李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿង​ដ៏​អស្ចារ្យ​ដែល​កើត​ឡើង​លើ​ភ្នំ​អេ​វើ​រេ​ស

2021-09-23 15:47:16

    

 ជំរាបសួរ​ ប្រិយមិត្ត​ជា​ទី​មេត្រី​ ​ថ្ងៃ​នេះ​នាង​ខ្ញុំ​សូម​និយា​យ​អំពី​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​ដែល​បាន​កើត​ឡើង​លើកំពូល​ភាគ​ខាង​ជើង​នៃ​​ភ្នំ​អេ​វើ​រេ​សដែល​ជា​ភ្នំ​ខ្ពស់​បំផុត​លើ​ពិភពលោក​ ។​ នា​​វេលា​​ម៉ោង​ ៤ រសៀល​ថ្ងៃទី​ ២៤ ខែ​ឧសភា​ ឆ្នាំ​១៩៦០ ក្រុម​អ្នក​​ឡើង​​ភ្នំ​អេ​វើ​រេ​សនៃប្រទេស​ចិនមាន​​សមាជិក​ ៤ នាក់​ គឺ​លោក​WangFuzhou លោក​GongBu លោកQuYinhua និង​លោក​LiuLianman កំពុង​ធ្លាក់​ចូល​ភាព​ជាប់​​គាំង​ដំណើរ​​រយៈពេលច្រើន​ម៉ោង​​នៅ​ក្រោមច្រាំង​ថ្ម​ភ្នំដ៏ចោត​មួយ​កន្លែង​ ។ ​ពួកគេប្រជ្រៀត​​គ្នា​នៅ​លើ​ជម្រាលភ្នំ​ដែលមានទំហំប៉ុនបាតដៃក្រោមច្រាំងថ្ម ដង្ហក់​ដង្ហើម​នៅ​ក្នុង​ព្យុះ​ព្រិល​​​​កម្រិត​ ៧  ។

រយៈពេលជិត​​ ៤ ម៉ោងមុននេះ​ ក្រុម​អ្នកឡើង​ភ្នំទាំង​ ៤ នាក់​បាន​ព្យាយាម​សាកល្បង ​ឡើង​លើច្រាំងថ្មចោទ ៩០ ដឺក្រេដែលគេ​ហៅ​ថា“ ជំហានទីពីរ” ស្ថិត​នៅពីមុខពួកគេនេះ​ជា​ច្រើន​លើក​ច្រើនសា​ ប៉ុន្តែ​សុទ្ធតែ​បរាជ័យ​ទាំង​អស់ ។ សូមបញ្ជាក់​ថា​ ច្រាំង​ថ្មមួយ​នេះ​មាន​កម្ពស់​ជិត​ ៥ ម៉ែត្រ​ នៅ​លើ​ជញ្ជាំង​ថ្ម​គ្មាន​កន្លែង​ណា​អាច​ជាន់​បាន​ បើដាក់​នៅតំបន់រាបស្មើ​ក៏ពិបាកឡើងដែរ។ នៅ​រយៈកម្ពស់៨៦០០ម៉ែត្រនេះវិញ​ ដើរ​មួយជំហានៗត្រូវ​ដកដង្ហើមវែងៗ ថែម​ទាំង​មាន​សម្លៀកបំពាក់និងឧបករណ៍​ទប់ទល់​ភាព​ត្រជាក់​ដ៏ធ្ងន់ថែមទៀត​ ​ពិបាក​កម្រើក​ខ្លួន​​ ​ បើ​ចង់​ឡើង​ភ្នំគឺ​​ពិបាក​ដូច​ឡើង​លើ​មេឃ​។

“មិត្តភក្តិ​​ទាំង​អស់​គ្នា មេឃ..មេឃ​ជិត​ងងឹតហើយ​ ការព្យាករណ៍​អាកាសធាតុ​ថាស្អែក...នឹង​មាន​ធាតុអាកាស​អាក្រក់​...ថ្ងៃនេះ​ជា​ឱកាស​ចុងក្រោយ​បំផុត​សម្រាប់ឡើង​ភ្នំ អ្នក​ទាំង​អស់​គិត​យ៉ាង​ម៉េចដែរ​ ? ”

      លោកWangFuzhou ប្រធាន​​ក្រុមអ្នក​​ឡើងភ្នំកំពុង​សួរពួកគេ​ ៣ នាក់​ ប៉ុន្តែ​ពួកគេបាន​ចាត់ទុក​សំណួរនេះ​ថា​ជា​ការ​បញ្ជាទៅវិញ​ ។

“ខ្ញុំ​ឡើង​ភ្នំថ្ងៃនេះ ​មិន​ដែល​គិត​ថា​ចង់​ចុះ​ទៅវិញ​ទេ​​!​” លោកQuYinhuaដែល​ធ្លាប់​ធ្វើ​ជា​កម្មករ​កាប់ឈើ​បាន​ឆ្លើយ​។

“​​ ​ចុះ​ក៏​ស្លាប់​ ឡើង​ក៏​ស្លាប់ដូច​គ្នា​ ខ្ញុំ​សុខចិត្ត​ស្លាប់​នៅលើ​កំពូលភ្នំ​” លោកGongBu ​មកពី​ក្រុង​Rikazeតំបន់XiZang បាន​ឆ្លើយ​។

“ អ្វីដែល​សំខាន់​បំផុត​គឺ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឡើងច្រាំងភ្នំ​នេះបាន​។​ យើង​គួរតែ​រក​វិធីផ្សេង​ទៀត​ ។ ” ​​លោក​LiuLianman ដែល​ធ្លាប់​ធ្វើ​ជា​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​បាន​និយាយ​បែបនេះ​  ។ លោក​បាន​ចូលរួម​ការ​ហ្វឹកហាត់​ឡើងភ្នំ​មុន​ពួក​គេ​ ៣ នាក់​ផ្សេងទៀត​ ហើយ​គាត់​ជា​មនុស្ស​សំខាន់​នៃ​ក្រុមមួយ​នេះ​ ដែល​ទទួលខុសត្រូវ​បើក​ផ្លូវ​ក្នុងដំណើរ​ឡើង​ភ្នំ ។

“លោកLiu លោក​មាន​វិធី​អី​ល្អ​ទេ​ ? ”

“រៀបកាំជណ្ដើរជាន់ឡើង​លើ​គ្នា! ”

“ ធ្វើ​យ៉ាង​ម៉េច​ទៅ? ”

 “ ខ្ញុំ​មាន​បទ​ពិសោធន៍  កាលពីមុនខ្ញុំ​ធ្លាប់​ធ្វើ​បែបនេះ​ដើម្បីពន្លត់​អគ្គិភ័យ ។ ខ្ញុំ​ធ្វើ​ជា​កាំ​ជណ្ដើរ​​ខាងក្រោម ពេល​អ្នកទាំងអស់គ្នា​ឡើង​ទៅលើ​ ទាញ​ខ្ញុំ​ឡើង​លើទៅ​​បាន​ហើយ ។​”

“អត់​ទេ មិនកើត​ទេ​​ បាត​ស្បែក​ជើង​ពួក​យើង​មាន​ដែកគោល​ ជាន់​លើស្មា​លោកមិន​​​កើត​ទេ​ ប្រាកដ​ជារបួស​ហើយ​។” លោក​WangFuzhou បាន​និយាយ​ជំទាស់​។

“លោក​ប្រធាន​ កុំ​ខ្វល់​អី​ ឱ្យតែ​ឡើង​ភ្នំ​បាន​ ខ្ញុំ​សុខចិត្ត​ធ្វើ​បែបនេះ​ ។ ​” LiuLianman បានតបទៅវិញ​ ។

“ អ៊ីចឹង​ ធ្វើ​តាម​វិធីនេះទៅ​” WangFuzhou បាន​សម្រេច​ចិត្ត​ ហើយ​ងាក​ទៅ​ប្រាប់​QuYinhua ថា​ “ លោក​​អាចកាន់​ពូថៅដៃ​ទាំង​ពីរបាន​​ លោក​​ឡើង​មុន​ ដំ​ដែក​គោល​ប៉ុន្មាន​គ្រាប់​លើ​ជញ្ជាំង​ថ្ម ។ ”  

QuYinhua ស្តាប់ហើយ រួច​ឱន​ទៅ​ដោះ​ស្បែក​ជើងចេញ​។ “ លោកQu លោក​​កំពុង​ធ្វើ​អីហ្នឹង ?”

“ខ្ញុំ​មិនអាច​ពាក់​ស្បែក​​ជើងជាន់​លើលោក​បាន​​ទេ​​​ ! ”

“ ជើង​លោក​នឹង​ត្រជាក់​ដើរមិនរួចទេ​ !​”

“ឈប់​រញ៉ែរញ៉ៃទៀត​ទៅ​ !​​​ ”

QuYinhua បាន​ដោះស្បែកជើង​និង​ស្រោម​ស្បែក​ជើង​ ហើយ​ជាន់​លើ​ស្មា​របស់​លោកLiuLianman ដោយ​ជើង​ទទេ។

LiuLianman ផ្អែក​លើ​ជញ្ចាំងថ្ម ខំប្រឹង​ឈរឡើងដោយ​ទ្រលោក​ QuYinhua លើស្មាទាំង​ពីរ​ ។ QuYinhua បាន​យក​ដែកគោលចេញ​មក​ដំលើ​ជញ្ជាំង​ថ្ម ។ ការ​ងារបែប​នេះ​អាច​សម្រេច​បាន​ក្នុងរយៈពេល​ប៉ុន្មាន​នាទី​​ក្នុងតំបន់​រាប​ ប៉ុន្តែ​ក្នុង​កាលៈទេសៈនេះ​ QuYinhua បាន​ចំណាយ​ពេល​ ១ ម៉ោង​ទើប​អាច​សម្រេច​បាន។​  ​ពេលវេលា​ពេលនេះ​បាន​រំកិល​ទៅ​ដល់​​ម៉ោង ៥ជាង ហើយ​​ ។ 

      ដោយ​សារ​មាន​ដែក​គោល​សម្រាប់​ជាន់​ហើយ​​ QuYinhuaបាន​ឡើង​លើ​ច្រាំង​ថ្មភ្នំមុន​គេ​ ។ បន្ទាប់​មក​ WangFuzhou និងGongBu ក៏​ឡើងលើច្រាំង​ថ្មជា​បន្តបន្ទាប់​ដោយ​ជាន់លើ​ស្មា​របស់LiuLianman។  ពេល​នេះ​ LiuLianman នឿយហត់រហូត​ដល់​​​ស្រវាំងភ្នែក​ ​ញ័រជើង​ទាំងពីរ​និង​ដង្ហក់ដង្ហើម​ ។ បន្ទាប់ពី​ពួកគេ ៣ នាក់​ឡើង​លើច្រាំង​ថ្មរួច​អស់​​ LiuLianman ហត់​អស់​កម្លាំង​​ដោយក្រោក​​ឈរឡើង​លែង​រួច​ ។

ពួកគេ​ទាំង​បីនាក់បានទម្លាក់​ខ្សែពួរទុកឱ្យលោកLiu Lianmanចងវានៅចង្កេះរបស់គាត់ បន្ទាប់មករួមគ្នាអូសទាញគាត់ឡើងលើ​។

នៅចំពោះមុខពួកគាត់ទាំងបួននាក់ មានទួលជម្រាលក្រួសដ៏ចោតនិងធំទូលាយហើយនៅពីលើជម្រាលក្រួសនោះគឺជារនាំងគ្របដណ្តប់ដោយព្រិលទឹកកក។

រយៈកម្ពស់​នៅទីនេះគឺ ៨៦០០ ម៉ែត្រ នៅតែ​ ២០០ ម៉ែត្រទៀត​គឺ​ដល់​កំពូលភ្នំ ដែលស្មើនឹងកម្ពស់អាគារ ៥០ ជាន់! ទោះយ៉ាងណាក៏ដោយនេះពិតជាមិនដូចការ​ឡើងជណ្តើរនោះទេ។

ចំពេលនេះ អ្នកឡើងភ្នំទាំងបួននាក់ម្នាក់ៗនៅ​សល់​អុកស៊ីសែន​មិន​ដល់​ពីរដប​ទេ​។ ពួកគាត់​ទាំង​បួននាក់​បានពិភាក្សាគ្នា​ហើយសម្រេចចិត្តថា​ ទុកដបអុកស៊ីសែនមួយដែល​មិន​មាន​ពេញ​ នៅផ្នែកខាងលើនៃ“ជំហានទី ២” ហើយយកដបអុកស៊ីសែនពេញដបមួយទៀតសម្រាប់ឡើងលើកំពូលភ្នំ។

សម្រេចចិត្តរួចហើយ លោកLiu Lianman នៅតែដើរនៅខាងមុខដដែល។ ដល់ម៉ោង ៧ យប់នោះ មេឃបានងងឹតហើយ ពួកគេទាំងបួននាក់មានតែឈានជើងទៅមុខដោយយឺតៗ។

ខណៈពេលនេះ Liu Lianman ដែលកំពុងដើរនៅខាងមុខស្រាប់តែដួលទៅលើដី។ មនុស្សបីផ្សេងទៀតបានដើរដោយប្រ​ញាប់ទៅខាងមុខដើម្បីជួយគាត់ ដោយបានឃើញមុខរបស់ Liu Lianman មានពណ៌សស្លេក បបូរមាត់ពណ៌ស្វាយ ហើយភ្នែករបស់គាត់បិទជិត។

" លោកLiu ! លោកLiu! ភ្ញាក់ឡើង! កុំដេក​នៅ​កន្លែងនេះ!"

ដោយឮសំឡេងរបស់ដៃគូខ្លួន​  Liu Lianman បានបើកភ្នែកហើយនិយាយដោយសំឡេងទន់ខ្សោយថា "ខ្ញុំទៅមុខ​លែង​រួច​ហើយ​ ទុកខ្ញុំនៅកន្លែងនេះ អ្នកទាំងអស់គ្នា​បន្តដំណើរទៅមុខទៀតទៅ​"

ដៃគូទាំងបីបានជួយលើក​ Liu Lianmanទៅដល់កន្លែង ក្រោយថ្មធំមួយដើម្បី​ការពារពី​ខ្យល់ខ្លាំង​ហើយយកថង់​គេងគ្របដណ្តប់គាត់ឱ្យបាន​ល្អ ​បន្ទាប់មកដៃគូទាំងបីនាក់បានបន្តដំណើរ​ទៅកាន់កំពូលភ្នំដោយត្រូវ​ពុះពារការលំបាក។

 

នៅយប់នោះ ផ្ទៃមេឃនាពេលរាត្រីស្រឡះល្អ។ លោកLiu Lianmanដេកសម្រាក​នៅក្បែរថ្មធំនោះ មើលទៅលើមេឃខ្ពស់ដែលមានផ្កាយច្រើននៅពីលើក្បាលខ្លួន ​រួច​គិត​ស្រមៃ​ទៅអតីតកាលខ្លួននៅក្មេងវិញ៖

ឳពុកខ្ញុំបានស្លាប់​បាត់​ទៅហើយនៅពេលខ្ញុំក្មេង​ទើប​នឹង​ចាប់​ផ្ដើម​មាន​ការ​ចងចាំ​។ ម្តាយខ្ញុំបាននាំខ្ញុំដើរឆ្លងកាត់ភូមិនិងឃុំនីមួយៗដោយសុំទានគេ​ក្នុងធាតុអាកាស​​ខ្យល់និងភ្លៀង។ នេះគឺជាការចាប់ផ្តើមនៃជីវិតរបស់ Liu Lianman ។

ដើម្បីចិញ្ចឹមម្តាយរបស់គាត់ នៅពេល Liu Lianman មានអាយុត្រឹម​តែ ១៣ ឆ្នាំ Liu Lianman បាន“ ចិញ្ចឹមជីវិត” ដូចជាមនុស្សធំដោយធ្វើការឱ្យ​អ្នក​មាន​ទ្រព្យ​។ ពេលនោះ Liu Lianman តែងតែយល់ឃើញថាដរាបណាខ្លួនធ្វើការដោយស្មោះត្រង់នោះ​​ជីវិតរបស់គាត់នឹងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែគាត់ធ្វើការដូចសត្វ​គោក្របី​  ធ្វើការ៣៦៥ ថ្ងៃ​ក្នុងមួយឆ្នាំ ទាំងយប់ទាំងថ្ងៃ ហើយម្តាយនិងគាត់នៅតែស៊ូទ្រាំនឹងជីវិតទារុណកម្មដែលអត់ឃ្លាន និង​រងាញ័រញាក់​។ រហូតដល់ការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិននៅឆ្នាំ ១៩៤៩ទើប លោក Liu Lianman បានចេញផុតពីភាពក្រីក្រនិងភាពអត់ឃ្លាននោះ ។

នៅឆ្នាំ ១៩៥១ Liu Lianman អាយុ ១៨ ឆ្នាំបានចូលធ្វើការនៅរោងចក្រផលិតម៉ាស៊ីនអគ្គិសនី Harbin ហើយបានក្លាយជាលេខា​ម្នាក់។ នៅឆ្នាំ ១៩៥៤ លោកបានចូលរួមក្នុងថ្នាក់បណ្តុះបណ្តាលពន្លត់អគ្គីភ័យហើយបានក្លាយជាអ្នកពន្លត់អគ្គិភ័យ​ក្នុង​រោងចក្រ។ នៅឆ្នាំ ១៩៥៥ ដោយសាររាងកាយរបស់លោកមាំមួននិងមានជំនាញពន្លត់អគ្គីភ័យ ទើប​គាត់​ត្រូវបានគេ​ជ្រើសរើសឱ្យចូលក្នុងក្រុមបណ្តុះបណ្តាលអ្នកឡើងភ្នំប្រទេស​ចិន។

ចាប់ពីខែមេសាឆ្នាំ ១៩៥៦ ក្នុងរយៈពេលជាងមួយឆ្នាំ លោក Liu Lianman បានឡើងដល់កំពូលភ្នំ Taibai កំពូលភ្នំ, Muztagh Ata,ភ្នំ Gongga Shan និងកំពូលភ្នំខ្ពស់បំផុតនៅទ្វីបអឺរ៉ុប- ភ្នំ Elbrus ហើយលោកបានទទួលពានរង្វាន់អត្តពលិកជាតិនៅឆ្នាំ ១៩៥៧ ។

ក្នុងប្រវត្តិអាជីពឡើងភ្នំរយៈពេលតែប៉ុន្មានឆ្នាំ លោកបានប្រឈមគ្រោះថ្នាក់បាត់បង់ជីវិត​ចំនួន​១០ លើកជាបន្តបន្ទាប់​ប៉ុន្តែសុទ្ធ​តែអាច​ចៀសផុត​ដោយ​សុវត្ថិភាព​។ ប៉ុន្តែពេលនេះវាហាក់ដូចជាមិនអាចរស់ចេញផុតទៅបានទេ។ គិតដល់ពេលនេះ  លោក Liu Lianman បានយកសៀវភៅកត់ត្រាមួយនិងខ្មៅដៃពណ៌ក្រហមចេញមក​ ហើយចាប់ផ្តើមសរសេរនៅលើសៀវភៅកត់ត្រាក្រោមពន្លឺផ្កាយថា៖

ជូនចំពោះ​មិត្ត​WangFuzhou៖

ខ្ញុំមិនបានបំពេញភារកិច្ចដ៏លំបាកដែល​បក្សនិងមាតុប្រទេស​បានផ្តល់ឱ្យខ្ញុំទេ។ សូមអ្នកទាំងបីនាក់បន្តប​ញ្ចប់ភារកិច្ច​នេះ! ខ្ញុំនៅមានអុកស៊ីសែនខ្លះនៅក្នុងដបខ្ញុំនេះ ទុកវាឱ្យអ្នកទាំងបីប្រើពេលអ្នកទាំងបីត្រឡប់មកវិញចុះ​! ប្រហែលអាចជួយខ្លះពេលត្រូវការ។

                                                                    Liu Lianman ជាមិត្តរបស់អ្នកទាំងបី

បន្ទាប់ពីសរសេររួច Liu Lianman បានហែកទំព័រនេះចេញ​ ហើយដាក់ក្រដាសនេះចូលក្នុងស្រោមដៃរបស់គាត់។ បន្ទាប់មកគាត់ក៏​ដករបាំងអុកស៊ីសែនចេញពីមុខហើយបិទសន្ទះដបអុកស៊ីសែនយ៉ាងជាប់​ រួច​លោកក៏​បានបិទភ្នែកបាត់​ទៅ​។

និយាយ​ដល់​លោក​WangFuzhou ​លោក​GongBuនិង​លោក​QuYinhua ពេល​នោះ ពួកគាត់​បាន​ឡើង​ដល់​កំពូល​នៃ​ទួលថ្មក្រួស​ ហើយ​កំពុង​បោះជំហាន​ទៅ​មុខ​ដោយ​តាម​ជ្រលង​ភ្នំ​យ៉ាង​លំបាក​។ ពួកគាត់​បាន​បោះ​ចោល​វត្ថុដែល​មិន​ចាំ​បាច់​ តែនៅ​តែ​មាន​ ​អារម្មណ៍ថា ​លើ​ខ្លួន​មាន​ទម្ងន់រាប់​រយ​គីឡូ។ រាល់​ជំហាន​ដើរ​ទៅខាងលើ ​ត្រូវ​ចំណាយ​ពេលពីរបីនាទី​ ​ដើម្បីដកដង្ហើម។

ប្រហែល​ម៉ោង​៤​ ព្រឹក​ថ្ងៃទី​២៥ ​សមាជិក​នៃ​ក្រុមអ្នក​​ឡើង​ភ្នំប្រទេស​​ចិនទាំង​៣​នាក់​បានប្ដូរ​ទៅ​ជា​វារលូន​​ឡើង​ទៅ​លើកំពូលភ្នំ។​ លោក​GongBu​លូន​នៅខាងមុខគេ​។​នៅពេលដែល​គាត់​ឡើង​ទៅកន្លែងខ្ពស់​​​មួយ​ទៀត ​គាត់បាន​មើល​ជុំវិញ​ដោយប្រុងប្រយ័ត្ន​ ​ហើយឃើញថា ​មិន​អាច​រកផ្លូវ​ឡើង​បាន​ទៀត​ទេ​។

​  លោក​WangFuzhouនិង​លោក​QuYinhua​ក៏​ឡើងមក​ដល់​ជា​បន្តបន្ទាប់​ ដោយ​មើល​ឃើញថា ក្រៅ​ពី​ផ្កាយ​នៅ​លើមេឃ មិន​មាន​អ្វី​ដែល​ខ្ពស់​ជាង​ពួកគេ​ទៀត​ទេ​។

បន្ទាប់​ពី​បញ្ជាក់​ម្តងហើយម្តងទៀត​ ​លោក​WangFuzhou​បាន​និយាយ​ថា​ ​“គ្រប់​ទិស​ទាំង​អស់​ សុទ្ធតែ​ជា​ផ្លូវ​ចុះភ្នំ​។​មិត្តទាំង​អស់គ្នា​​ ​នេះ​ជា​កំពូល​ភ្នំហើយ​​!”

ជនជាតិ​ចិនទាំង​៣​នាក់ ​បាន​ឈរលើ​ចំណុច​កំពូល​លើ​ពិភពលោក​បន្ទាប់​ពី៩​ម៉ោង​ដែល​​ចាក​ចេញ​ពី​ “ជំហានទី​២​”។

លោក​ទាំង​៣​នាក់​បាន​ដកទង់ក្រហមផ្កាយ​ប្រាំ​ចេញ​ពីកាបូបស្ពាយ ​គ្រវីដៃមួយភ្លែត​​នៅលើកំពូលភ្នំ​ ​បន្ទាប់មក​ ​ដករូប​​របស់ប្រធានម៉ៅ​រុំ​ជាមួយ​ទង់​ក្រហម​ផ្កាយ​ប្រាំ ​ហើយដាក់នៅក្បែរថ្មធំមួយ​នៅលើកំពូល​ភ្នំ ​ហើយការពារវាដោយថ្ម​ក្រួស។ ​លោក​WangFuzhou​បានស្ទាប​យក “កំណត់ហេតុកីឡា”ចេញ​មក​​ ដោយ​សរសេរលើវាថា “លោកទាំង​៣នាក់​ រួម​មាន​WangFuzhouជា​ដើម​បានឡើង​មក​ដល់​​កំពូល​​ភ្នំអេវឺរេស​នៅ​វេលាម៉ោង៤និង២០នាទី ថ្ងៃទី ២៥ ខែឧសភាឆ្នាំ១៩៦០​”។

លោក​ទាំង​៣​នាក់​បាន​ឈរ​នៅ​លើ​កំពូល​ភ្នំ​ប្រហែល​១៥​នាទី​ក៏​ចុះពី​ភ្នំមក​វិញ​។​លោក​QuYinhua​បាន​ដក​​មាស៊ីនថត​ចេញ មក​​ ដើម្បី​ថត​វីដេអូ ​ដូច្នេះ ​គាត់​បាន​ដោះស្រោម​ដៃស្តាំ​របស់​គាត់ចេញ​​។​នៅ​ក្នុង​ដំណើរ​​ឡើង​ភ្នំ​លើក​នេះ ​​លោក​QuYinhua​បាន​បាត់​បង់​ម្រាមជើងទាំង​១០​​និងម្រាមដៃនាង​ខាង​ស្ដាំ​ ​ដោយសារតែមានរបួស​ហើយ​ត្រជាក់​ខ្លាំងពេក​។

ពេលពួកគាត់​​ជិត​ត្រឡប់​ទៅ​ដល់​ “ជំហាន​ទី​២” មេឃបានភ្លឺរួចទៅហើយ។ ​ភ្លាមៗនោះ​ ​ពួកគេ​បានឃើញមនុស្ស​​ម្នាក់​កំពុងបក់ដៃ​ហៅ​ពួកគេ​មកក្បែរថ្ម​ធំមួយ​នៅខាងក្រោម!

មើល​ឲ្យ​ជិត​ទៅ មនុស្ស​ម្នាក់នោះ ​មិនមែន​ជាអ្នកផ្សេងទេ​ គាត់​គឺជាមិត្តរួមក្រុម​របស់ពួកគេ​ឈ្មោះLiuLianman!

តាមពិត​ ​​LiuLianman​​បានសន្លប់បាត់​ស្មារតី​ ​បន្ទាប់ពី​បានបិទ​ដប​អុកស៊ីសែន ហើយ​គាត់​បាន​ដេក​លក់​ពេញ​មួយ​យប់​នៅលើ​ភ្នំ​ដែល​មានរយៈកម្ពស់​៨,៧០០​ម៉ែត្រ។ គាត់​បាន​​ឆ្លង​កាត់គ្រោះ​មរណៈ​ជា​លើកទី​១១​។ ​នៅពេល​ព្រឹក​លោក​បាន​ភ្ញាក់ឡើង​ដោយ​អព្ភូតហេតុ​ ​ហើយ​បាន​ទទួល​កម្លាំង​ខ្លះ អាច​ក្រោក​ឈរ​ឡើងបាន​​។

សមាជិកទាំង​៤នាក់​បាន​ជួបគ្នា​ម្តងទៀត​ ​លោក​LiuLianman​បានដកសន្លឹកក្រដាស​ដែល​លោក​បាន​សរសេរ​​ជូន​លោកWangFuzhou​​កាលពី​យប់​​មិញ​។​ ​លោកទាំង​៤​នាក់​បាន​កាន់ដៃគ្នា ដោយ​ស្រក់​ទឹកភ្នែក​។​

ពី​ថ្ងៃទី​២៤​ដល់​២៥​ ខែ​ឧសភា ​ឆ្នាំ​១៩៦០​ ​បេសកកម្ម​ឡើង​ភ្នំ​លើក​នេះ​របស់​ក្រុមអ្នក​​ឡើង​ភ្នំ​ប្រទេស​ចិន​ គឺ​ជា​លើក​ដំបូង​​​ដែល​មនុស្សជាតិ​បាន​ឡើង​កំពូល​ភ្នំ​អេវឺរេស​ពី​ជម្រាល​ខាង​ជើង។​ក្រុមអ្នក​​ឡើង​ភ្នំប្រទេស​​ចិន​បាន​យកឈ្នះ​  ​ក្រុមឡើងភ្នំ​បរទេស​ជាច្រើនក្រុម​ ដែល​​បាន​ឈប់នៅត្រឹម​”ជំហានទីពីរ”នេះ។ នៅឆ្នាំ១៩៧៥ ​ក្រុម​អ្នកឡើង​ភ្នំប្រទេស​​ចិនបាន​ឡើង​ភ្នំអេវឺរេសម្តងទៀត​ពីជម្រាល​ភាគខាងជើង ​ដោយបានដំឡើង​ជណ្តើរ​ដែក​នៅលើ “ជំហានទីពីរ” ​ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​អាចឡើងទៅដល់​កំពូលបាន​។ កាំជណ្តើរនេះ​ត្រូវបានគេឱ្យ​ឈ្មោះ​ថា​ “កាំជណ្តើរចិន” ។

បន្ទាប់​មក...

បន្ទាប់​មក ​លោក​WangFuzhou​បាន​ធ្វើ​ការងារ​​កីឡា និង​អប់​រំ​ពាក់ព័ន្ធ​ជាមួយ​ការ​​​ឡើង​ភ្នំ ​ការ​បណ្តុះបណ្តាល​និង​ការ​ដឹកនាំ​ ​ហើយ​ធ្លាប់​កាន់​មុខ​តំណែង​ប្រធាន​សមាគមអ្នក​​ឡើង​ភ្នំចិន​។

បន្ទាប់​មក ​លោក​GongBu​បាន​ខិតខំបំពេញ​​ការងារ​អភិរក្ស​សត្វព្រៃ​នៅ​តំបន់​Xizang ​ហើយ​ធ្លាប់​កាន់​មុខ​តំណែង​ជា​អនុប្រធាន​សមាគមអភិរក្ស​សត្វព្រៃ​Xizang។

បន្ទាប់​មក ​លោក​QuYinhua​បាន​ខិត​ខំ​ធ្វើ​ការងារ​​ទាក់ទង​នឹង​​កីឡា ហើយ​​ក៏​ធ្លាប់​ធ្វើ​ការ​នៅ​សមាគមអ្នក​​ឡើង​ភ្នំ ចិនផងដែរ​​។

បន្ទាប់​មក ​លោក​LiuLianman​បាន​ធ្វើការងារកីឡា​​ឡើង​ភ្នំ​អស់​រយៈពេល​១៣​ឆ្នាំ​ ​ហើយបាន​​ចូលរួម​ការងារ​រៀបចំ​ក្រុមអ្នក​​ឡើង​ភ្នំXizang។ ​ឆ្នាំ​១៩៦៣ ​ក្នុង​អំឡុង​ពេល​ខួប​លើក​ទី​១៤​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិតចិន​ ​លោក​LiuLianman​មាន​ឱកាស​​ជួប​​ជាមួយ​លោក​​ប្រធាន​ម៉ៅសេទុង​ និង​​ចូលរួម​ទស្សនា​ព្រឹត្តការណ៍​បុណ្យ​ជាតិ​​១ ​តុលា​ផង​ដែរ។ ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​តាម​ទូរទស្សន៍​ ​លោក​LiuLianman​បាន​មាន​ប្រសាសន៍ថា​ ​“​ការសោកស្តាយដ៏ធំបំផុត​នៃ​ជីវិតរបស់ខ្ញុំ ​គឺខ្ញុំបរាជ័យក្នុងការឡើងដល់កំពូលភ្នំអេវឺរេស!”

រឿង​ដ៏​អស្ចារ្យ​ដែល​កើត​ឡើង​លើ​ភ្នំ​អេ​វើ​រេ​ស_fororder_VCG211315216308

 

រឿង​ដ៏​អស្ចារ្យ​ដែល​កើត​ឡើង​លើ​ភ្នំ​អេ​វើ​រេ​ស_fororder_6159252dd42a28347c5c6f4c46854bef14cebfb0

 

រឿង​ដ៏​អស្ចារ្យ​ដែល​កើត​ឡើង​លើ​ភ្នំ​អេ​វើ​រេ​ស_fororder_VCG11406845694

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស