翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរសព័្ទជាមួយលោក Gotabhaya Rajapaksa ប្រធានាធិបតីស្រីលង្កា

2020-05-14 15:37:45 cri

      នៅ​យប់​ថ្ងៃទី ១៣ ខែ​ឧសភា លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិនបាន​​ជួប​សន្ទនា​តាម​ទូរសព័្ទ​ជា​មួយ​លោក Gotabhaya Rajapaksa ប្រធានាធិបតី​ស្រីលង្កា ។

      ក្នុង​កិច្ច​សន្ទនា លោក​ស៊ី​ ជីនភីង​បាន​ថ្លែង​ថា​ ក្នុង​គ្រាដ៏​សំខាន់​ដែល​ប្រទេសចិន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​COVID-19​ គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​ស្រីលង្កា​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​សកម្ម​ដល់​ប្រទេសចិន​ គឺ​ជា​រឿង​គួរ​ឱ្យ​​រំភើប​ចិត្ត​ណាស់ ។ ភាគីចិន​រីករាយ​បន្ត​ផ្តល់ការគាំទ្រ​យ៉ាង​មុតមាំ​និង​​ជំនួយ​ឧបត្ថម្ភ​ដោយ​​អស់​ពី​លទ្ធភាព​របស់​ខ្លួន​តបតាម​តម្រូវការ​របស់​ភាគី​ស្រីលង្កា ។

      លោក​ស៊ី ជីនភីង​បាន​គូសបញ្ជាក់​ថា ក្រោម​បុរេ​ល័ក្ខខ័ណ្ឌ​នៃ​ការ​ធានា​ដល់​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ ភាគី​ទាំង​ពីរ​ចិននិង​ស្រីលង្កា​គួរ​រៀបចំ​ឡើង​វិញជា​បណ្តើរ​ៗ​​​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ប្រាកដប្រជា​​លើ​គ្រប់​វិស័យ​ ជំរុញ​ការអនុវត្ត​គម្រោង​សហប្រតិបត្តិការ​សំខាន់​ៗ​ដោយមាន​របៀបរៀបរយ ព្រមនិង​ជំរុញ​កិច្ចកសាង​”ខ្សែក្រវាត់និង​ផ្លូវ​”ដែលប្រកប​ដោយ​គុណភាព​ខ្ពស់ ដែល​នឹង​ជួយ​​ជំរុញសេដ្ឋកិច្ច​​ស្រីលង្កា​ឱ្យងើប​ឡើង​វិញ ។

      ជា​ការ​ឆ្លើយតប​ លោក​ Gotabhaya Rajapaksaបាន​ថ្លែង​ថា ​​លោក​សូមកោតសរសើរ​លោក​ស៊ី​ ជីនភីង​ដែលបាន​លើក​ឡើង​នូវ​ទស្សនៈ​ស្តីពី​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ ព្រមនិងឯកភាព​លើ​ការ​គាំទ្រ​អង្គការ​សុខភាព​ពិភពលោក​​ឱ្យ​ដើរ​តួនាទី​ដឹក​នាំ​ក្នុង​កិច្ច​សហប្រតិបត្តិការអន្តរជាតិ​​ផ្នែក​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ។ ភាគី​ស្រីលង្កា​រីករាយពង្រឹង​និង​ពង្រីក​កិច្ច​ផ្លាស់ប្តូរនិង​កិច្ចសហប្រតិបត្តិការ​​ជា​មួយ​ភាគី​ចិន​លើ​វិស័យ​​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេសចរណ៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ព្រមនិង​​ជំរុញ​ឱ្យ​មាន​ភាព​រលូន​នូវ​ការ​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​​សំខាន់ៗ​​នៃ​”ខ្សែក្រវាត់និង​ផ្លូវ​”​ដូចជា​គម្រោងក្រុង​កំពង់ផែ​កូឡុំបូជាដើម ៕​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស