លោកលីខឺឈាំង​នាយករដ្ឋមន្រ្តី​ជួប​ពិភាក្សា​ជា​មួយ​សម្តេច​ហ៊ុន​សែន​នាយករដ្ឋមន្រ្តី​កម្ពុជា
2016-09-08 10:55:14  cri  Web Editor:Zheng Lei

       យប់​ថ្ងៃ​ទី​៧​ខែ​កញ្ញា តាម​ម៉ោង​តំបន់ លោក​លីខឺឈាំង​នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​​ជា​មួយ​សម្តេច​ហ៊ុន​សែន​នាយករដ្ឋមន្រ្តី​កម្ពុជា​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​ក្រុង​វៀង​ចន្ទន៍​របស់​ប្រទេស​ឡាវ។

លោក​លីខឺ​ឈាំង​បាន​ថ្លែង​ថា ប្រទេស​ចិន​និង​កម្ពុជា​ជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ភ័ក្តិ​ល្អ និង​ដៃគូ​ល្អ។ភាគី​ចិន​នឹង​ខិត​ខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​កម្ពុជា​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ងាក​រេ សំដៅ​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​គាំពារ​អធិប​តេយ្យ​ភាព​និងឯករាជ្យ​ភាព រក្សា​ស្ថិរភាព​ក្នុង​ប្រទេស ពន្លឿន​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​លើក​កម្ពស់​ឋានៈរបស់​ខ្លួន​លើ​ផ្ទៃ​អន្តរជាតិ។លោក​លីខឺឈាំង​បាន​បង្ហាញ​ទៀត​ថា សង្ឃឹម​ភាគី​ទាំង​ពីរ​បន្ត​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ដូច​ជា​សមត្ថ​ភាពផលិតកម្ម សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កសិកម្ម ធារាសាស្រ្ត​និង​កិច្ច​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ដើម​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​និង​ប្រាកដ​ប្រជា ក្នុង​ន័យ​ជួយ​ប្រទេសកម្ពុជា​ឲ្យ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​និង​កែ​លំអ​ជីវភាព​រស់​នៅ​របស់​ប្រជាជន ហើយ​សម្រេច​ការ​ផ្តល់​​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ–ឈ្នះឲ្យ​បាន​កាន់​តែ​ប្រសើរ។

ជា​ការ​ឆ្លើយ​តប សម្តេច​ហ៊ុន​សែន​បាន​បង្ហាញ​ថា ភាគី​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​​ភាគី​ចិន​ដែល​បាន​ផ្តល់​ជំនួយដែល​មាន​​អំណោយ​ផល​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា ហើយ​កម្ពុជា​រីក​រាយ​ក្នុង​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់​ជា​មួយ​ភាគី​ចិន ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្តែង ព្រម​ទាំង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ចិនផង​ដែរ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ