លោក​ស៊ី​ ជីនភីង​ ប្រធានរដ្ឋ​ចិន​និង​លោក​ត្រាំ ប្រធានាធិបតី​អាមេរិក​ចាប់​ផ្តើម​ធ្វើ​កិច្ច​ជំនួប​​រវាង​​​ប្រមុខ​រដ្ឋ​​ប្រទេស​ចិននិង​អាមេរិក
2017-04-07 16:15:50  cri  Web Editor:Zhai Qianqian

      

     ថ្ងៃទី ៦ ខែមេសា តាមម៉ោងអាមេរិក​ លោក​ស៊ី ជីនភីង​ប្រធានរដ្ឋ​ចិន​និង​លោក​ត្រាំ ប្រធានាធិបតី​អាមេរិកបាន​​ចាប់​ផ្តើម​ធ្វើ​កិច្ច​​ជំនួប​រវាង​​​ប្រមុខ​រដ្ឋ​​ប្រទេស​ចិននិង​អាមេរិកនៅភូមិ​គ្រឹះ​​Mar-a-Lago រដ្ឋផ្លរីដា​ សហរដ្ឋ​អាមេរិក​ ។ ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កិច្ចពិគ្រោះ​ពិភាក្សា​​​យ៉ាង​ស៊ី​ជម្រៅ ប្រកបដោយ​មេត្រីភាព និង​​ប្រើ​ពេលយ៉ាង​​យូរ ភាគី​ទាំង​ពីរ​បាន​វាយត​ម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ដែល​មានលក្ខណៈជា​​ប្រវត្តិសាស្រ្ត​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិននិង​អាមេរិក ហើយ​ឯកភាព​គ្នា​ចំពោះ​ការ​ឈរ​លើ​ទីចាប់​ផ្តើម​ថ្មី ​​ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិក​ឲ្យ​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​កាន់​តែ​ច្រើន​ថែម​ទៀត​ និង​ផ្តល់​សុខសុភមង្គល​កាន់​តែ​ច្រើន​ដល់​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ​និង​ប្រជាជន​នៃ​ប្រទេស​ដទៃ​ទៀត ។

      លោក ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​មាន​ភាព​ល្អ​ប្រសើរ មិន​ត្រឹម​តែ​មាន​អំណោយ​ផល​ដល់​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ថែម​ទាំង​មាន​អំណោយ​ផល​ដល់​ពិភពលោក​ទៀត​ផង ។ លោក ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ទៀត​ថា កិច្ច​សហប្រតិបតិ្តការ​គឺ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​តែ​មួយ​គត់​របស់​ប្រទេស​ចិន​និង​អាមេរិក ប្រទេស​យើង​ទាំង​ពីរ​អាច​ក្លាយ​ទៅ​ជា​ដៃគូ​កិច្ច​សហប្រតិបតិ្តការ​ដ៏​ល្អ​ប្រសើរ ។ ក្នុង​ដំណាក់​កាល​ក្រោយ ភាគី​ទាំង​ពីរ​ត្រូវ​គ្រោង​ផែនការ​និង​រៀបចំ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ ។ ភាគី​ទាំង​ពីរ​អាច​បន្ត​រក្សា​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​តាម​រយៈ​វិធី​គ្រប់​បែប​យ៉ាង ។ ត្រូវ​ប្រើ​ប្រាស់​ឲ្យ​បានពេញ​លេញ​នូវ​យន្តការ​សន្ទនា​​លំដាប់​ខ្ពស់​ទាំង​៤ ដែល​បាន​បង្កើត​ថី្ម​រួច​ស្រេច ពោលគឺ​កិច្ច​សន្ទនា​ស្តីពី​សនិ្តសុខ​ការទូត កិច្ច​សន្ទនា​ស្តីពី​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ កិច្ច​សន្ទនា​ស្តីពី​ការ​អនុវត្ត​ច្បាប់​និង​សនិ្តសុខ​តាម​បណ្តាញ​អ៊ីនធឺណែត និង​កិច្ច​សន្ទនា​ស្តីពី​សង្គមកិច្ច​និង​វប្បធម៌​មនុស្សជាតិ ។ ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​សមរម្យ​នូវ​បញ្ហា​រសើប និង​គ្រប់គ្រង​ការ​ខ្វែង​គំនិត​ដោយ​ក្នុងលក្ខណៈ​ស្ថាបនា ។

លោកត្រាំ ​ប្រធានាធិបតីអាមេរិកបានថ្លែង​ថា ក្នុងនាមជាមហាប្រទេសលើពិភពលោកប្រទេសទាំងពីរសហរដ្ឋអាមេរិក​​​​​​​និង​ចិនមានភារកិច្ចធ្ងន់​។ ដូច្នេះ ភាគីទាំងពីរ​ត្រូវរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួល​ស្តីពីបញ្ហាសំខាន់ៗ​ដែលអាចរួមគ្នាសម្រេចការធំមួយចំនួនបាន  ​ខ្ញុំមានការរំពឹងទុកយ៉ាងខ្លាំងចំពោះកិច្ចជំនួបរវាងប្រមុខរដ្ឋរវាងអាមេរិកនិងចិនលើកនេះ សង្ឃឹមថាអាចបង្កើតទំនាក់ទំនង​ការងារល្អប្រសើរជាមួយលោកស៊ី​ ជីនភីង​ ​ប្រធានរដ្ឋចិន​ដើម្បីជំរុញ​ទំនាក់ទំនង​អាមេរិក​និង​ចិន​ទទួលបានការវិវឌ្ឍនកាន់តែច្រើន 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ