហប្រតិបត្តិការ​ដោយ​គ្រប់​ជ្រុង​ជ្រោយបាន​និង​​កំពុង​ចេញ​ជា​រូបរាង​​ជា​ជំហាន​ដំបូង ហើយ​ការ​រួម​បញ្ចូល​នូវ​​ប្រភព​ធនធានគ្រប់​បែប​យ៉ាងទៅ​ក្នុង​កិច្ចសហប្រតិបត្តិការក៏​​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ គម្រោង​ស្តីពី​កិច្ចសហប្រតិបត្តិការ​នា​ពេល​អនាគត​បាន​ចេញ​ជា​រូប​រាង​​ជា​ទូទៅ កិច្ចសហប្រតិបត្តិការ​កំពុង​បោះ​ជំហាន​ទៅ​រក​ភាព​កាន់​តែស៊ី​ជម្រៅ​និងមាន​ភាពប្រាកដ​ប្រជា​ ។

រដ្ឋមន្រ្តី​នៃ​បណ្តាប្រទេស​ដែល​អញ្ជើញទៅ​​​ចូលរួម​សន្និសីទបាន​ឯកភាព​ទាំង​ស្រុង​នូវ​សុន្ទរកថា​របស់​លោក​វ៉ាង​អ៊ី ដោយ​បាន​កត់​សម្គាល់​ថា កិច្ចសហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ​​ជា​យន្តការ​សហប្រតិបត្តិការ​ក្នុង​តំបន់​បែប​ថ្មី​ ប្រទេស​ទាំង​ ៦ មាន​ឆន្ទៈ​​នយោបាយ​យ៉ាង​ខ្លាំងក្លា​អំពី​ការ​ចូលរួម​ជា​មួយ​យន្តការ​​មួយ​នេះ ​​ដែល​អាច​បំពេញ​បន្ថែម​គ្នានូវ​ឧត្តមានុភាព​ផ្នែក​សេដ្ឋកិច្ច​ ហើយ​អនាគត​នៃ​ការអភិវឌ្ឍ​មាន​ភាព​ល្អ​ប្រសើរ ។

សន្និសីទ​លើក​នេះ​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​លើ​​ឯកសារ​ស្តីពី​សមិទ្ធផល​នៃ​សន្និសីទ​ថ្នាក់​ដឹក​នាំ​លើក​ទី ២ ព្រមនិង​ឈាន​ដល់គំនិត​​​ឯកភាព​រួម​ជា​គោលការណ៍​ ។

សន្និសីទ​លើក​នេះក៏​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៃ​សន្និសីទ​រដ្ឋមន្រ្តី​ការបរទេស​លើក​ទី ៣ នៃ​​កិច្ចសហប្រតិបត្តិការ​ទន្លេ​ឡានឆាង​-មេគង្គ​ និង​ប្រកាស​ពី​បញ្ជី​រាយ​ឈ្មោះ​​ទី​ ១ ស្តីពី​​គម្រោងសហប្រតិបត្តិការ​មួយ​​ចំនួន​​ដែលមាន​​ការ​គាំទ្រ​ពី​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ និង​ការ​បង្កើត​វេទិកា​ព័ត៌មាន​ស្តីពី​កិច្ចសហប្រតិបត្តិការ​​ឡានឆាង​-​មេគង្គ និង​ផ្សព្វ​ផ្សាយ​បញ្ជី​រាយ​ឈ្មោះ​នៃ​ការ​សម្រេចបាន​នូវ​​សមិទ្ធផល​នៃ​សន្និសីទថ្នាក់​ដឹក​នាំ​លើក​ដំបូង​និង​លើក​ទី ២ ។

មុន​ពេល​បើក​ធ្វើ​​សន្និសីទ​ លោក​វ៉ាងអ៊ី​និង​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​ដែល​ចូល​រួម​សន្និសីទ​បាន​អញ្ជើញ​ទៅ​ទស្សនា​ពិព័រណ៍​រូបថត​អំពី​ផ្លែ​ផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាងមេគង្គ និង​ចូល​រួម​ពិធី​ចាប់​ដំណើរ​ការ​នៃ​វេបសាយ​ជា​ភាសា​ចិន​និង​អង់គ្លេសនៃ​លេខាធិការដ្ឋាន​ប្រទេស​ចិន​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​ឡាន​ឆាងមេគង្គ។បន្ទាប់​ពី​បញ្ចប់​សន្និសីទ រដ្ឋមន្រ្តី​ការ​បរទេស​ចិន​និង​កម្ពុជា​បាន​រួម​គ្នា​ជួ​ប​ជា​មួយ​អ្នក​សារ​ព័ត៌មានផងដែរ​ ​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ