ប្រទេស​ចិន ឡាវ មីយ៉ាន់ម៉ា​និង​ថៃ​ចាប់​ផ្តើម​ការ​រួម​គ្នា​អនុវត្ត​ច្បាប់​និង​យាម​ល្បាត​តាម​បណ្តោយ​ទន្លេ​មេគង្គ​លើក​ទី​៥៥
2017-02-22 15:27:21  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ២១ ខែ​កុម្ភៈ ស្ថាប័ន​នីតិប្រតិបតិ្ត​ច្បាប់​របស់​ប្រទេស​ទាំង​បួន គឺ​ប្រទេស​ចិន​ ឡាវ មីយ៉ាន់ម៉ា​និង​ថៃ​បាន​ចាប់​ផ្តើម​ការ​រួម​គ្នា​អនុវត្ត​ច្បាប់​និង​យាម​ល្បាត​តាម​បណ្តោយ​ទន្លេ​មេគង្គ​ជា​លើក​ទី ៥៥ នៅ​កំពង់​ផែ Guan Lei នៃ​តំបន់ Xi Shuang Ban Na ខេត្ត​យូណាន ប្រទេស​ចិន ដើម្បី​បង្កើន​កម្លាំង​វាយ​​បង្រ្កាប​និង​គ្រប់​គ្រង​ចំពោះ​បញ្ហា​សនិ្តសុខ​ដែល​ជា​បញ្ហា​លេច​ធ្លោ​តាម​បណ្តោយ​ទន្លេ​មេគង្គ ។

      ដំណើរ​យាម​ល្បត​របស់​ក្រុម​កប៉ាល់​រួម​គ្នា​យាម​ល្បាត​និង​អនុវត្ត​ច្បាប់​លើក​នេះ មាន​ចម្ងាយ​ជាង ៥ រយ​គីឡូម៉ែត្រ និង​ឆ្លង​កាត់​លំហ​ទន្លេ​តាម​ព្រំដែន​រវាង​ចិន​និង​មីយ៉ាន់ម៉ា និង​ព្រំដែន​រវាង​ឡាវ​និង​មីយ៉ាន់ម៉ា ។

      ក្នុង​អំឡុង​ពេល​ធ្វើ​ការ​យាម​ល្បាត ប្រទេស​ទាំង​បួន ចិន​ ឡាវ មីយ៉ាន់ម៉ា​និង​ថៃ​នឹង​ចាត់​បញ្ជូន​មេបញ្ជាការ​និង​មន្ត្រី​ទំនាក់​ទំនង​ទៅ​កាន់​កប៉ាល់​បញ្ជាការ​របស់​ប្រទេស​ចិន ដើម្បី រួម​គ្នា​បញ្ជាការ​និង​ធ្វើ​ការ​សម្រប​សម្រួល ។ ប្រទេស​ទាំង​បួន​នឹង​បង្រ្កាប​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​បទ​ឧក្រិដ្ឋ​ខុស​ច្បាប់​និង​ឆ្លង​ដែន​ដែល​កើត​ឡើង​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ ដូច​ជា​សកម្មភាព​ភេរវកម្ម ការ​ជួញដូរ​គ្រឿង​ញៀន និង​ការ​ជួញ​ដូរ​មនុស្ស​ជា​ដើម តាម​រយៈ​ការ​រួម​គ្នា​យាមល្បាត​និង​រួម​គ្នា​ស៊ើប​អង្កេត ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ