郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយតំណាងនៃប្រទេសអាមេរិក ប្រមុខរដ្ឋប្រទេសទាំងពីរណែនាំជំរុញកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

2019-02-16 16:09:59 cri

      ថ្ងៃទី ១៥ ខែ​កុម្ភៈ កិច្ច​ពិគ្រោះ​ពិភាក្សា​ថ្នាក់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ជុំ​ទី​៦​ដែល​ញ៉ាំង​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ បាន​បញ្ចប់​នៅ​ក្រុង​ប៉េកាំង ។ លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក​ និង​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដែល​អញ្ជើញ​ទៅ​ចូលរួម​កិច្ច​ពិគ្រោះ​ពិភាក្សា​ជុំ​នេះ​ ថ្លែង​ក្នុង​កិច្ច​ជំនួប លោក ស៊ីជីនភីង បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំង​ពីរ​ចិន​និង​អាមេរិក​នឹង​ទទួល​បាន​ផល​ឈ្នះ-ឈ្នះ ហើយ​ការ​បដិបក្ខ​គ្នា​នឹង​ត្រូវ​​ខូច​ខាត​ទាំង​អស់​ ដូច្នេះ​កិច្ច​សហប្រតិបតិ្តការ​គឺ​ជម្រើស​ល្អ​បំផុត ។ លោក ស៊ី ជីនភីង​រំពឹង​ទុក​ក្រុម​ការងារ​ទ្វេភាគី​អាច​អនុលោម​តាម​គោលការណ៍​និង​ទិស​ដៅ​ដែល​ខ្លួន​លោក​និង​លោក​ ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​កំណត់​នោះ បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង ផ្តោស​សំខាន់​ទៅ​លើ​កិច្ច​សហប្រតិបតិ្តការ​ ក៏​ដូច​ជា​គ្រប់​គ្រង​និង​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ឲ្យ​បាន​ល្អ ដើម្បី​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​និង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រឹង​មាំ​និង​ប្រកប​ដោយ​ស្ថិរភាព​ ។

      នេះគឺជាលើកដំបូងដែលលោកប្រធានរដ្ឋចិនស៊ីជីនភីងជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិក ចាប់តាំងពីជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិកកាន់តែឡើងកម្តៅជាបន្តបន្ទាប់នាខែកុម្ភៈឆ្នាំ២០១៨និងភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាជាច្រើនជុំមក។ នេះគឺមានសេចក្តីថា ការពិគ្រោះពិភាក្សាជុំនេះបានបោះជំហានទៅមុខថែមមួយកម្រិតទៀតលើមូលដ្ឋាននៃការពិគ្រោះពិភាក្សានៅក្រុងវ៉ាស៊ីនតោនកាលពីពីរសប្តាហ៍មុនដែលទទួលបានការវិវឌ្ឍដ៏សំខាន់នោះ ក្រៅពីនេះ ប្រការនេះក៏បានបង្ហាញទៀតថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានដើរតួនាទីណែនាំជាគន្លឹះជាប់រហូតក្នុងការដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិកដោយសមរម្យ។

      ឥស្សរជនវិភាគបានវែកញែកថា ក្នុងពេលជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោកប្រធានស៊ីជីនភីងបានលើកឡើងថា កិច្ចសហប្រតិបត្តិការគឺមានគោលការណ៍ ប្រការនេះបង្ហាញថា ល័ក្ខខ័ណ្ឌសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺមិនត្រូវប៉ះពាល់ដល់ផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិននិងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនចិន។

តាំងពីជម្លោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកកាន់តែឡើងកម្តៅនាខែកុម្ភៈ ឆ្នាំ២០១៨ ការពិភាក្សាតាមទូរស័ព្ទពីរលើកនិងកិច្ចជំនួបមួយលើកក្នុងគ្រាជាគន្លឹះរបស់ប្រមុខរដ្ឋប្រទេសទាំងពីរបានដើរតួនាទីបន្ធូបន្ថយសំខាន់។ ជាពិសេស មតិឯកភាពសំខាន់ៗដូចជាការផ្អាកឡើងកម្តៅនៃសង្រ្គាមពន្ធគយជាដើមរវាងប្រមុខរដ្ឋប្រទេសទាំងពីរ ដែលបានឈានដល់ក្នុងកិច្ចជំនួបនៅប្រទេសអាហ្សង់ទីនកាលពីខែធ្នូឆ្នាំមុនបានបំង្វែរតែម្តងនូវស្ថានការណ៍ដែលជម្លោះពាណិជ្ជកម្មរវាងភាគីទាំងពីរមានភាពកាន់តែធ្ងន់ធ្ងរឥតឈប់ឈរ។

        ជិត​៣ខែ​កន្លង​មក​ ក្រោម​ការ​ណែនាំ​នៃ​គំនិត​ឯក​ភាព​​សំខាន់ៗ​របស់​ប្រមុខរដ្ឋ​ប្រទេស​ទាំង​ពីរ​ ក្រុម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ចិន​និង​មេរិក​ដើរតាម​ទិសដៅ​តែ​មួយ​ ​ធ្វើ​ការពិគ្រោះ​ពិភាក្សា​យ៉ាងមមាញឹក ។ ក្នុង​អំឡុងពេល​ការពិគ្រោះពិភាក្សាជុំ​នេះ ភាគីទាំង​ពីរ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដោយ​ស៊ី​ជម្រៅស្តីពី​បញ្ហាដែល​យកចិត្ត​ទុក​ដាក់​ដូចគ្នា​ដូចជា​​ ការ​ផ្ទេរបច្ចេកទេស​ ការការពារកម្មសិទ្ធិ​បញ្ញា របាំងមិន​មែន​ពន្ធគយ កសិកម្ម​ តុល្យភាពខាង​ពាណិជ្ជកម្ម​និង​យន្តការអនុវត្ត​ជាដើម​ បាន​ឈានដល់​គំនិត​ឯកភាព​រួម​ជា​គោល​ការណ៍​អំពីបញ្ហា​សំខាន់​ៗ ព្រមទាំង​បាន​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទងដោយស៊ីជម្រៅ​អំពីឯកសារអនុស្សរណៈយោគយល់​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​​​ចិន​និង​សហរដ្ឋអាមេរិក​ ​ប្រទេសទាំងពីរបានឯកភាពគ្នាថានឹង​បន្តធ្វើ​ការពិគ្រោះ​ពិភាក្សា​នៅ​ក្រុង​វ៉ាស៊ីន​តោន​នៅសប្តាហ៍​ក្រោយ​។​ 

ប្រការ​ទាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បញ្ហា​ដែល​ភាគីទាំង​ពីរ​បាន​ពិគ្រោះ​ពិភាក្សា​មិន​គ្រាន់​តែ​មានភាព​ទូលំទូលាយ​និង​ស៊ី​ជម្រៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ឈាន​ដល់​មតិ​ឯកភាពគ្នា​ជា​គោលការណ៍​អំពី​បញ្ហា​សំខាន់​ៗទៀត​ផង​​ ។ មតិ​ឯកភាព​គ្នា​ជា​គោលការណ៍​ទាំង​នេះ​បាន​បង្ហាញ​នូវ​ការ​យកចិត្ត​ទុកដាក់របស់​ភាគី​អាមេរិក​​ផង ក៏​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ភាគី​ចិន​ផងដែរ​​ ពោល​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​គោលការណ៍​ដែល​សមភាព​គ្នា​ ផ្តល់ផល​ប្រយោជន៍​ដល់​គ្នា និង​ឈ្នះ​-​ឈ្នះ ។

ក្នុង​កិច្ច​​ពិភាក្សា​លើក​នេះ​​ ភាគី​ចិននិង​អាមេរិក​បាន​ពិគ្រោះ​ពិភាក្សា​អំពី​សេចក្តី​ព្រាង​នៃ​អនុស្សារណៈ​យោគ​យល់​ស្តី​ពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ។ ប្រការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ច​​ពិភាក្សា​​រវាង​ភាគីទាំង​ពីរ​បាន​ឈាន​ចូល​ដំណាក់កាល​គ្រោង​សេចក្តី​ព្រាង​នៃ​កិច្ចព្រម​ព្រៀង​ ដែល​ជា​ការ​វិវឌ្ឍន៍​ប្រកបដោយ​លក្ខណៈ​ជា​ដំណាក់​កាល​ដ៏​សំខាន់​មួយ​ទៀត ។ អំពី​បញ្ហា​យន្តការ​អនុវត្ត​ដែល​ភាគី​ទាំង​ពីរ​បាន​យក​ចិត្ត​ទុក​ដាក់ខ្លាំង​ដូច​គ្នា ដោយ​មក​ពី​កិច្ចពិភាក្សាដែល​ធ្វើ​​នៅ​ក្រុង​វ៉ាស៊ីនតោន​បាន​ឈាន​ដល់​មតិ​ឯកភាព​គ្នា​ជា​គោលការណ៍​អំពី​ក្រប​ខ័ណ្ឌ​និង​ចំណុច​មូលដ្ឋាន​នៃ​បញ្ហា​មួយ​នេះ​រួច​ស្រេច​ទៅ​ហើយ​ ហេតុ​ដូច្នេះ​ក្នុង​កិច្ច​ពិភាក្សា​លើក​នេះ​ក៏​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​យោបល់​អំពី​បញ្ហា​នេះ​ថែម​ទៀត ។ ប្រការ​នេះ​ប្រាកដ​ជា​​មាន​អំណោយ​ផល​ដល់​ការ​ធានា​ឲ្យ​វិធានការ​ដែល​ភាគី​ទាំង​ពីរ​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​អាច​មាន​សុពលភាពបាន​ ។

អ្វីដែលត្រូវផ្តោតការយកចិត្តទុកដាក់នោះគឺ ក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសចិននិងអាមេរិកសម្រេចបន្តធ្វើការពិគ្រោះពិភាក្សានៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។នេះមានន័យថា ភាគីទាំង២ចិននិងអាមេរិកសុទ្ធតែមានគោលបំណងយ៉ាងខ្លាំងឲ្យឈានដល់កិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងកាលបរិច្ឆេទ។បច្ចុប្បន្ន រយៈពេលបញ្ចប់កិច្ចពិគ្រោះពិភាក្សាមិនដល់២សប្តាហ៍ហើយ។មើលពីក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសចិននិងអាមេរិកបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធនិងបន្តធ្វើកិច្ចពិគ្រោះពិភាក្សានៅសប្តាហ៍ក្រោយ ប្រមុខរដ្ឋនៃប្រទេសទាំង២បានជួបសន្ទនាដោយឡែកពីគ្នាជាមួយតំណាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់គូភាគី រហូតដល់ភាគីអាមេរិកបានផ្សាយដំណឹងថា ប្រមុខរដ្ឋនៃប្រទេសទាំង២នឹងជួបសន្ទនាគ្នាម្តងទៀត ប្រការទាំងនេះបង្ហាញថា គួរតែមានសុទិដ្ឋិនិយមចំពោះប្រទេសចិននិងអាមេរិកដែលអាចឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះគ្នា​។

      ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ដោយសាររបបសង្គម ប្រវត្តិសាស្ត្រនិងវប្បធម៌ជាដើមមានភាពខុសគ្នា បានជារវាងចិននិងអាមេរិកមានការភ័នច្រឡំ  រហូតដល់ទៅធ្លាប់កើតមានវិបត្តិយ៉ាងធ្ងន់ធ្ងរពីរបីលើកទៀត។ នៅទីបំផុត ដោយពឹងផ្អែកលើតម្រិះប្រាជ្ញាខាងនយោបាយរបស់ថ្នាក់ដឹកនាំទ្វេភាគី ប្រទេសទាំងពីរមិនត្រឹមតែបានដោះស្រាយវិបត្តិទាំងនោះប៉ុណ្ណោះទេ ថែមទាំងបានបង្កើនការយល់ដឹងគ្នា និងជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក។ លើកនេះក៏មិនលើកលែងដែរ។ ឱ្យតែភាគីទាំងពីរបន្តមានទិសដៅដូចគ្នា  កាត់បន្ថយការខ្វែងគំនិតគ្នា នោះទំនាក់ទំនងរវាងចិននិងអាមេរិកនឹងបង្វែរពីវិបត្តិទៅជាកាលានុវត្តភាពជាថ្មីម្តងទៀត ព្រមនិងសម្រេចការឈ្នះ-ឈ្នះផងដែរ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស