សៀវភៅ​ជា​ខេមរភាសា​ ស៊ីជីនភីង​ ៖ ​អភិបាលកិច្ច​ប្រទេសចិន ​បាន​បោះពុម្ព​ផ្សាយ​ជាផ្លូវការ​នៅ​កម្ពុជា​
2017-04-11 17:52:25  cri  Web Editor:Sun Lingling

    ថ្ងៃទី១១ ខែមេសា ពិធីផ្សព្វផ្សាយសៀវភៅជាខេមរភាសាក្រោមចំណងជើងថា ​ស៊ីជីនភីង៖អភិបាលកិច្ចប្រទេសចិនដែលរៀបចំធ្វើដោយការិយាល័យព័ត៌មានក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន នាយកដ្ឋានភាសាបរទេសចិននិងស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបាន​ធ្វើនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនៅទីក្រុងភ្នំពេញ សម្តេចហ៊ុនសែន ​នាយករដ្ឋមន្ត្រីកម្ពុជា លោកJiang Jianguo រដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័ត៌មាននៃ​ប្រទេសចិននិងលោកXiongbo ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាព្រមទាំងភ្ញៀវ​កិត្តិយសប្រហែល៧០០រូបបានអញ្ជើញចូលរួមពិធី ។

    លោកJiang Jianguo រដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័ត៌មាននៃប្រទេសចិនបានថ្លែង​សុន្ទរកថាថា ចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរមានប្រវត្តិសាស្ត្រ​តាំងពីយូរលង់ណាស់មកហើយ ហើយក៏នឹងត្រូវពង្រឹងនិងពង្រីកបន្ថែមទៀតជានិច្ច​ផងដែរ ។ កាលពីខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ លោកប្រធានរដ្ឋចិនស៊ីជីនភីង​រួមជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​សម្រេចចិត្តថា នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុង​

ជ្រោយក្នុងគោលបំណងធ្វើឱ្យប្រទេសទាំងពីរនៅតែបន្តធ្វើជាមិត្តភ័ក្តិល្អដែលមាន​ការជឿទុកចិត្តលើគ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ ហើយក៏ជាដៃគូល្អដែលមាន​ភាពស្មោះត្រង់នឹងគ្នា ព្រមទាំងជាសហគមន៍រួមវាសនាតែមួយ ។ ជាមួយគ្នានេះដែរ ​កាលពីខែមីនាឆ្នាំ២០១៧ ក្នុងខណៈពេលចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះមហាក្សត្រីយ៍នរោត្តម មុនិនាថ សីហនុ លោកប្រធានរដ្ឋចិន ស៊ីជីនភីង ​បានទូលព្រះអង្គថាដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងកម្ពុជាមានការអភិវឌ្ឍដោយ​ស៊ីជម្រៅ ភាគីទាំងពីរត្រូវរក្សានិន្នាការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ដោយ​ធ្វើការប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ដូចជាការទៅលេងផ្ទះញាតិសន្តានអ៊ីចឹងដែរ​ដើម្បីធ្វើឱ្យទំនាក់ទំនងនិងការផ្លាស់ប្តូរគ្នាមានភាពកាន់តែជិតស្និទ្ធ។

    យើងខ្ញុំសង្ឃឹមថា ឆ្លងតាមរយៈការបោះពុម្ពផ្សាយសៀវភៅជាខេមរភាសា ស៊ី ជីនភីង​អភិបាលកិច្ចប្រទេសចិន»នេះ វានឹងក្លាយទៅជាឱកាសសម្រាប់បង្កើនការផ្លាស់ប្តូរ​បទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយប្រទេសកម្ពុជាស្តីពីអភិបាលកិច្ចរដ្ឋនិង​ការគ្រប់គ្រងនយោបាយ ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ ​ដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមានជាបន្តបន្ទាប់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជា​មេត្រីភាពរវាងប្រទេសទាំងពីរ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ