លោក​​នី កែវប៉ុញ្ញា​ មន្រ្តី​​នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅប្រទេសចិនមាន​ចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះ​​ក្បាច់​គុន​កុងហ្វូ​ចិន
2017-11-18 18:37:03  cri  Web Editor:Zhai

    ថ្ងៃទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ គណៈប្រតិភូ​មន្រ្តីការទូតបរទេស​ប្រចាំ​នៅប្រទេសចិន​បាន​អញ្ជើញ​ទៅ​​ទស្សនានៅ​ក្រុង​ស៊ីងហ្វា​ ជា​ទីក្រុង​ល្បី​ឈ្មោះ​ផ្នែក​ប្រវត្តិសាស្រ្ត​និង​វប្បធម៌​នៃ​ខេត្តជាំងស៊ូ ប្រទេសចិន​ ។ គណៈប្រតិភូ​មន្រ្តីការទូត​បរទេស​បាន​ទៅ​ទទួលអារម្មណ៍​ពី​ការអភិវឌ្ឍយ៉ាង​លឿននៃធុរកិច្ច​​អេឡិចត្រូនិច​​លើ​វិស័យ​កសិករ​ កសិកម្ម​និង​ជនបទ​​ ព្រម​និង​សមិទ្ធផល​នៃ​កិច្ចកសាង​អេកូ​-​បរិស្ថាន​ ព្រម​​និងចូលរួម​​ទស្សនា​ការ​សម្តែង​សិល្បៈ​វប្បធម៌​ប្រពៃណី​ចិន​របស់សិស្សានុសិស្ស​ចិនទៀតផង​​។ 

 

 

​     ក្រោយ​ពី​បញ្ចប់​ការ​ទស្សនានៅសួន​ឧស្សាហកម្មធុរកិច្ចអេឡិចត្រូនិច​ក្រុង​ស៊ីងហ្វា​ គណៈប្រតិភូ​មន្រ្តីការទូតបរទេស​​បាន​អញ្ជើញ​ទៅ​ដល់​​​វិទ្យាល័យ​សាវយ៉ាងហ៊ូ​ និង​ទស្សនា​ការ​សម្តែង​សិល្បៈ​ដ៏​ល្អ​ឆើត​។ ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន លោក​នី កែវប៉ុញ្ញា​ លេខាធិការ​ទីមួយ​នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅប្រទេសចិន​បាន​មានប្រសាសន៍ថា ការ​សម្តែង​សិល្បៈ​លើក​នេះពិតជា​អស្ចារ្យ​​មែន ​​កម្មវិធីនីមួយ​ៗ​​សុទ្ធ​តែ​គួរ​ឲ្យ​ចង់​ទស្សនា​​ ដូចជា​ការ​សម្តែង​​​រាំនាគ​ លោកធ្លាប់​តែ​ទស្សនានៅ​​ក្នុងរោងភាពយន្ត​ឬ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះទេ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​អាច​ទស្សនា​ផ្ទាល់​នឹង​ភ្នែក​នៅ​នឹង​កន្លែង​ ពិតជា​​រំភើប​ចិត្ត​ណាស់ ។

លោក​នី កែវប៉ុញ្ញា​បានថ្លែង​ថា កម្មវិធី​សម្តែង​ដែល​លោក​ចូល​​ចិត្ត​បំផុត​គឺ​កម្មវិធីប្រើ​ដៃទទេ​ទៅ​លំពែង​ ដែលជា​ក្បាច់​គុន​កុងហ្វូ​ចិន​ម្យ៉ាង ។ លោក​ថ្លែង​ថា លោក​ធ្លាប់​ទស្សនា​ភាពយន្ត​ចិន​ដែល​ក្នុង​នោះ​មានបញ្ចូល​​ក្បាច់​គុនកុងហ្វូជា​​​ច្រើន ភាពយន្ត​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជនអាច​​ទទួល​អារម្មណ៍​ពី​កម្លាំង​ទាក់​ទាញ​ដ៏​អាថ៌កំបាំង​មួយពី​​ក្បាច់​គុន​កុងហ្វូ​ចិន ។ ហេតុ​ដូច្នេះ​ ភាពយន្ត​ក្បាច់​គុន​កុងហ្វូ​ចិនគឺ​​ពេញ​និយម​ណាស់លើ​ពិភពលោក​ ក៏​ដូចជា​​ក្នុង​ប្រទេស​កម្ពុជាផងដែរ ។

 

      ទោះបីជា​ការ​ទៅ​ទស្សនា​នៅ​ក្រុង​ថៃចូវ​មាន​​រយៈ​ពេលតែ​ ៣ ថ្ងៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​បាន​បន្សល់​នូវ​ចំណាប់អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​លោក​នី កែវ​ប៉ុញ្ញា​ ។ លោក​ថ្លែងថា​​​លោក​មានទឹក​ចិត្ត​​សោមនស្ស​រីករាយ​ណាស់​ដែល​មាន​ឱកាស​មកទស្សនា​ក្រុង​ថៃចូវ​ ។ ប្រជាជន​ក្នុង​តំបន់​នេះ​សុទ្ធតែ​មានភាពរាក់ទាក់​​​និង​រាប់អាន​ជាមួយ​យើង​ដោយ​​​ស្នាម​ញញឹមដ៏​ស្មោះ​ត្រង់​ ។​ ប្រទេសចិននិង​កម្ពុជា​ជា​ប្រទេស​ជិត​ខាង​ដែលមាន​វប្បធម៌​ស្រដៀង​គ្នា ។ ដំណើរ​ទស្សនកិច្ច​លើ​ក​នេះ​បានជំរុញ​ឲ្យ​យើង​មានការ​យល់​ដឹង​ពីគ្នា​កាន់តែ​ច្រើន​ និង​ធ្វើ​ឲ្យ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ចិន​មានភាពកាន់តែស៊ី​ជម្រៅ ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ