郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគអន្តរជាតិ៖គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់និងផ្លូវបានបង្កើតកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍរួមរបស់ពិភពលោកទាំងមូល

2019-10-05 15:39:29 cri

   ថ្ងៃ​ទី​៥​ខែ​តុលា អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចេញ​ផ្សាយ​អត្ថបទ​នៃ​អ្នក​អត្ថាធិប្បាយ​ក្រោម​ចំណង​ជើង​ថា” គំនិត​ផ្តួច​ផ្តើម​ស្តីពី​ខ្សែ​ក្រវាត់​និង​ផ្លូវ​បាន​បង្កើត​កាលា​នុ​វត្តភាព​ថ្មី​សម្រាប់​ការ​អភិវឌ្ឍរួម​របស់​ពិភពលោក​ទាំង​មូល”។

      អត្ថបទ​បាន​គូសបញ្ជាក់​ថា ក្នុង​ឱកាស​ខួប​គម្រប់​៧០​ឆ្នាំ​នៃ​ការ​បង្កើត​ប្រទេស​ចិន​ថ្មី លោក​ស៊ីជីនភីង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ក្នុង​កាលៈទេសៈ​ជា​ច្រើន ដោយ​បាន​គូស​បញ្ជាក់​ថា ប្រជាជន​ចិន​នឹង​រួម​សហការ​ជា​មួយ​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ ។ នេះ​គឺ​ជា​”ផែនការ​ចិន”ដែល​ប្រទេស​ចិន​បាន​លើក​ឡើង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព​របស់​ពិភពលោក​និង​ជំរុញ​អភិបាលកិច្ច​ជា​សកល ។ នៅ​រដូវ​រំហើយ​ឆ្នាំ​២០១៣ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ពី​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​និង​ផ្លូវ​សូត្រ​សមុទ្រ​នៃ​សតវត្សរ៍​ទី​២១ ។ គំនិត​ផ្តួច​ផ្តើម​នេះ​បាន​រក​ឃើញ​កម្លាំង​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​បាន​រួម​ចំណែក​ជា​ពុទ្ធិ​នៃ​ប្រទេស​ចិន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​អតុល្យាភាព​នៃ​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ទាំង​មូល​ ដូច្នេះ ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ​ក៏​បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់កែ​លម្អ​អភិបាលកិច្ច​ជា​សកល​ផង​ដែរ ។

      អត្ថបទ​បាន​គូស​បញ្ជាក់ទៀត​​ថា រយៈ​ពេល​៦​ឆ្នាំ​មកនេះ​ គំនិត​ផ្តួច​ផ្តើម​ស្តីពី “​ខ្សែ​ក្រវាត់​និង​ផ្លូវ​” និង​ទស្សនៈ​ស្តីពី “​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​” បាន​ផ្សារ​ភ្ជាប់​ជា​មួយ​គ្នា​ ដោយ​បាន​បង្កើន​ការ​កសាង​ទំនុក​ចិត្ត​នយោបាយ​រវាង​គ្នា​និង​គ្នា​ ការ​រួម​បញ្ចូលគ្នា​ខាង​​សេដ្ឋកិច្ច​ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្សជាតិ​នៃ​បណ្តា​ប្រទេស​នានា​ ។ គិត​រហូត​ដល់​ចុង​ខែ​កក្កដា ឆ្នាំ ២០១៩ មាន​១៣៦​ប្រទេស​និង​អង្គការ​អន្តរជាតិចំនួន​៣០​​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហប្រតិបតិ្តការ​ "​ខ្សែ​ក្រវាត់​និង​ផ្លូវ​"ជា​មួយ​ប្រទេស​ចិន ។ ទស្សនៈ​ស្តីពី ​“​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​ជាតិ​” ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្តី​សម្រេច​ចិត្តជា​ច្រើន​លើក​​របស់​អង្គការ​សហប្រជាជាតិ ប្រការ​នេះ​បាន​បង្ហាញពី​ភាព​ស៊ី​សង្វាក់​គ្នា​រវាង​ទស្សនៈ​មួយ​នេះជា​មួយ​​ទស្សនៈ​សនិ្តសុខ​និង​សន្តិភាព​រួម​របស់​អង្គការ​សហប្រជាជាតិ ដោយ​បាន​ចង្អុល​បង្ហាញ​ទិសដៅ​យ៉ាង​ច្បាស់​សម្រាប់​​ពិភពលោក​ដែល​ប្រកប​ដោយ​ភាព​មិន​ប្រាកដ​ប្រជា ពោលគឺ​​សមស្រប​នឹង​ផល​ប្រយោជន៍​រួម​នៃ​បណ្តា​ប្រទេស​នានា ។ លោក Martin Jacques អ្នក​ស្រាវ​ជ្រាវ​ជើង​ចាស់​នៃ​វិទ្យាស្ថាន​នយោបាយ​និង​ទំនាក់​ទំនងអន្តរជាតិ​របស់​សកលវិទ្យាល័យ​​ Cambridge នៃ​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ថា គុណ​តម្លៃ​ដ៏​វិសេសវិសាល​​នៃ​គំនិត​ផ្តួច​ផ្តើម​ស្តីពី “​ខ្សែ​ក្រវាត់​និង​ផ្លូវ​”គឺស្ថិត​នៅ​ត្រង់​ថា គំនិតផ្តួច​ផ្តើម​​នេះ​បានផ្សារភ្ជាប់​ទៅ​នឹង​ទស្សនទាន​ដ៏​មហិមា​មួយ​ ដែល​​បូក​រួម​ទាំងគ្រប់​​ជំហាននៃ​ការ​សម្រាប់​សម្រេច​ទស្សនទាន​នេះ គំនិត​ផ្តួច​ផ្តើម​នេះ​មាន​ភាព​ខ្លាំង​ក្លានិង​មាន​ភាព​ជឿជាក់​​លើ​ខ្លួនឯង ពិត​ជា​នឹង​ទទួល​បាន​ជោគជ័យ​ជា​មិន​ខាន ៕

អ្នកបកប្រែ:郑磊

ពិភាក្សា()