邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក LiKeqiang និងលោក WangYi បានចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជាខួបលើកទី ៦៦

2019-11-09 14:30:36 cri

      ថ្ងៃទី ៩ ​ខែវិច្ឆិកា  ​លោក Li  Keqiang   នាយករដ្ឋមន្ត្រី​​​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្ញើ​សារ​លិខិត​ជូនពរ​​និង​​អបអរ​សាទរ​​យ៉ាង​កក់ក្តៅ​ដល់​ សម្តេច ហ៊ុន សែន  ​នាយករដ្ឋមន្ត្រី​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ ​ក្នុង​ឱកាស​ទិវា​​បុណ្យ​​ឯករាជ្យ​ជាតិ​កម្ពុជា​ខួប​​លើក​ទី ៦៦។

      លោក Li  Keqiang  ​បាន​ថ្លែង​ក្នុង​លិខិត​ថា  ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ  ​សង្គម​កម្ពុជា​​មាន​ស្ថិរភាព ​សេដ្ឋកិច្ចអភិវឌ្ឍន៍ទៅមុខ ​ជីវភាពរស់នៅ​របស់​ប្រជាជន​​បន្ត​កែលម្អ​​ឥតឈប់ឈរ​ ​ហើយ​​​ឋានៈ​​លើ​ឆាក​អន្តរជាតិ​បានកើនឡើង​​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​។ ​ ​ក្នុង​នាម​ជា​មិត្តល្អ​និង​មិត្ត​ពិតប្រាកដ  ​ប្រទេស​ចិន​​មាន​ទឹកចិត្ត​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​​ចំពោះ​ការនេះ។​​ ​​ចិន​និង​កម្ពុជា​ជា​ប្រទេស​ជិតខាង​ប្រពៃណី​ ​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍​​ដល់​គ្នា​ក្នុង​គ្រប់វិស័យ​រវាង​ប្រទេស​ទាំងពីរ​បាន​នាំមក​​នូវ​លទ្ធផល​ជាក់ស្តែង​ដល់​​ប្រជាជន​ប្រទេស​ទាំង​ពីរ​។​ ខ្ញុំ​មាន​ឆន្ទៈ​​ជំរុញ​​ឱ្យ​ទំនាក់ទំនង​ដៃគូ​​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និងកម្ពុជា​ ​ឈាន​លើ​ជំហាន​ថ្មី​​​ឥតឈប់ឈរ។

 

      ថ្ងៃដដែល  ​លោក Wang  Yi ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ក៏​បាន​ផ្ញើ​សារលិខិត​ជូនពរ​និង​អបអរ​សាទរ​​ដល់​លោក ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ផង​ដែរ​។ ​  លោក Wang  Yi  ​បាន​ថ្លែង​ក្នុង​សារលិខិត​ថា  ​ទំនាក់​ទំនង​ចិន-កម្ពុជា​បាន​អភិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ ។ ​ប្រទេស​ទាំងពីរ​មាន​​ទំនុក​ចិត្ត​ខាង​​នយោបាយ​កម្រិតខ្ពស់​ ​​ហើយ​​កិច្ចសហប្រតិបត្តិការ​​ទទួល​បាន​លទ្ធផល​ជា​​ផ្លែផ្កា​​ជា​ច្រើន​​អនេក​​​និង​មាន​ការសម្របសម្រួលគ្នា​យ៉ាង​ជិតស្និត​ក្នុងកិច្ចការ​ពហុភាគី​។ ​ខ្ញុំ​មាន​ឆន្ទៈ​​បន្ត​​​ខិតខំ​ប្រឹងប្រែង​រួមគ្នា​​តទៅទៀត ​ដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​មតិឯកភាព​ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ដើរដល់ ​និង​ជំរុញ​ឱ្យ​ទំនាក់​ទំនង​ដៃគូ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​​ប្រទេស​យើងទាំងពីរ​​កាន់តែ​ស៊ីជម្រៅ៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស