សន្និសីទ​ស្តីពី​យន្តការ​សហប្រតិបតិ្តការ​ធំៗ​ចំនួន​ទាំង​ពីរ​រវាង​ចិន​និង​ឥណ្ឌូនេស៊ី​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​
2017-08-24 14:39:20  cri  Web Editor:Guo

      នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ សន្និសីទ​ស្តីពី​យន្តការ​សន្ទនា​ថ្នាក់​ឧបនាយក​រដ្ឋមន្ត្រី​និង​យន្តការ​សន្ទនា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​រវាង​ចិន​និង​ឥណ្ឌូនេស៊ី​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន ។ នៅ​ថ្ងៃទី ២៣ ខែ​សីហា ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ លោកស្រី Hua Chun Ying អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ឧទ្ទេសនាម​ពី​លទ្ធផល​នៃ​សនិ្នសីទ​ពាក់ព័ន្ធ ព្រម​ទាំង​បាន​ថ្លែង​ថា ប្រការ​​នេះ​នឹង​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត ។

      លោកស្រី Hua Chun Ying បាន​ឧទេ្ទសនាម​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​ជាន់​ខ្ពស់​ និង​រក្សា​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​យ៉ាង​ជិត​ស្និទ្ធ​អំពី​បញ្ហា​ធំ​និង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ជា​បន្ត​ទៀត ដើម្បី​បង្កើន​ការ​តភ្ជាប់​គ្នា​រវាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​និង​កិច្ច​សហប្រតិបតិ្តការ​​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ ។ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ផង​ដែរ​ចំពោះ​ការ​​រួម​គ្នា​គាំពារ​សនិ្តភាព​និង​សិ្ថរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​និង​ក្នុង​​តំបន់ ក្នុង​ន័យ​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​និង​កិច្ច​សហប្រតិបតិ្តការ​អាស៊ីបូព៌ា​ឲ្យ​ទទួលបាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​និង​កាន់​តែ​មាន​ភាព​ស៊ីជម្រៅ ក៏​ដូច​ជា​​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​​និង​សម្រប​សម្រួល​គ្នា​ទាំង​ក្នុង​យន្តការ​អន្តរជាតិ​និង​យន្តការ​ពហុភាគី​ក្នុង​តំបន់​ផង​ដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ