ផែ្នកប៉ូលិសស្រីលង្កាបានបញ្ជាក់កាលពីថ្ងៃទី ២២ ខែមេសា ថា ហេតុការណ៍បំផ្ទុះគ្រាប់បែក ៨ ករណីដែលបានកើតឡើងកាលពីថ្ងៃទី ២១ ខែមេសានេះ បានបណ្តាលឲ្យមនុស្ស ចំនួន ២៩០ នាក់ស្លាប់និងចំនួន ជាង ៥០០ នាក់ទៀតរងរបួស។លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិនិងលោក Maria Fernanda Espinosa ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី ៧៣ ជាដើមបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេរវកម្មនេះ។
យោងតាមព័ត៌មានថ្មីបំផុតពីឯកអគ្គស្ថានទូតចិនប្រចាំនៅប្រទេសស្រីលង្កាកាលពីថ្ងៃទី ២២ ខែមេសា បានបញ្ជាក់ថា ប្រជាពលរដ្ឋចិនម្នាក់បានស្លាប់ ហើយប្រជាពលរដ្ឋចិន ចំនួន ៥ នាក់បានបាត់បង់ទំនាក់ទំនងនិងចំនួន ៥ នាក់ទៀតបានរងរបួស។
ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតីស្រីលង្កាបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនាថៃ្ងដដែលដោយចែងថា ស្រីលង្កានឹងចូលក្នុង"ភាពអាសន្នទូទាំងប្រទេសដោយមានលក្ខខណ្ឌ"ចាប់ពីម៉ោង ០ ថៃ្ងទី ២៣ ខែមេសានេះនៅក្នុងតំបន់។
លោក Antonio Guterres បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយតាមរយៈអ្នកនាំពាក្យរបស់លោកកាលពីថ្ងៃទី ២១ ខែមេសា ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មមួយចំនួននៅក្នុងប្រទេសស្រីលង្កា ហើយរំពឹងថា ជនបង្ករឿងនឹងត្រូវបានចាប់ខ្លួនឲ្យបានឆាប់ៗ។
លោក Maria Fernanda Espinosa បានចេញអត្ថបទមួយតាមបណ្តាញទំនាក់ទំនងសង្គមដោយបានថ្កោលទោសចំពោះទង្វើដ៏សាហាវនេះនិងអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារចំពោះមនុស្សឥតទោស៕