ប្រធានាធិបតី​នៃ​ប្រទេស​ប៉ាណាម៉ា​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​វ៉ាង​អ៊ី រដ្ឋម្ត្រី​ការ​បរទេស​ចិន
2017-09-18 15:05:51  cri  Web Editor:Guo

     

 ថ្ងៃទី ១៦ ខែ​កញ្ញា តាម​ម៉ោង​តំបន់ លោក Varela ប្រធានាធិបតី​នៃ​ប្រទេស​ប៉ាណាម៉ា​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​លោក វ៉ាង អ៊ី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប៉ាណាម៉ា​នៅ​ទី​ស្តីការ​ប្រធានាធិបតី ។

      ក្នុង​កិច្ច​ជំនួប លោក Varela បាន​ថ្លែង​ថា ប្រទេស​ប៉ាណាម៉ា​បាន​ចងសម្ព័ន្ធ​ផ្លូវ​ទូតជា​មួយ​ប្រទេស​ចិន​គឺ​បាន​ចារ​ទំព័រ​ថី្ម​សម្រាប់​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ ប្រទេស​ប៉ាណាម៉ា​បាន​គាំទ្រ​យ៉ាង​សកម្ម​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដែល​លោក​ប្រធាន​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ ហើយ​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ចិន​ដើម្បី​រួម​វិភាគទាន​ក្នុង​ការ​ជំរុញ​ការ​តភ្ជាប់​គ្នា​របស់​ពិភពលោក ។ ប្រទេស​ប៉ាណាម៉ា​នឹង​ប្រកាន់​ខ្ជាប់​គោលការណ៍​មាន​ប្រទេស​ចិន​តែ​មួយ និង​គោរព​តាម​កិច្ច​សន្យា​អំពី​បញ្ហា​តៃវ៉ាន់ មិន​ធ្វើ​រាល់​ការ​ដែល​ល្មើស​នឹង​គោលការណ៍​មាន​ប្រទេស​ចិន​តែ​មួយ​និង​បង្ខូច​ដល់​ទំនុក​ចិត្ត​ខាង​នយោបាយ​រវាង​ភាគី​ទាំង​ពីរ​នោះ​ទេ ។

ជា​ការ​ឆ្លើយ​តប លោក វ៉ាង​អ៊ី​បាន​ថ្លែង​ថា ការ​ពិត​ជាក់​ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រទេស​ចិន​និង​ប្រទេស​ប៉ាណាម៉ា​ចង​សម្ព័ន្ធ​ផ្លូវ​ទូត​គឺ​ស្រប​ទាំង​ស្រុង​នឹង​ផល​ប្រយោជន៍​ជា​ស្នូល​និង​យូរ​អង្វែង​របស់​ប្រទេស​និង​ប្រជាជន​បាណាម៉ា គឺ​ជា​ជំរើស​យុទ្ធសាស្ត្រ​ដ៏​ត្រឹម​ត្រូវ​មួយ​ ។ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ប៉ាណាម៉ា ដើម្បី​ត្រៀម​រៀបចំ​គម្រោង​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Varela នៅ​ប្រទេស​ចិន​ ដែល​ទស្សនកិច្ច​លើក​នេះ​នឹង​បង្ក​បង្កើត​យុគសម័យ​ថ្មី​សម្រាប់​កិច្ច​សហប្រតិបតិ្តការ​ដែល​ផ្តល់​ផល​ប្រយោជន៏​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​និង​ភាព​រុង​រឿង​រួម​ជា​មួយ​គ្នា​រវាង​ចិន​និង​ប៉ាណាម៉ា​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ