孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#About Xi# លោកស៊ីជីនភីងផ្តល់អនុសាសន៍សំខាន់ចំពោះការងារបង្ការទឹកជំនន់និងជួយសង្គ្រោះគ្រោះមហន្តរាយ

2020-07-14 10:54:55 cri

    កាលពី​ថ្ងៃទី‌១២ ខែកក្កដា លោកស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត ប្រធានរដ្ឋ​និងជា​ប្រធាន​គណកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​ផ្តល់​អនុសាសន៍​សំខាន់​ចំពោះ​ការអនុវត្ត​ការងារបង្ការ​ទឹកជំនន់​និង​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ឱ្យបាន​ល្អ​ថែមទៀត ។

    លោកស៊ីជីនភីង​បានថ្លែងថា ពេលកន្លងទៅ​ថ្មីៗនេះ ទន្លេ​យ៉ង់សេ ទន្លេហ្វាយហឺ បឹងតុងធីង បឹង​ផូយ៉ាង​និង​បឹងថៃហ៊ូ​ជាដើម​សុទ្ធតែ​មាន​កម្ពស់ទឹក​ឡើងដល់កម្រិត​ប្រកាសអាសន្ន ក្រុងChongqing ខេត្ត Jiangxi ខេត្តAnhui ខេត្តHubei ខេត្តHunan ខេត្តJiangsu និងខេត្តZhejiang​ជាដើម​សុទ្ធតែ​កើតមាន​គ្រោះទឹកជំនន់​ដ៏ធ្ងន់ធ្ងរ បណ្តាលឱ្យ​មនុស្ស​ស្លាប់រងរបួស​និង​ខូចខាត​ទ្រព្យសម្បត្តិ សភាពការណ៍​ទប់ទល់​គ្រោះមហន្តរាយ​នាពេល​បច្ចុប្បន្ន​គែ​តឹងតែង​ណាស់ ។

    លោកស៊ីជីនភីង​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​បានឈានចូល​រយៈកាល​គន្លឹះ​នៃការបង្ការ​គ្រោះ​ទឹកជំនន់ គណៈកម្មការ​បក្ស​និង​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់​ត្រូវ​ទទួល​ខុសត្រូវ ហ៊ាន​រ៉ាប់រង​ភារកិច្ច កម្មាភិបាល​គ្រប់ជាន់ថ្នាក់​ត្រូវទៅកាន់​ជួរមុខ ធ្វើការ​ណែនាំ ចាត់ចែង​ការជម្លៀស​ប្រជាជន ចាត់​វិធានការ​កាន់តែមាន​ប្រសិទ្ធភាព​និង​ខ្លាំងក្លា ធ្វើការងារ​គ្រប់ផ្នែក​ឱ្យបាន​ល្អ ដូចជា ការត្រួតពិនិត្យ ផ្តល់សញ្ញា​ព្រមាន ត្រួតពិនិត្យ​ទំនប់ទឹក ដោះស្រាយ​ហេតុការណ៍​បន្ទាន់ ចាត់ចែង​ប្រជាជន​រងគ្រោះ​ជាដើម ខិតខំ​ពេញទំហឹង​ដើម្បី​ជួយសង្គ្រោះ​គ្រោះមហន្តរាយ និង​ការពារ​សុវត្ថិភាព​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន ។ បញ្ជាការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន ក្រសួង​ធារាសាស្ត្រ​ជាដើម​ត្រូវតែ​បង្កើន​ការសម្របសម្រួល ចាត់ចែង​ការងារ​តាមបែប​វិទ្យាសាស្ត្រ​នូវ​កម្លាំង​និង​សម្ភារៈ​ជួយសង្គ្រោះ ។ កងទ័ព​រំដោះប្រជាជន​និង​កងកម្លាំង​ប៉ូលីស​នៅក្នុងតំបន់​ត្រូវ​សកម្ម​ចូលរួម​ការងារ​ជួយសង្គ្រោះ ។

លោកស៊ីជីនភីង​លើកឡើង​ទៀតថា ខណៈពេល​ធ្វើការងារ​បង្ការ​គ្រោះទឹកជំនន់​និង​ជួយសង្គ្រោះ​ឱ្យបានល្អ តំបន់នានា​និង​ក្រសួង​ស្ថាប័ន​គ្រប់ជាន់ថ្នាក់​ត្រូវតែ​ខិតខំ​រៀបចំ​ការងារ​ស្តារ​ឡើងវិញ​បន្ទាប់ពី​គ្រោះមហន្តរាយ រៀបចំ​សណ្តាប់ធ្នាប់​ផលិតកម្ម​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡើងវិញ​ឱ្យបាន​ឆាប់ ។ ត្រូវតែ​ធ្វើការងារ​ជួយ​សង្គ្រោះ​ប្រជាជន​រងគ្រោះ​និង​ប្រជាជន​ជួបការលំបាក បង្ការ​កុំឱ្យកើត​មានភាពក្រីក្រ​ដោយសារ​គ្រោះមហន្តរាយ​ឬវិលទៅរក​ភាពក្រីក្រវិញ​ដោយសារ​គ្រោះមហន្តរាយ ។

គួរឱ្យ​រំលឹកថា កាលពី​ខែមិថុនា លោកស៊ីជីនភីង​ក៏បាន​ផ្តល់អនុសាសន៍​សំខាន់​ចំពោះ​ការងារ​ជួយសង្គ្រោះ​គ្រោះមហន្តរាយដែរ ។ លោកបាន​លើកឡើងថា តំបន់នានានិង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ប្រកាន់ខ្ជាប់​ការតម្កល់​ប្រជាជន​និង​អាយុជីវិត​ជាសំខាន់ ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស