翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកThongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ

2021-01-22 11:31:35 cri

        កាល​ពី​ថ្ងៃទី ២១ ខែមករា លោក​ស៊ី ជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិននិង​ជាប្រធានរដ្ឋ​ចិន​ បាន​ធ្វើ​កិច្ចសន្ទនា​តាមទូរស័ព្ទ​ជា​មួយ​លោក​Thongloun Sisoulith អគ្គលេខាធិការ​នៃគណៈកម្មាធិការ​​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​​តាម​ការ​ណាត់​ ។ 

      ថ្លែងក្នុង​កិច្ចជំនួប​ លោក​ស៊ី​ ជីនភីង​បាន​លើក​ឡើង​ថា ប្រទេស​ចិននិង​ឡាវ​គឺ​ជា​ប្រទេស​ជិតខាង​ដែលគោរព​រាប់អាន​គ្នា​ ។ ប្រទេសចិន​រីករាយ​រួមជា​មួយប្រទេសឡាវ​ ធ្វើ​ឱ្យ​ការ​ប្រាស្រ័យ​ទាក់ទង​ជាន់ខ្ពស់​កាន់តែ​ស្អិតល្មួត​ថែមទៀត បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​ជាយុទ្ធសាស្រ្ត​ ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​ផ្នែក​គ្រប់គ្រង​បក្ស​និង​អភិបាលកិច្ចជាតិ​ ។ ​ភាគីទាំងពីរ​​គួរ​តែ​ជំរុញ​នូវ​កិច្ចកសាង​គម្រោង​ធំៗ​ដូចជា​របៀង​សេដ្ឋកិច្ច​ចិន-ឡាវ និង​ផ្លូវដែកចិន​-​ឡាវ​ជាដើម​ឱ្យ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​​ ធ្វើ​ឱ្យស៊ី​ជម្រៅ​នូវ​​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ យុវជន និង​ទេសចរណ៍​ជាដើម  ។ ភាគី​ចិន​រីករាយគិត​ពិចារណា​ពី​ការ​​ផ្តល់​ជំនួយ​​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ មួយ​ចំនួនដល់​​ភាគីឡាវ ក៏​ដូចជា​បង្កើន​ការសម្រប​សម្រួល​និង​សហប្រតិបត្តិការ​ជា​មួយ​ភាគី​ឡាវ​​លើ​​កិច្ចការ​អន្តរជាតិនិង​ក្នុង​តំបន់​ សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​រួម​ដែលប្រកប​ដោយ​ភាពរុងរឿង ។

       ជាការ​ឆ្លើយ​តប​ លោក​​Thongloun Sisoulithបាន​ថ្លែង​ថា ភាគីឡាវ​សូម​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ចិន​ដែល​បានផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ដល់​ប្រទេស​ឡាវ​ក្នុង​​ដំណាក់កាល​អភិវឌ្ឍន៍​នីមួយៗ​ក៏​ដូចជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ផងដែរ​។​​ ភាគី​ឡាវ​នឹង​បន្ត​ជំរុញ​ការងារ​អនុវត្ត​​ផែនការប្រតិបត្តិការ​ស្តីពី​ការ​កសាង​​សហគមន៍​រួមវាសនា​រវាង​ប្រទេស​ឡាវ​និង​ចិន​ ក៏ដូច​ជា​រួម​ជា​មួយ​ភាគី​ចិន​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ “ខ្សែក្រវាត់​និង​ផ្លូវ”និង​វិស័យ​ផ្សេងទៀត​ ព្រម​និង​ជំរុញ​ការ​ផ្លាស់ប្តូរ​ដោយ​មេត្រីភាពលើ​​គ្រប់ស្រទាប់ជាន់​ថ្នាក់​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស