郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអាមេរិកថ្លែងសុន្ទរកថាអំពីសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងរបស់ក្រសួងការបរទេសអាមេរិក

2020-07-14 14:36:50 cri

 ថ្ងៃ​ទី​១៣​ខែ​កក្កដា តាម​ម៉ោង​ក្នុង​តំបន់ ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ដែល​មិន​អើពើ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន​និង​ប្រទេស​អាស៊ាន​ក្នុង​ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ធ្វើ​ការ​មួល​បង្កាច់តាម​ទំនើង​ចិត្ត​នូវ​ការពិត​និង​ភាព​សត្យា​នុ​ម័តពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​និង​ច្បាប់​អន្តរជាតិ​ដូច​ជា​«អនុសញ្ញា​ច្បាប់​សមុទ្រ​នៃ​អង្គការ​សហប្រជាជាតិ»​ជា​ដើម មាន​ចេតនាឃោសនា​បំប៉ោង​ស្ថានភាព​តានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​អុជអាល​បំបែក​បំបាក់ទំនាក់​ទំនង​រវាង​ចិន​និង​ប្រទេស​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ដូច​ជា​ចោទប្រកាន់​ដោយ​គ្មាន​ហេតុផល​ចំពោះ​ប្រទេស​ចិន​ផង​ដែរ។ភាគី​ចិន​ប្រឆាំង​យ៉ាង​ដាច់​ខាត​ចំពោះ​រឿង​នេះ។

      បច្ចុប្បន្ន​នេះ ស្ថានការណ៍នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​រក្សា​សន្តិភាព​និង​ស្ថិរភាព​ជា​ទូទៅ ព្រម​ទាំង​បានវិវឌ្ឍ​រីក​ចម្រើន​ទៅ​កាន់​ទិសដៅល្អ​ប្រសើរ​ជា​បន្ត​បន្ទាប់។ ប្រទេស​ចិន​និង​ប្រទេស​តាម​បណ្តោយ​សមុទ្រចិន​ខាង​ត្បូង​បាន​រក្សា​កិច្ច​សន្ទនា​និង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នាតាម​រយៈ​យន្តការ​ពិគ្រោះ​ពិភាក្សា​ពី​បញ្ហា​តាម​សមុទ្រ ហើយ​បាន​ជំរុញ​ដល់​កិច្ច​សហ​ប្រតិ​បត្តិការ​ពាក់​ព័ន្ធ។​នៅក្រោម​ក្រប​ខណ្ឌ​នៃ​ការ​អនុវត្ត​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​បាន​ជំរុញ​យ៉ាង​សកម្ម​នូវ​កិច្ច​ពិគ្រោះ​ពិភាក្សា​អំពីក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង ព្រម​ទាំង​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ដ៏​សំខាន់​ផងដែរ។

      ភាគី​ចិន​ដាស់​តឿន​ភាគី​អាមេរិក​ឱ្យ​គោរព​យ៉ាង​ប្រាកដ​ប្រជា​នូវ​ពាក្យ​សន្យា​របស់​ខ្លួន​ស្តីពី​ការ​មិន​ប្រកាន់​គោល​ជំហរ​ក្នុង​បញ្ហា​អធិបតេយ្យ​ភាព​ទឹក​ដី​នៃ​សមុទ្រ​ចិន​ខាង​ត្បូង គោរព​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ក្នុង​តំបន់​ក្នុង​ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កុំ​ធ្វើ​ជា​ជន​រំខាននិងជន​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស