កាលពីថ្ងៃទី ២៨ ខែតុលា លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំថា ប្រទេសចិនបានចាត់ទុកអាស៊ានជាទិសដៅជាអាទិភាពនៃការទូតជាមួយប្រទេសជិតខាងនិងតំបន់សំខាន់នៃកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ជាប់រហូត ។
លោកWang Wenbin បានបង្ហាញថា ថ្ងៃទី ២៧ ខែតុលា លោកLuo Zhaohui អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកNguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមនិងជាឧត្តមមន្រ្តីកិច្ចការអាស៊ាន ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីការងារត្រៀមរៀបចំកិច្ចប្រជុំមួយចំនួននៃថ្នាក់ដឹកនាំអំពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាដែលនឹងប្រារព្ធធ្វើនៅកណ្តាលខែវិច្ឆិកា ។
លោកWang Wenbin បានថ្លែងទៀតថា ពេលប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លង ប្រទេសចិននិងប្រទេសអាស៊ានបានផ្តល់ការគាំទ្រដល់គ្នា ដើម្បីពុះពារឧបសគ្គជាមួយគ្នាក្នុងគ្រាអាសន្ន ព្រមនិងដឹកនាំកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងការស្តារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់។ ចាប់ពីឈានចូលឆ្នាំ ២០២០ កន្លងមក កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ានបានវិវឌ្ឍរីកចម្រើនទៅមុខ អាស៊ានបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន ដែលបានបង្ហាញនូវសក្តានុពលដ៏ធំសម្បើមនិងភាពរឹងមាំដ៏ខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ៕