孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា ឥទ្ធិពលនៃវិធានការរបស់ភាគីអាមេរិកអាចត្រូវគ្រប់គ្រងជាទូទៅ ប្រទេសចិននឹងបន្តជំរុញនិងលើកកម្ពស់ការបើកទូលាយចំពោះអន្តរជាតិក្នុងវិស័យឧស្សាហកម្ម

2019-05-26 15:35:08 cri

    ពេលថ្មី​ៗកន្លង​ទៅនេះ ​ភាគីអាមេរិក​បាន​ចាប់ផ្តើម​ដំឡើង​ពន្ធគយ​២៥ភាគរយ​ចំពោះ​ទំនិញចិន​នាំចូល​ទៅ​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ២សែន​លានដុល្លារ​អាមេរិក​ ។ ​លោក ​Wang ​Zhijun ​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និងព័ត៌មាន​វិទ្យាចិន​បានថ្លែង​នៅពេល​ទទួល​សម្ភាសន៍​នៅពេលថ្មីៗ​កន្លងទៅនេះថា​ ការដំឡើង​ពន្ធគយរបស់​សហរដ្ឋអាមេរិក​គឺគ្មាន​ផលប្រយោជន៍​ដល់​ប្រទេសចិន​នោះទេ ​ហើយក៏​គ្មាន​ផលប្រយោជន៍​ដល់​សហរដ្ឋអាមេរិក ​និង​គ្មាន​ផលប្រយោជន៍​ដល់​ពិភពលោក​ផងដែរ ។ ​ពិតមែនតែ​អាជីវកម្មនិង​សហគ្រាស​មួយចំនួន​របស់​ប្រទេសចិន​នឹង​ប្រឈមមុខនឹង​​សម្ពាធ​ដូចជា​ថ្លៃដើម​កើនឡើង​ជាដើម ​ប៉ុន្តែ​ឥទ្ធិពល​នេះអាច​ត្រូវគ្រប់គ្រង​បាន​ជាទូទៅ ។

    លោក ​Wang ​Zhijun ​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និងព័ត៌មាន​វិទ្យាចិន​បាន​និយាយថា ​ការនាំចេញ​ទៅ​សហរដ្ឋអាមេរិក​ដែលមាន​តម្លៃ២សែន​លានដុល្លារ​អាមេរិក​ គឺស្មើនឹង​ចំនួន៨​ភាគរយនៃ​ការនាំចេញ​សរុបរបស់​ចិន​ទៅកាន់​​បរទេស​ប៉ុណ្ណោះ​ ។ ក្នុង​សហគ្រាស​ដែលផលិត​ទំនិញ​សម្រាប់​នាំចេញ​ក្នុង​តម្លៃ២សែន​លានដុល្លារ​អាមេរិកនេះ​​ គឺមាន​សហគ្រាស​ទុនបរទេស​ចំនួន​៥០​ភាគរយ ​ក្នុងនោះ ​​​សហគ្រាសទុន​បរទេស​ជាច្រើន​ជាសហគ្រាស​អាមេរិក ​។ ​ដូច្នេះ ​សហរដ្ឋអាមេរិក​ដំឡើង​ពន្ធគយ​ មិនត្រឹមតែ​ប៉ះពាល់ដល់​​សហគ្រាសចិន​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏បាន​ប៉ះពាល់ដល់​​ផលប្រយោជន៍​របស់​សហគ្រាសអាមេរិក​និង​អ្នកប្រើប្រាស់​របស់​អាមេរិកផងដែរ​ ។ ព្រមទាំង​ក៏នឹងគំរាម​កំហែងដល់​សន្តិសុខនៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​អន្តរជាតិ​ទៀតផង ។

    លោក ​Wang​ Zhijun ​ក៏បាន​ថ្លែងទៀតថា ​ប្រទេសចិន​នឹង​បន្តជំរុញ​និង​លើកកម្ពស់​កម្រិត​បើកទូលាយ​ចំពោះ​អន្តរជាតិក្នុង​វិស័យ​ឧស្សាហកម្ម ​។ ទីមួយ​ គឺ​អនុវត្ត​ជាក់ស្តែងនូវ​គោលនយោបាយ​បើកទូលាយ​ក្នុងវិស័យ​យន្តហោះ​ នាវា ​រថយន្តនិង​ទូរគមនាគមន៍​ជាដើម ។​ ទីពីរ ​គឺជំរុញ​ការកែបញ្ជី​អវិជ្ជមាននៃ​ការអនុញ្ញាតឲ្យ​ពាណិជ្ជករ​បរទេស​ចូលទៅ​តំបន់​ពាណិជ្ជកម្ម​សេរីនិង​ទូទាំង​ប្រទេស ​និង​កាត់បន្ថយ​យ៉ាងខ្លាំង​នូវខ្លឹមសារនៃ​បញ្ជីអវិជ្ជមាន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស