ក្រសួងហិរញ្ញវត្ថុចិននិងអគ្គនាយកដ្ឋានគយចិនបានចេញសេចក្តីប្រកាសកាលពីពេលថ្មីៗនេះថា ចាប់ពីថ្ងៃទី២០ខែមីនាឆ្នាំ២០២០តទៅ នឹងដំឡើងអត្រាបង្វិលពន្ធសងវិញលើផលិតផលនាំចេញជាង១០០០មុខ។ អ្នកជំនាញបានថ្លែងថាវិធានការនេះនឹងអាចកាត់បន្ថយថ្លៃដើមអាជីវកម្មរបស់សហគ្រាសធ្វើពាណិជ្ជកម្មបរទេស ក្នុងគោលបំណងកាត់បន្ថយសម្ពាធរបស់សហគ្រាស។
លោក ចាំង ចៀនភីង ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់នៃវិទ្យាស្ថានស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា បច្ចុប្បន្ន ការនាំចេញនាំចូលព្រមទាំងការវិនិយោគរបស់ប្រទេសជាច្រើនកំពុងរងផលប៉ះពាល់ពីករណីជំងឺCOVID-19 ។ លោកបានសម្គាល់ថា ករណីជំងឺCOVID-19បានបង្កមានផលប៉ះពាល់ជាបណ្តោះអាសន្នប៉ុណ្ណោះទៅលើពាណិជ្ជកម្មជាមួយបរទេសនិងការវិនិយោគរបស់ប្រទេសចិន ពោលគឺមិនបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើនិន្នាការទូទៅនោះទេ៕