រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​ថ្លែងថា ​នឹង​ដកខ្លួន​ចេញ​ពី​ការពឹងផ្អែក​ប្រទេស​អាមេរិក​ដើម្បី​ស្វែងរក​ការទូត​ជា​ឯករាជ្យ​
2016-10-07 15:33:29  cri  Web Editor:Sun Lingling

ថ្ងៃ​ទី៦​ខែតុលា ​លោក ​Perfecto ​Yasay ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​បាន​ប្រកាស​សេចក្តីថ្លែងការណ៍​ដោយ​គូសបញ្ជាក់ថា​ រដ្ឋាភិបាល​ហ្វីលីពីន​នឹង​ដកខ្លួន​ចេញពី​ការពឹងផ្អែក​ប្រទេស​អាមេរិក​ ដើម្បី​ស្វែងរក​គោលនយោបាយ​ការទូត​ឯករាជ្យ ។

កាលពី​ថ្ងៃ​ទី៤​ខែតុលា ​លោក​ Rodrigo​ Duterte ​ប្រធានាធិបតី​ហ្វីលីពីន​បាន​ថ្លែងថា ​លោកនឹង​កែសម្រួល​គោលនយោបាយ​ការទូត ​ហើយ​ប្រហែលនឹង​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​អាមេរិក​ក្នុង​អាណត្តិ​របស់​លោក​នៅ​ទីចុងបំផុត​ ។​ សេចក្តីថ្លែងការណ៍​របស់​លោក​ Perfecto ​Yasay​ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ គឺជា​ការពន្យល់​ជាក់ស្តែង​ចំពោះ​សុន្ទរកថា​របស់​លោក ​Rodrigo ​Duterte ។

    ដោយឡែក ​កាលពី​ថ្ងៃទី២​ខែតុលា​ លោក ​Rodrigo ​Duterte ​បាន​បញ្ជាឲ្យ​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​នៃ​កិច្ចការពារ​ដែល​ប្រទេស​ហ្វីលីពីន​និង​អាមេរិក​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ២០១៤​កន្លងទៅ​ ហើយ​មិន​លុបចោល​លទ្ធភាព​ដែល​ទាមទារឲ្យ​កងទ័ព​អាមេរិក​ដកខ្លួន​ចេញពី​ប្រទេស​ហ្វីលីពីន​ទាំងអស់​នោះទេ ​។​ លោកបាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ម្តងទៀត ​កុំឲ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ហ្វីលីពីន ​ហើយ​កុំនិយាយ​ពីនេះពី​នោះ​ចំពោះ​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​របស់​ប្រទេស​ហ្វីលីពីន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ