翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២០ របស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិន

2019-12-31 19:55:52 cri

图片默认标题_fororder_xijinpingspeech2020

 

លោក លោកស្រីនិងមិត្តភកិ្តគ្រប់រូប៖

      ឆ្នាំ២០២០ចូល​ជិតមកដល់ហើយ ខ្ញុំសូមជូនពរឆ្នាំថ្មីដ៏ល្អប្រសើរចំពោះអ្នក​ទាំងអស់គ្នាពីរ​ដ្ឋធានីប៉េកាំង!

       នៅឆ្នាំ ​២០១៩ ពួកយើងបានខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលជាផ្លែផ្លា  និងដើរឆ្ពោះទៅមុខក្រោម​ការ​អនុវត្ត​ជាក់​ស្តែង ។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានត្រូវ​​ជំរុញទៅមុខប្រកប​ដោយភាពនឹងនរ​ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបនៃប្រទេសចិននឹងឡើងដល់ជិត១០០ទ្រីលានយាន់ប្រាក់ចិន គិតជាមធ្យម ​ក្នុងមនុស្សម្នាក់ៗនិងឡើងដល់ជាង ​១ម៉ឺន ដុល្លារអាមេរិក ។ ការយកជម្នះលើឧបសគ្គធំទាំងបី ទទួលបានការវិវឌ្ឍរីកចម្រើនជាគន្លឹះ ។ ទីក្រុងប៉េកាំង ទីក្រុងធានជីន និងខេត្តហឺពៃបាន​ទទួល​ការ​អភិវឌ្ឍ​ដោយស៊ីសង្វាក់គ្នា ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ និងការកសាងមហា​តំបន់ឈូងសមុទ្រក្វាងតុង ហុងកុង និងម៉ាកាវនិងធ្វើ​សមាហរណកម្ម​តំបន់​ដីសណ្តទន្លេ​យង់សេ ​ទទួល​បានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ការងារអភិរក្សអេកូបរិស្ថាននិងការអភិវឌ្ឍដោយគុណភាពខ្ពស់នៃតំបន់ទន្លេលឿន បានក្លាយជាយុទ្ធសាស្ត្រជាតិ ។ មានស្រុកក្រីក្រចំនួនប្រហែល៣៤០ស្រុក​នៅ​ទូទាំង​ប្រទេស​ចិន​​នឹង​ត្រូវ​លុបបំបាត់ពីភាពក្រីក្រ មានប្រចាជន​ចំនួនជាង ​១០លាននាក់បាន​បម្រះ​ខ្លួនចេញពីភាពក្រីក្រ ។ យានអវកាស​ឆាងអឺលេខ៤ បានបង្ហោះទៅលើផ្ទៃប៉ែក​ម្ខាង​នៃភពព្រះចន្ទ រ៉ុក្កែត​ដឹកជញ្ជូន Changzheng ៥Y៣បានបង្ហោះដោយជោគជ័យ ​នាវានាគទឹកកកលេខ២ ​បានបរ​ទៅកាន់ប៉ូលខាងត្បូងជា​លើក​ដំបូង​ ការ​ផ្គុំ​បណ្តាញនៅទូទាំងពិភពលោកនៃផ្កាយរណប​ណែនាំផ្លូវ Beidou បានឈានដល់ដំណាក់កាលចុងក្រោយបង្អស់ ប្រព័ន្ធ​ទូរគមនាគមន៍៥G ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​បានត្រូវ​ពន្លឿនការ​​ដាក់ឱ្យប្រើប្រាស់ ព្រលានយន្តហោះអន្តរជាតិដាស៊ីងក្រុងប៉េកាំងបានដាក់ឱ្យប្រើប្រាស់   សមិទ្ធផលទាំងនេះសុទ្ធតែបាន​មកពីកម្លាំងកាយចិត្តនិង​ញើស​ឈាម​របស់អ្នកតស៊ូក្នុង​យុគសម័យថ្មី ដោយបានបង្ហាញឱ្យ​ឃើញនូវមុខមាត់​​និងកម្លាំងដ៏​អស្ចារ្យ​ប្រទេសចិន។

      ក្នុងមួយឆ្នាំ ​កន្លង ​ទៅនេះ កំណែទម្រង់និងបើកទូលាយបានបំផុស​ឡើង​នូវ​កម្លាំង​ចលករនៃការអភិវឌ្ឍឥតឈប់ឈរ  ។ កំណែទម្រង់ស្ថាប័នបក្សនិង​រដ្ឋ ​បាន​សម្រេច​ដោយ ​ជោគជ័យ ។ តំបន់សាកល្បងផ្នែក​ពាណិជ្ជកម្មសេរីមួយចំនួន ​និងតំបន់​សាកល្បងផ្នែក​ពាណិជ្ជកម្ម​សេរីក្រុងសៀងហៃត្រូវ​បាន​បង្កើត​ឡើង​ ។ ផ្សារ​មូលបត្រ​ច្នៃ​ប្រឌិត​ថ្មី​ផ្នែក​បច្ចេកវិទ្យាបានដំណើរការ​យ៉ាង​រលូន ។ បរិមាណបញ្ចុះពន្ធនិង​ថ្លៃសេវា​មាន​ចំនួន​លើសពី២ទ្រីលានយាន់ប្រាក់ចិន ។ កម្រិតយក​ពន្ធលើចំណូលបុគ្គលត្រូវ​បានដំឡើង​ ឱសថជា​ច្រើន​ដែល​ប្រជាជនប្រើប្រាស់ជា​ប្រចាំ​បានត្រូវ​​បញ្ចុះតម្លៃ តម្លៃអ៊ីនធឺណែត​ត្រូវ​បាន​បញ្ចុះ​ ឯល្បឿន​កាន់​តែ​លឿន​ ការ​បែងចែក​សំរាម​តាម​ប្រភេទ បាន​ណែនាំភាពទាន់សម័យនៃ​ជីវភាពរបស់​នៅ​បែប​ការបូនទាប  ។  ​សកម្មភាព “​ឆ្នាំសម្រាល​បន្ទុក​របស់​កម្មាភិបាលថ្នាក់​មូលដ្ឋាន ” ​ធ្វើ​ឱ្យកម្មាភិបាលថ្នាក់​មូលដ្ឋាន​អាច​បំពេញការងារឱ្យ​កាន់​តែរលូន​ ។ ​សន្លឹង ​មើលទៅ​​ទូទាំង​ប្រទេស​ចិន ទីណាៗក៏សុទ្ធ​តែ​មាន​មម្រែបម្រួល​ថ្មី​និងមុខមាត់​ថ្មី​ ។

      ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅនេះ កំណែទម្រង់​ខាង​ការពារជាតិនិង​កងទ័ព បានត្រូវ​​ជំរុញយ៉ាង​ជាក់ស្តែង កងទ័ព​ប្រជាជន​បាន​បង្ហាញ​នូវ​ភាពស្វាហាប់​និង​ខ្លាំង​ក្លា​ក្នុង​យុគសម័យ​ថ្មី ។ ប្រទេស​ចិន​បាន​រៀបចំពិធី​ត្រួត​ពល​និង​ព្យុហយាត្រានៅថ្ងៃ​បុណ្យ​ជាតិ​ចិន បាន​រៀបចំ ​សកម្មភាពអបអបរសាទរខួបទី​៧០​នៃ​ការ​បង្កើត​កងទ័ពជើង​ទឹក​និង​ជើង​អាកាស  ​រៀបចំការ​ប្រកួតកីឡាយោធា​​ពិភពលោក​លើកទី៧ ។ នាវាផ្ទុកយន្តហោះទី​មួយ​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ខ្លួន​ឯង ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុងជួរទ័ពជា​ផ្លូវការ ។ កងទ័ពប្រជាជន​ចិន​ជា​មហាកំពែង​ដែក​ថែប ដើម្បី​គាំពារមាតុ​ប្រទេស​ជាប់រហូត យើង​សូម​សម្តែង​ការ​គោរពចំពោះ​កងទ័ពដែល​បាន​ការពារ​ទឹក​ដី​កំណើត​របស់​ខ្លួន​យ៉ាង​ស្មោះ​ត្រង់  ​។

      ឆ្នាំ ២០១៩ ប្រការ​ដែល​មិន​អាច​បំភ្លេច​បាន​បំផុត គឺពិធីអបអរសាទរខួបទី៧០ ​នៃ​ ​ការ​បង្កើតប្រទេស​ចិន​ថ្មីយ៉ាង​ឱឡារិក​​ ​​។ ពួកយើងអំណរសាទរ​នូវ​​សមិទ្ធផលដ៏​ត្រចះត្រចង់​របស់​សាធារណរដ្ឋប្រជាមានិត​ចិនក្នុងរយៈ​ពេល ៧០​ឆ្នាំកន្លងទៅ​  ហើយក៏រំភើប​ចិត្ត​ចំពោះទឹកចិត្តស្នេហា ជាតិដ៏មហិមាផង​ដែរ ។ ផែនទ័ព​ដែល​ចូលរួមព្យុហយាត្រា​មាន​ភាពអង់អាំច​ស្វាហាប់ ប្រជាពលរដ្ឋ​បាន​ដង្ហែក្បួន​ដោយ​ទឹក​ចិត្ត​សប្បាយរីករាយ ទីលាន ​Tiananmeng បាន​ក្លាយ​ជាដែន​ដី​ដ៏​​សប្បាយ​រីក​រាយ ។ តំបន់​នានាទូទាំង​ប្រទេស​ចិន​បានត្រូវ​​តុបតែងយ៉ាង​ល្អ​ឆើត​ ប្រជាជនពោរពេញ​ដោយ​​ស្នាមញញឹមនិង​មានមោទនភាព​  នៅតាមមហាវិថីនិង​ផ្លូវ​តូចធំ ​បាន​បន្លឺ​នូវ​ចម្រៀងបទ​ « ​ខ្ញុំ​និង​មាតុប្រទេស​របស់​ខ្ញុំ» ។ មនោសញ្ចេតនា​ស្នេហាជាតិ​ធ្វើ​ឱ្យពួក​យើង​រំភើប​ចិត្ត ​ ​ស្មារតី​ស្នេហាជាតិ​បាន​បង្កើតជា​​ឆ្អឹនខ្នង​​របស់​ប្រជាជាតិ ។ ប្រការ​ទាំង​នេះ​បាន​ប្រមូល​ផ្តុំ​ជា​ចរន្ត​ឈាន​ទៅ​មុខ ដើម្បីជា​ការ​គោរព​និង​​កោតសរសើរពី​ប្រទេស​ចិន​ថ្មី ​និង​ធ្វើការ​តស៊ូពុះពារ​ក្នុង​​យុគសម័យ​ថ្មី ។

       ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​ចុះទៅ​ត្រួត​ពិនិត្យការងារ​​នៅ​តំបន់​ជា​ច្រើន ។ ខណ្ឌ ​Xionganថ្មីបាន​ចាប់​ផ្តើមបង្កើតឡើង កំពង់ផែ Tianjingមាន​ភាព​រស់​រវើក មជ្ឈមណ្ឌលរណប​ក្រុង​ប៉េកាំង​មានផុលផុស​ វាលស្មៅម៉ុងហ្គោលី​ក្នុង​មាន​ទេសភាព​ស្រស់​ស្អាត របៀងភាគខាងលិច​ទន្លេលឿន​បាន​ឆ្លង​កាត់ពេលវេលា​រាប់ពាន់​ឆ្នាំ ​នៅ​តែ​មាន​សភាព​ថ្មីសន្លាង​ទន្លេលឿន​ដែលបត់​បែន​​មានភាពធំទូលាយ ត្រើយទាំងសាងខាង​នៃ​ទន្លេយ៉ង់សេ​​មានធនធាន​ស្តុកស្តម្ភ ប្រជាពលរដ្ឋ​មាន​ជីវភាពរស់នៅ​ធូរធារ ។ តំបន់នានានៅ​ទូទាំង​ប្រទេស​ចិន ​មានភាព​រស់​រវើក​និង​រីក​ចម្រើន ​។ ខ្ញុំ​បាន​ដើរតាម​ដំណើរ​បដិវត្តន៍​របស់​ប្រទេស​ចិន ឆ្ពោះ​ទៅ​មុខដោយ​មិន​បំភ្លេច​គោលបំណង​ដើម ។ ពី​តំបន់ Yudu ខេត្តJiangxi ​ដែល​ជា​ទីប្រមូល​ផ្តុំ​និងជា​ទី​ចាប់​ផ្តើមនៃ​​មហាដំណើរ​របស់​កងទ័ព​ប្រជាជន​ចិន រហូត​ដល់​សារមន្ទីរបដិវត្តន៍​នៅតំបន់មូលដ្ឋាន​បដិវត្តន៍​ស្រុកXinខេត្តHenan  ពីវិមានរំលឹកកងទ័ពផ្លូវ​ខាងលិច នៅ​តំបន់ Gaotai ខេត្ត ​Gansu រហូត​ដល់ទី​កន្លែងរំលឹកបដិវត្តន៍​នៅ​ភ្នំXiangshan ក្រុង​ប៉េកាំង តំបន់នីមួយៗសុទ្ធតែ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការនឹក​​រំលឹកនិង​គិតពិចារណា​​យ៉ាង​ច្រើន  គោលបំណង​ដើម​និង​បេសកកម្ម ​ជាប្រភពកម្លាំង​ចលករ​ដែល​យើង​ប្រើ​មិន​រីង​ស្ងួត​សម្រាប់​ការ​​ធ្វើ​មហាដំណើរក្នុង​​យុគសម័យ​ថ្មី  ។ ​

      ដូចពេល​កន្លង​ទៅ​ដែរ មិន​ថា​ជាប់​រវល់​យ៉ាង​ណា ខ្ញុំ​ក៏​បាន​ឆ្លៀត​ពេល​ទៅ​សួរសុខទុក្ខ​បង​ប្អូន​ប្រជាពលរដ្ឋ​​ ។ ពួក​គាត់​បាន​និយាយ​ពីពាក្យសម្តី​ក្នុង​ដួងចិត្ត​ជាច្រើន​ជា​មួយ​ខ្ញុំ ខ្ញុំបានចងចាំពាក្យសម្តីទាំងនេះ​ក្នុងដួងចិត្តរបស់​ខ្ញុំ​ជាប់រហូត​ ។ ជនជាតិទូឡុងនៅ​ស្រុកGongshan ​ខេត្តយូណាន អ្នកភូមិXiadang ​ស្រុកShouning ខេត្តហុកគៀន​ ពល​ទាហានទាំងអស់​នៅ​ក្នុង​កង​នៃ​វីរជន​​Wangjie​​ និស្សិត​​អនុបណ្ឌិត​នៃសកលវិទ្យាល័យ​កីឡាប៉េកាំង​ កុមារនិង​មនុស្ស​ចាស់ជា​អ្នក​​ស្ម័គ្រចិត្ត​នៅម៉ាកាវ​ បាន​សរសេរសំបុត្រ​ផ្ញើ​មក​ខ្ញុំ​ ។ ក្នុង​សំបុត្រ​ឆ្លើយ​តប​ ខ្ញុំបាន​ទទួលស្គាល់ពី​​សមិទ្ធផល​របស់ពួក​គាត់​ ហើយ​ក៏​បានសម្តែង​ពី​ការ​ជូន​ពរ​ដ៏​ល្អប្រសើរ​របស់​ខ្ញុំ​​ផងដែរ ។ 

      មួយ​​ឆ្នាំនេះកន្លង​ទៅ​នេះ​ មាន​មនុស្ស​និងរឿង​ជាច្រើន​បាន​ធ្វើ​ឱ្យ​ពួក​យើង​រំភើប​ចិត្ត ដូចជា​លោក​Zhang Fuqing ដែល​មិន​​គិត​ពី​ការ​ល្បី​ឈ្មោះ​និង​គុណបំណាច់​ ​និងមិន​ភ្លេច​បំណងដើម​របស់ខ្លួន អ្នកនាងWang Wenxiu ដែលបានបូជា​​យុវភាពនិងអាយុជីវិត​ចំពោះ​ការងារ​លុប​បំបាត់​ភាពក្រីក្រ​ វីរជន​ទាំង​​ ៣១ រូប​ដែលបាន​ពលីជីវិត​ដើម្បី​ពន្លត់អគ្គិភ័យ​​នៅ​ស្រុកMuli ​ខេត្តស៊ឺឈួន​ លោកDu Fuguo ​ដែល​​បានយក​រាង​កាយ​ទៅ​​ការពារ​យុទ្ធមិត្ត​​ ​ក្រុម​កីឡាការិនី​​បាល់​ទះ​ចិន​ដែលឈ្នះ​​ ១១ លើក​ជាប់​ៗហើយ​ដណ្តើម​បាន​ជើង​ឯក​ក្នុង​ការ​ប្រកួត​បាល់ទះ​ពាន​ពិភពលោក​ ព្រម​និង​​វីវជន​មិនស្គាល់​ឈ្មោះ​ជា​ច្រើន​រូប​ទៀត​ដែល​បាន​​​រួមវិភាគទាន​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដោយ​គ្មាន​ការ​សោក​ស្តាយ​​​ ពួកគេ​បាន​ធ្វើ​រឿង​​មិន​ធម្មតា​​​ក្នុង​នាម​ជាមនុស្ស​សាមញ្ញម្នាក់​ ។

      ឆ្នាំ ២០១៩​ ប្រទេសចិន​បាន​បន្តធ្វើ​ការ​​បើក​ទូលាយ​ដើម្បី​​ស្វាគមន៍​​ពិភពលោក ។ យើង​បាន​រៀបចំ​ធ្វើ​វេទិកា​កំពូល​ស្តីពីកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​”ខ្សែក្រវាត់​និ​ងផ្លូវ​” លើក​ទី ២ ​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុង​ប៉េកាំង កិច្ច​ប្រជុំ​​សន្ទនា​អរិយធម៌​អាស៊ី និង​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើក​ទី ២ ​ដោយ​បាន​បង្ហាញចំពោះ​ពិភពលោក​នូវ​ប្រទេសចិន​មួយ​ដែល​ប្រកប​ដោយ​អរិយធម៌ ​បើក​ចំហ​ និងបរិយាប័ន្ន​​​​ ។ ខ្ញុំ​បាន​ធ្វើ​កិច្ច​ជំនួប​​ជា​មួយ​ប្រមុខ​រដ្ឋរដ្ឋាភិបាល​ជាច្រើន​ ដោយបាន​ចែករំលែក​ពី​គំនិត​ផ្តួច​ផ្តើម​របស់ប្រទេសចិន​​ ​​ពង្រឹង​និង​ពង្រីក​ចំណង​មិត្តភាព ធ្វើ​ឱ្យ​គំនិត​ឯកភាព​រួម​មានភាព​កាន់តែ​ស៊ី​ជម្រៅ ។ ​មានប្រទេស​មួយ​ចំនួន​ទៀត​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​មួយ​ប្រទេ​ស​ចិន​ ​​ដែល​បានធ្វើ​ឱ្យ​ប្រទេស​មាន​ទំនាក់ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​ចិនកើន​ឡើង​​ដល់​ទៅ​ ១៨០ ​ប្រទេស ​ ។ ​មិត្តភក្តិ​របស់​យើងនៅ​​ពាសពេញ​គ្រប់​ទីកន្លែងលើ​ពិភពលោក​ !

        ឆ្នាំ ២០២០ ជា​ឆ្នាំ​មួយ​ដែល​ប្រកប​ដោយ​អត្ថន័យជានិមិត្តសញ្ញា​ ។ យើង​នឹង​សម្រេច​ការ​កសាង​សង្គម​ដែល​ប្រជាជន​មានជីវភាព​​ធូរធារ​បង្គួរ​​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ និង​សម្រេច​គោល​ដៅ​នៃការ​តស៊ូមួយ​​សតវត្សរ៍​ទី​មួយ​ ។ ឆ្នាំ ២០២០ ក៏ជា​ឆ្នាំ​ទទួល​ជ័យជម្នះ​​ក្នុង​ការពុះ​ពារ​ការ​លំបាក​ដើម្បី​លុប​​បំបាត់​ភាព​ក្រីក្រ​ផង​ដែរ ។ សំឡេង​ត្រែ​លើក​ទឹក​ចិត្ត​បាន​លាន់ឮ​ឡើង​ ។ យើងត្រូវ​ប្រឹង​តស៊ូ​និង​​​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ ឧបសគ្គ​កាន់តែ​លំបាក​ យើង​កាន់តែ​ត្រូវ​បោះ​ជំហាន​ទៅមុខ​ ហើយ​ត្រូវ​បំពេញ​ចន្លោះ​ខ្វះ​ខាត​យ៉ាង​​ប្រាកដ​ប្រជា ធ្វើ​ឱ្យ​មូលដ្ឋាន​គ្រឹះ​មានភាព​កាន់តែ​រឹង​មាំ​ សំដៅ​ទទួល​បាន​​ជោគ​ជ័យ​ក្នុង​ការ​បំបាត់ភាព​ក្រី​ក្រយ៉ាង​ដាច់​ខាត​​ ដើម្បី​សម្រេច​ការ​ធ្វើ​ឱ្យជន​​ក្រីក្រ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្រោម​បន្ទាត់​ស្តង់​ដា​ភាព​ក្រី​ក្រ​បច្ចុប្បន្ន​​ចេញ​ផុត​ពី​ភាព​ក្រី​ក្រ​ទាំងអស់​ ស្រុក​ក្រី​ក្រ​ទាំង​អស់​សុទ្ធ​តែត្រូវ​បាន​លុប​​បំបាត់​ភាព​ក្រី​ក្រ​ ។

      ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ចូលរួម​សកម្មភាព​អបអរសាទរ​ខួប​គម្រប់​ ២០ ឆ្នាំ​នៃ​ការ​​​វិលត្រឡប់​​របស់តំបន់​ម៉ាកាវចូល​មាតុ​ប្រទេស​ចិន​​ ខ្ញុំ​មាន​មោទនភាព​​និង​ក្តី​សោមនស្ស​រីករាយ​ដោយ​សារ​​​ភាព​រុង​រឿង​និង​ស្ថិរភាព​នៃ​តំបន់​ម៉ាកាវ​ ។ ការ​អនុវត្ត​ដោយ​ជោគ​ជ័យ​នៅ​តំបន់​ម៉ាកាវ​បាន​បង្ហាញ​​ថា គោល​នយោបាយ​“ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​”​​គឺ​អាចអនុវត្ត​​​បាន អាច​​សម្រេច​បាន​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ ។ ប៉ុន្មាន​ខែកន្លង​ទៅ​​នេះ​ ស្ថានការណ៍​រនៅ​​​ហុងកុង​បាន​ទទួល​ការ​យកចិត្ត​ទុក​ដាក់​ពីមនុស្ស​ទូទៅ​ ។ បើ​សិន​ជា​គ្មាន​បរិស្ថាន​ដែល​ប្រកប​ដោយ​ភាព​ចុះ​សម្រុង​គ្នា​និង​ស្ថិរភាពនោះ​ទេ​​ ម៉េច​នឹង​អាច​មានទី​លំនៅ​​​ដែលប្រកប​ដោយ​ភាព​សុខ​សាន្ត​ទៅ​ ! យើង​រំពឹងយ៉ាង​​ស្មោះ​ថា តំបន់​ហុងកុង​មានភាព​​​ល្អ​ប្រសើរ​ ជន​រួម​ជាតិ​ហុងកុង​ក៏​មាន​ភាព​ល្អប្រសើរ​ដែរ ។ តំបន់ហុងកុងដែល​មាន​វិបុលភាពនិង​ស្ថិរភាព​ជា​បំណង​ប្រាថ្នា​របស់​ជនរួម​ជាតិ​ហុងកុង​ ហើយ​ក៏​ជា​ក្តី​​រំពឹង​​របស់​ប្រជាជន​ចិន​ទាំង​អស់​ផង​​ដែរ ។

      ទឹក​​ទន្លេ​ប្រវត្តិសាស្រ្តបាន​​ហូរ​ទៅមុខ​ឥត​ឈប់ឈរ​ ដែល​ជួន​កាលមាន​​សភាព​ស្ងប់​ស្ងាត់​ ជួន​កាល​​ក៏​មាន​រលក​បោក​បក់​ខ្លាំង​​ ។ យើងមិនខ្លាច​​ព្យុះ​ភ្លៀង​ ហើយ​ក៏​មិន​​ខ្លាច​ឧបសគ្គ​ដែរ ។ ប្រទេសចិន​នឹង​ដើរ​តាម​ផ្លូវ​អភិវឌ្ឍ​ន៍​ប្រកបដោយ​សន្តិភាព​យ៉ាង​ម៉ឺងម៉ាត់​មិនងាក​រេ គាំពារ​សុខ​សន្តិភាព​របស់​ពិភពលោកនិង​​ជំរុញ​ការអភិវឌ្ឍ​ជាមួយ​គ្នា​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាក​រេ​។ ពួក​យើង​រីករាយ​រួម​សហការ​ជា​មួយ​ប្រជាជន​នៃ​បណ្តា​ប្រទេស​លើ​ពិភពលោក​ រួម​គ្នា​កសាង​យ៉ាង​សកម្ម​នូវ​ ​​​”ខ្សែក្រវាត់​និង​ផ្លូវ​” ជំរុញ​កិច្ច​កសាង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​ ធ្វើ​ការ​ខិត​​ខំ​ប្រឹង​ប្រែងឥត​ស្រាត​ស្រាន្ត​​ដើម្បី​បង្កើត​អនាគត​ដ៏​ល្អ​បវរ​របស់​មនុស្ស​ជាតិ ។

      ក្នុងខណៈ​ពេល​​នេះ មានមនុស្ស​ជាច្រើនកំពុង​ធ្វើ​ការតាម​តួនាទី​របស់​ខ្លួន​​ មានមនុស្ស​ជាច្រើន​​​កំពុង​គាំពារ​សុខសន្តិភាព មាន​មនុស្ស​​ជា​ច្រើន​​កំពុង​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍​ព្យាយាម​ ។ អ្នក​ទាំង​អស់​គ្នា​នឿយ​ហត់​ហើយ​ !

      សូម​ឱ្យ​ពួក​យើង​​ខិត​ខំប្រឹង​ប្រែង​ក្នុង​ពេល​បច្ចុប្បន្ន​ ដើម្បី​កុំ​ឱ្យ​មាន​ភាព​​សោក​ស្តាយនៅ​ថ្ងៃ​ក្រោយ​ ​​យើងរួម​គ្នាស្វាគមន៍​​ការឈាន​ចូល​​មក​ដល់នៃ​​ឆ្នាំ​ ២០២០ ។

      សូម​ជូន​ពរ​លោក​អ្នក​រីក​រាយ​ឆ្នាំ​ថ្មី​ ! 

អ្នកបកប្រែ:翟茜茜

ពិភាក្សា()