ទន្ទឹមនឹងពេលថ្មីៗនេះប្រទេសជាច្រើនបានបន្ធូរបន្ថយវិធានការបង្ការនិងគ្រប់គ្រងជំងឺCOVID-19ជាបណ្តើរៗ នៅថ្ងៃទី ១១ ខែឧសភា អង្គការសុខភាពពិភពលោកបានអំពាវនាវបណ្តាប្រទេសឱ្យរក្សាការប្រុងប្រយ័ត្នពីវីរុស ដើម្បីចាត់វិធានការគ្រប់គ្រងបន្ទាន់ក្នុងខណៈពេលមានករណីឆ្លងជំងឺកើនឡើងវិញ ។
ថ្ងៃដដែល លោកTedros អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូថា ការពិនិត្យអង្កេតពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា មានមនុស្សចំនួនតិចដែលមានអង្គបដិប្រាណវីរុសCOVID-19ក្នុងខ្លួន វាមានន័យថា មនុស្សភាគច្រើនងាយឆ្លងវីរុសប្រភេទនេះ ។ អង្គការសុខភាពពិភពលោកបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេស ដើម្បីធានានូវការអនុវត្តវិធានការសុខាភិបាលសាធារណៈជាគន្លឹះ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលបណ្តាលមកពីការបន្ធូរបន្ថយវិធានការបង្ការនិងគ្រប់គ្រង ។ នៅមុនពេលផលិតបានវ៉ាក់សាំងប្រឆាំងវីរុស ការអនុវត្តវិធានការគ្រប់គ្រងដោយគ្រប់ជ្រុងជ្រោយជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ៕