នាពេលបច្ចុប្បន្ននេះ ទាក់ទងនឹងទង្វើរបស់រដ្ឋាភិបាលលោកត្រាំដែលដាក់កំហិតមិនឱ្យកម្មវិធី Tik Tok ដំណើរការនៅអាមេរិក ហើយបន្ទាប់មក ក៏បែរជាចង់ទាញយកផលប្រយោជន៍ពីការទិញកម្មវិធី Tik Tok ទៅវិញ នោះ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើន រួមមានក្រុមហ៊ុនប៊ីប៊ីស៊ីអង់គ្លេស ទីភ្នាក់ងារព័ត៌មាន Reuters ជាដើមបានហៅទង្វើបែបនេះថា ជាឧបាយកលស្រដៀងនឹងក្រុមម៉ាហ្វីយ៉ា ហើយទំនងជាបង្កឱ្យមានការដាក់ពាក្យបណ្តឹងផ្លូវច្បាប់ផងដែរ។
ពេលផ្តល់បទសម្ភាសន៍ជាមួយក្រុមហ៊ុនប៊ីប៊ីស៊ីអង់គ្លេស លោក Charlotte Jee អ្នកសារព័ត៌មានរបស់ទស្សនាវដ្តី《MIT Technology Review 》នៃអាមេរិកបានថែ្លងថា ពាក្យសម្តីរបស់លោកត្រាំពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ហើយការប្រើមធ្យោបាយបែបនេះ គឺស្ទើរតែស្រដៀងគ្នាទៅនឹងសកម្មភាពរបស់ក្រុមម៉ាហ្វីយ៉ាទៅហើយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយដំណឹងកាលពីថៃ្ងទី ៥ ខែសីហា ឱ្យដឹងថា ទង្វើរបស់លោកត្រាំដែលបង្ខំទាញយកប្រយោជន៍ដែលបានមកពីការលក់កម្មវិធី Tik Tok ដោយក្រុមហ៊ុន Byte Dance គឺមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត ហើយទំនងជាអាចនឹងបង្កបញ្ហាផ្លូវច្បាប់ទៀតផង៕