លោក​Abe​សម្រេច​ថា​ប្រកាស​"សេចក្តី​ថ្លែងការណ៍​Abe"​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា
2015-08-08 16:48:41  cri  Web Editor:Zhang Shixin

      ​​តាម​ប្រព័ន្ធ​សារព័ត៌មាន​ជប៉ុន​ផ្សាយ​នៅ​ថ្ងៃ​ទី​៨​ខែ​សីហា​ឲ្យ​ដឹង​ថា​ ​លោក​Shinzo Abe​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​សម្រេច​ថា​នឹង​ប្រកាស​"សេចក្តី​ថ្លែងការណ៍​​Abe"​នៃ​ខួប​ឆ្នាំ​ទី​៧០​ក្រោយ​សង្គ្រាម​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​ ​ហើយ​ការ​នេះ​បាន​ទទួល​ការ​យោគយល់​ពី​បក្ស​Komeito​ដែល​ជា​បក្ស​រួម​គ្នា​កាន់​អំណាច​ជប៉ុន​​ ។​

      ​ថ្ងៃ​ទី​៧​ខែ​សីហា​ ​ក្នុង​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​នៃ​បក្ស​សេរី​ប្រជាធិបតេយ្យ​ជប៉ុន​ ​លោក​Abe​បាន​ថ្លែង​ថា​ ​លោក​នឹង​ថ្លែង​"សេចក្តី​ថ្លែងការណ៍​​Abe"​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​ដោយ​យោង​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈរដ្ឋមន្ត្រី​ ​ហើយ​បាន​ពន្យល់​ពី​ខ្លឹមសារនៃ​​សេចក្តី​ព្រាង​ដាក់​ជូន​លោក​Yamaguchi​ ។​ ​តាម​ការ​ផ្សាយ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ ​លោក​Yamaguchi​ទាមទារ​ឲ្យ​លោក​Abe​ដាក់​ពាក្យ​គន្លឹះ​ក្នុង​"សេចក្តី​ថ្លែងការណ៍​​Murayama​"​ដែល​បាន​ប្រកាស​នៅ​ឆ្នាំ​១៩៩៥​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ពាក្យ​"ឈ្លានពាន​" ​"នឹមត្រួតត្រា​អាណានិគម"​ និង​ពាក្យ​"សុំទោស​"​ជា​ដើម​ក្នុង​សេចក្តី​ថ្លែងការណ៍​Abe​ ​ប៉ុន្តែ​លោក​Abe​មិន​បាន​បញ្ចេញ​មតិត​របស់​លោក​​ចំពោះ​ការ​ដាក់​ពាក្យ​"សុំទោស"​នោះ​ទេ​ ។

      ​ថ្ងៃ​ទី​៨​ខែ​សីហា​ ​កាសែត​Yomiuri Shinbun​បាន​ផ្សាយ​ថា​ ​ពី​ពេល​មុន​​លោក​Abe​គ្រោង​ថ្លែង​សេចក្តី​ថ្លែងការណ៍​​ខួប​ឆ្នាំ​ទី​៧០​ក្រោយ​ពី​សង្គ្រាម​ជា​លក្ខណៈ​"ឯកជន"​ដែល​មិន​ចាំបាច់​ឆ្លង​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈរដ្ឋមន្ត្រី​ ​ដើម្បី​ចៀសពី​ការ​រឹតត្បិត​ដោយ​សារ​ប្រើ​ពាក្យ​ពី​មុន​ដូច​ជា​"សេចក្តី​ប្រកាស​Murayama"​និង​សេចក្តី​ប្រកាស​Koizumi​"​ ​។ ​ប៉ុន្តែ​បក្ស​Komeito​បាន​លើកឡើង​ថា​ ​"សេចក្តី​ថ្លែងការណ៍​​Abe"​ត្រូវ​តែ​បន្ត​ធ្វើ​តាម​គោល​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​កន្លង​មក​ ​​ចាំបាច់​ត្រូវ​តែ​ប្រកាស​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈរដ្ឋមន្ត្រី​ ​ ។

      ​តាម​ការ​ផ្សាយ​ចែង​ថា​ ​កម្លាំង​មួយ​ចំនួន​នៅ​ជុំវិញ​លោក​Abe ​ក៏​សង្ឃឹម​ថា​អាច​ប្រកាស​"សេចក្តី​ថ្លែងការណ៍​​"​នេះ​តាម​សេចក្តី​សមេ្រចចិត្ត​របស់​គណៈរដ្ឋមន្ត្រី​ដែរ​ ​ដើម្បី​សម្រេច​គោល​បំណង​ដែល​យក​"សេចក្តី​ថ្លែង​ការណ៍​Abe"​មក​លប់​បំបាត់​​"សេចក្តី​ប្រកាស​​Murayama"​នោះ ។

      ​"សេចក្តី​ប្រកាស​Murayama"​ខួប​ទី​៥០​ឆ្នាំ​ក្រោយ​ពី​សង្គ្រាម​និង​"សេចក្តីប្រកាស​Koizumi"​ខួប​ទី​៦០​ឆ្នាំ​ក្រោយ​ពី​សង្គ្រាម​សុទ្ធ​តែ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥​ខែ​សីហា​ដែល​អនុវត្តន៍​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈរដ្ឋមន្ត្រី​ ។​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ