王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ នាវាពាណិជ្ជកម្មឈ្មោះម្ចាស់ក្សត្រីចិនគឺជាភស្តុតាងបង្ហាញថាប្រទេសចិននិងអាមេរិកមិនអាចផ្តាច់ទំនាក់ទំនងពីគ្នាបានឡើយ

2019-06-24 17:38:24 cri

      ចាប់​តាំង​​ពី​ជម្លោះ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ឡើង​កម្តៅ​មក​ ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​របស់​អាមេរិក​ក្នុង​នោះ​បូក​រួម​ទាំង​លោក​ Rubio​ សមាជិក​ព្រឹទ្ធ​សភា​នៃ​បក្ស​សាធារណរដ្ឋ​អាមេរិក​បាន​យក​ជម្លោះ​នេះ​ជា​លេស​​ឃោសនា​បំប៉ោង​អំពី​ពាក្យ​សម្តី​ដែលថា​ចិន​និង​អាមេរិក​បាន​ផ្តាច់​ទំនាក់ទំនង​នឹង​គ្នា​ ​ដោយ​អះអាង​ថា​នឹង​កាត់​​ផ្តាច់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ​បច្ចេកវិទ្យា​និង​វប្បធម៌​មនុស្ស​ជាដើម​រវាង​ចិន​និង​អាមេរិក។ ​ មនុស្ស​ដែល​គាំទ្រ​ពាក្យ​សម្តី​បែប​នេះ​បាន​បំភ្លេច​ទាំង​ស្រុង​នូវ​ប្រវត្តិសាស្រ្ត​អភិវឌ្ឍន៍​របស់​អាមេរិក​ដែល​បុព្វបុរស​របស់​ពួក​គេ​បាន​កសាង​អាមេរិក​បច្ចុប្បន្ន​ដោយ​ពឹង​ផ្អែក​លើ​ការ​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេសចិន​នៅ​ឯ​នាយ​សមុទ្រ​។​

      នា​ខែ​កុម្ភៈ​ឆ្នាំ​១៧៨៤​ ​ដើម្បី​ពុះពារ​ការ​បំបិទ​ខាង​សេដ្ឋកិច្ច​ពី​ប្រទេស​អង់គ្លេស​ ​អាមេរិក​បាន​ចាត់បញ្ជូន​នាវា​ពាណិជ្ជកម្ម​មួយគ្រឿង​ឈ្មោះ​ម្ចាស់​ក្សត្រី​ចិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ក្វាំងចូវ​ប្រទេសចិន​នា​ខែ​សីហា​ឆ្នាំ​ដដែល​ ​និង​បាន​ចាប់ផ្តើម​ការ​ធ្វើពាណិជ្ជកម្ម​ដោយផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ត្រើយ​ទាំង​សង​ខាង​នៃ​មហាសមុទ្រ​​ប៉ាស៊ីហ្វិក​។​ ​ក្នុង​អំឡុង​ពេល​ជាង​៣​ខែ​ដែល​ចំណត​​នៅ​ក្រុង​ក្វាំងចូវ​ ​នាវា​ពាណិជ្ជកម្ម​ឈ្មោះ​” ម្ចាស់​ក្សត្រី​ចិន”​បាន​ដាក់​លក់​ផលិតផល​ដូច​ជា​យិនសិន​អាមេរិក​ ម្រេច​និង​​សំឡី​ជាដើម​ ​ជាមួយ​គ្នា​នេះ​ក៏​បាន​ទិញយក​​ផលិតផល​ចិន​ដូច​ជា​ស្លឹកតែ​ ​គ្រឿង​ពរ្សឺឡែន​​និង​វាយនភ័ណ្ឌ​ជាដើម​ ​សរុប​បាន​ចំណេញ​ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក​។

    ការ​ធ្វើ​នាវាចរណ៍​ដ៏​ចម្ងាយ​​ឆ្ងាយ​ដែល​ប្រកប​ដោយ​អត្ថន័យ​ប្រវត្តិសាស្ត្រ​លើក​នេះ ធ្វើ​ឱ្យ​ជន​ជាតិ​អាមេរិក​បានមើល​​ឃើញពី​​ផលកម្រៃ​យ៉ាង​ច្រើន​សម្បើម​ដែល​បាន​មក​ពី​ទីផ្សារ​របស់​ប្រទេស​ចិន ដូច្នេះ​បាន​នាំ​គ្នា​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់​ជា​មួយ​ប្រទេស​ចិន​តាម​រយៈ​ផ្លូវ​សូត្រ​លើ​សមុទ្ររបស់​​អាមេរិកអស់​កាល​ជា​យូរ ។ បន្ទាប់​ពី​ទសវត្សរ៍​ឆ្នាំ​៩០ នៃ​សតវត្សរ៍​ទី​១៨ ទំហំ​ពាណិជ្ជកម្ម​របស់​អាមេរិក​ជា​មួយ​ប្រទេស​ចិនឈរ​នៅ​​លំដាប់​ទី​ពីរ​នៅ​លើ​ពិភពលោក​ គឺ​នៅ​​បន្ទាប់​ពី​អង់គ្លេស​។ បើ​មើល​ពី​ប្រវត្តិសាស្ត្រ​ អ្នក​ផង​ទាំង​ពួង​អាច​យល់​ឃើញ​ថា កាល​ពី​​ជាង​២​រយ​ឆ្នាំ​មុន អាមេរិក​បានជម្នះ​​នូវ​ការ​បំបិទនូវ​​ផ្នែក​សេដ្ឋកិច្ច​ពី​សំណាក់​​អង់គ្លេស​ តាម​រយៈការ​​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​ប្រកប​ដោយ​សមភាព​និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅមក​ជា​មួយ​ប្រទេស​ចិន​ ដែល​បាន​ធ្វើ​ឱ្យ​អាមេរិក​​ដើរ​តាម​ផ្លូវ​អភិវឌ្ឍ​និង​វិបុលភាព ។ បច្ចុប្បន្ន​ ប្រទេស​ចិន​និង​អាមេរិក​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​និង​ជា​គោល​ដៅ​បណ្តាក់​ទុន​សំខាន់ទៅវិញ​ទៅមក​ នៅ​ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​ទំនិញ​ទ្វេភាគី​មាន​ចំនួន​ដល់ទៅ​ ៦សែន ៣ ម៉ឺន ៣​ពាន់​៥រយ​លាន​ដុល្លារ​អាមេរិក ប្រាក់​ចំណូលបាន​ពី​​ការ​លក់​ដូរ​របស់​សហគ្រាស​ទុន​អាមេរិក​ដែល​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ចិន​មាន​ចំនួន​លើស​ពី​៧​សែន​លាន​ដុល្លារ​អាមេរិក ។ អ្នក​ផង​ទាំង​ពួង​ប្រហែល​ពិបាក​នឹក​​ស្មានណាស់​ថា តើ​មាន​កម្លាំងអ្វី​ដែល​អាច​កាត់​ផ្តាច់​​ទំនាក់​ទំនងផ្តល់​​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​រវាង​ចិន​និង​អាមេរិកនោះ?

      ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអាមេរិក​ជាង ៦០០ មាន​ដូចជា​ក្រមហ៊ុន Walmart ជា​ដើម​បាន​រួមគ្នា​​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក ដើម្បី​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដោះស្រាយ​ជម្លោះពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ និង​បង្ហាញ​ថា ការ​ដំឡើង​ពន្ធគយ​បាន​បង្ករ​ការ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​សហគ្រាស​និង​អ្នកប្រើប្រាស់​អាមេរិក​ ។ ក្នុង​កិច្ចប្រជុំ​សវនាការ​ស្តីពី​ការដំឡើង​ពន្ធគយ​លើ​ផលិតផល​ចិន​ដែល​មាន​តម្លៃ ៣០ ម៉ឺនលាន​ដុល្លារ​អាមេរិកដែល​ប្រព្រឹត្តិទៅ​នាពេល​ថ្មីៗនេះ តំណាង​សហគ្រាស​និង​សមាគម​មុខរបរ​នានា​របស់​អាមេរិក បូករួមទាំង​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ ក្រុមហ៊ុន​ផលិត​ប្រដាប់​ប្រដា​ប្រើប្រាស់​របស់​កុមារ​ជា​ដើម​សុទ្ធតែ​ប្រឆាំង​នឹង​ការ​ដែល​អាមេរិក​ដំឡើង​ពន្ធគយ​ចំពោះ​ផលិតផល​ចិន​ដោយ​យល់ឃើញ​ថា សេដ្ឋកិច្ច​ចិន​និង​អាមេរិក​បាន​តភ្ជាប់​គ្នា​យ៉ាង​ជិតស្និទ្ធ ក្រុមហ៊ុនផលិតកម្ម​អាមេរិក​មិន​អាច​កាត់​ផ្តាច់​ពី​​រោងចក្រ​ចិន​ដែល​មាន​កម្រិត​ខ្ពស់និង​មាន​បរិមាណ​ផលិត​ច្រើន​បាន​ទេ ប្រសិនបើ​បន្ត​ដំឡើន​​ពន្ធគយ​ចំពោះ​ប្រទេស​ចិន​ទៀត អ្នកប្រើប្រាស់​អាមេរិក​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​ខ្លាំង​ជាង​គេ ។ 

   នៅ​ខណៈ​ពេល​ដែល​មាន​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​ដូច​បច្ចុប្បន្ន ការ​ធ្វើ​ពា​ណិ​ជ្ជ​កម្ម​រវាង​ចិន​និង​អាមេរិកគឺ​ពាក់​ព័ន្ធ​ដល់ផល​ប្រយោជន៍​របស់​ភាគី​ទាំង​ពីរ ។ ការ​បង្ខិត​បង្ខំ​ឱ្យ​ចិន​និង​អាមេរិក​ផ្តាច់​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម ច្បាស់​ជា​នឹង​ធ្វើ​ឱ្យមាន​ផល​ប៉ះ​ពាល់​ដល់​ខ្សែ​សង្វាក់​សេដ្ឋកិច្ច​ពិភពលោក បំផ្លាញ​ដល់​ការ​បែង​ចែក​តួនាទី​ឧស្សាហកម្ម​នៃ​ពិភពលោក​ទាំង​មូល ព្រម​ទាំង​បណ្តាល​ឱ្យទី​ផ្សារ​អន្តរជាតិ​មាន​ភាព​ច្របូកច្របល់​និង​ទី​ផ្សារ​ហិរញ្ញវត្ថុ​មាន​រង្គោះ​រង្គើផង​ដែរ ។

     ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​មាន​ទំហំ​យ៉ាង​ធំ​ធេង ការ​កើត​មាន​ជម្លោះ​គឺ​ជា​ការ​ធម្មតា​ណាស់ បញ្ហា​ជា​គន្លឹះគឺ​ភាគី​ទាំង​ពីរ​គួរ​តែ​រិះ​រក​វិធី​សាស្រ្ត​ដ៏​ត្រឹម​ត្រូវ ដើម្បី​គ្រប់​គ្រង​ការ​ខ្វែង​គំនិតនិង​ពង្រឹង​និង​ពង្រីក​គំនិត​ឯកភាពរួម ។ រំលឹក​ឡើង​វិញ​ពី​ប្រវត្តិសាស្រ្ត​កាល​ពី​ពេល​ជាង​២៣០​ឆ្នាំ​មុនដែល​នាវា​ពាណិជ្ជកម្ម​ឈ្មោះ​ម្ចាស់ក្សត្រី​ចិន​បាន​ត្រួស​ត្រាយ​ការ​ធ្វើ​ពា​ណិ​ជ្ជកម្ម​រវាង​ចិន​និងអាមេរិក អ្នក​ផង​អាច​យល់​ដឹង​កាន់​តែ​ច្បាស់​ថា មាន​តែ​ការ​ប្រកាន់​ខ្ជាប់​ការ​គោរព​គ្នា​ សមភាព ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ប្រកប​ដោយ​វិចារណញ្ញាណ ទើប​វា​សមស្រប​នឹង​ផល​ប្រយោជន៍​របស់​ភាគី​ទាំង​ពីរ​ចិន​និង​អាមេរិក ។

      ប្រវត្តិសាស្រ្ត​និង​ការ​ពិត​បាន​បញ្ជាក់​ថា បើ​ចិន​និង​អាមេរិក​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា នោះ​គឺ​មាន​អំណោយ​ផល​ដល់​ភាគី​ទាំង​ពីរ បើ​តតាំង​គ្នា នោះ​នឹង​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ភាគី​ទាំង​ពីរ ។ អាមេរិកមាន​ការ​ចាំ​បាច់ណាស់​ក្នុង​ការ​រំលឹក​ឡើង​វិញ​ពី​ប្រ​វត្តិ​សាស្រ្ត​នៃ​ដើម​កំណើត​ផ្នែក​ពាណិជ្ជកម្ម​របស់​ខ្លួន ដើម្បី​យល់​ដឹង​ការ​ពិត​ដែល​ថា ការ​ផ្តាច់​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​គឺ​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​កាលានុវត្តភាព និង​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​អនាគត ពោល​គឺ​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ពិភពលោក​តែ​ម្តង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស