លោក វាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានធ្វើសន្និសីទពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសតាមវីដេអូខុនហ្វើរីនស្តីពីបញ្ហាជំងឺ COVID-19រវាងចិនជប៉ុននិងកូរ៉េខាងត្បូងជាមួយលោកKyung-wha Kang រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងលោកMotegi Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុននៅថ្ងៃទី២០ខែមីនា ។
លោក វាង យី បានថ្លែងថា ការបើកធ្វើសន្និសីទតាមវីដេអូបានបង្ហាញពីសេចក្តីសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់ប្រទេសទាំង៣ក្នុងការរួមសាមគ្គីនិងធ្វើកិច្ចសហការគ្នាដើម្បីពុះពារការលំបាកក្នុងបញ្ហាកំពុងប្រឈមមុខ។ ប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងគឺជាប្រទេសជិតខាង មានផលប្រយោជន៍រួមបញ្ចូលគ្នាដោយស៊ីជម្រៅ។ ការបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាពុះពារការលំបាកគឺជាជម្រើសដ៏ចាំបាច់របស់ប្រទេសទាំង៣ចិន ជប៉ុននិងកូរ៉េខាងត្បូង ។ ប្រទេសចិនរំពឹងថាតាមរយៈសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសលើកនេះ អាចរួមចំណែកជាការចែករំលែកបទពិសោធបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាមួយប្រទេសទាំងពីរកូរ៉េខាងត្បូងនិងជប៉ុន បង្កើនការប្រាស្រ័យទាក់ទងផ្នែកគោលនយោបាយ ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការដ៏មានតម្លៃ៕