កាលពីថ្ងៃទី ២៦ ខែមីនា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសន្និសីទកំពូលពិសេសនៃមេដឹកនាំប្រទេស G20 ស្តីពីការទប់ទល់នឹងជំងឺកូវីដ-១៩ ។បន្ទាប់ពីសន្និសីទកំពូល លោក Ma Zhaoxu អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជម្រាបពីលទ្ធផលនៃសន្និសីទកំពូលនេះ។
លោក Ma Zhaoxu បានថែ្លងថា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសន្និសីទនេះនិងបានថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយប្រកាន់ខ្ជាប់នូវទស្សនៈសហគមន៍រួមវាសនានៃមនុស្សជាតិ។លោកបានលើកឡើងនូវគំនិតសំខាន់ៗមួយចំនួនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងរក្សាស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោកដោយរួមបញ្ចូលបទពិសោធន៍ជាក់ស្តែងរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បានដើរតួនាទីឈានមុខដ៏សំខាន់។
លោក Ma Zhaoxu បានថែ្លងបន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីទាំងអស់ សន្និសីទកំពូលពិសេសនេះទទួលបានលទ្ធផលជាវិជ្ជមានដូចខាងក្រោមនេះ គឺ ទី ១ គ្រប់ភាគីទាំងអស់សន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួម។ទី ២ គ្រប់ភាគីទាំងអស់បានឯកភាពគ្នាចែករំលែកនូវព័ត៌មានឱ្យបានទាន់ពេលវេលា ធានាការផ្គត់ផ្គង់សម្ភារៈនិងបរិក្ខារវេជ្ជសាស្ត្រគ្រប់ប្រភេទដើម្បីផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុតនិងកែលម្អនូវប្រព័ន្ធសុខាភិបាលសាធារណៈសកល ក្នុងន័យត្រៀមរៀបចំឱ្យបានល្អសម្រាប់ទប់ទល់នឹងការរីករាលដាលនៃជំងឺឆ្លងនាពេលអនាគត។ទី ៣ គ្រប់ភាគីទាំងអស់សន្យានឹងធានារក្សានូវស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកល បង្កើនទំនុកចិត្តនៃទីផ្សារនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះលើពាណិជ្ជកម្មនិងខែ្សសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក។
លោក Ma Zhaoxu បានថែ្លងថា ក្រោមស្មារតីនៃសុន្ទរកថាដ៏សំខាន់របស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិន ប្រទេសចិននឹងជំរុញវេទិកាយន្តការពហុភាគី G20 ដើម្បីប្រមូលផ្តុំនូវគំនិតឯកភាពគ្នារបស់សហគមន៍អន្តរជាតិឱ្យកាន់តែល្អប្រសើរព្រមទាំងចាត់វិធានការជាក់ស្តែងដើម្បីចូលរួមចំណែកវិជ្ជមានក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនិងស្តារកំណើនសេដ្ឋកិច្ចពិភពលោកឡើងវិញក្នុងពេលឆាប់ៗនេះ។ប្រទេសចិនរីករាយរួមសហការជាមួយគ្រប់ភាគីទាំងអស់ដើម្បីជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕