郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនប្រកាសថា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិននឹងជួបសន្ទនាជាមួយគណៈប្រតិភូនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាននៅក្រុងដូហា

2021-10-25 19:20:38 cri

      រសៀលថ្ងៃទី​២៥ ខែតុលា ក្នុ​ងសន្និសីទសារព័ត៌មាន​ជា​ប្រចាំ​របស់ក្រសួងការ​បរទសចិន​ មាន​អ្នក​សារព័ត៌មាន​លើកសំណួរ​ស្តីពី​ការ​ដែល​លោក Wang Yi សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ចិនទៅបំពេញទស្សកិច្ច​នៅប្រទេស​កាតាពីថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ខែ​តុលា ព្រម​និង​ជួប​សន្ទនា​ជា​មួយ​គណៈប្រតិភូ​នៃ​រដ្ឋាភិបាល​​បណ្តោះអាសន្ន​របស់​អាហ្វហ្កានីស្ថាន​នៅក្រុង​​ដូហា ។

      ទាក់ទិន​នឹង​សំណួរ​នេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​កាតា ជា​ប្រទេស​សំខាន់​នៅតំបន់​ឈូង​សមុទ្រ​នៃមជ្ឈិម​បូព៌ា ហើយ​ក៏ជា​ដៃគូសហប្រតិបតិ្តការ​ដ៏​សំខាន់​របស់ប្រទេស​ចិន​លើវិស័យ​ថាមពល​ សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៅ​តំបន់​ឈូង​សមុទ្រ​នៃ​មជ្ឈិម​បូព៌ា​ផ​ង​ដែរ ប្រទេស​កាតា​បាន​ដើរ​តួនាទី​និង​មានឥទ្ធិពល​ដ៏​ពិសេស​ក្នុង​បញ្ហា​ជាចំណុច​ក្តៅ​ក្នុង​តំបន់​ ដូច​ជា​បញ្ហា​អាហ្វហ្កានីស្ថាន​ជាដើម ។ ដំណើរ​ទស្សនកិច្ច​របស់​លោក Wang Yi សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ចិននឹង​ជំរុញ​ថែម​មួយ​កម្រិត​ទៀត​នូវ​ការ​អនុវត្ត​គំនិត​ឯកភាពរួម​ដ៏សំខាន់​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ស្តីពី​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី ព្រម​និង​កសាងទំនុកចិត្តនយោបាយរវាងគ្នានិងគ្នាឱ្យ​មានភាព​កាន់​តែ​ស៊ីជម្រៅ បង្កើន​កិច្ច​សហប្រតិបតិ្តការ​ជាក់ស្តែង​ទ្វេភាគី ក៏ដូច​ជាជំរុញ​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រ​រវាង​ចិននិង​កាតា​ឱ្យ​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ថ្មីផង​ដែរ ។

      ដោយឡែកភាគីចិន​នឹងអង្គការ​តាលីបង់​ដែល​ជា​អាជ្ញាធរ​កាន់​អំណាចនៅអាហ្វហ្កានីស្ថានបាន​​កំណត់ថា នឹង​ជួប​សន្ទនា​នៅក្រុង​ដូហា ។ ឆ្លៀត​ឱកាសកិច្ច​ជំនួប​នេះ ភាគីទាំង​ពីរ​នឹងធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​អំពី​ស្ថានការណ៍​អាហ្វហ្កានីស្ថាន និង​បញ្ហា​ពិភាក្សា​ដែល​ភាគីទាំង​ពីរ​យក​ចិត្ត​ទុកដាក់​ដូចគ្នា ៕​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស